Ronaldo ចង់ឱ្យព័រទុយហ្គាល់ដាក់ទណ្ឌកម្ម ប៉ុន្តែមិនទាន់ចូលនិវត្តន៍ពីជម្រើសជាតិ
07-10-2026 10:24
(បរទេស)៖ Cristiano Ronaldo បាននិយាយថា រូបលោកមិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិនៅឡើយទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលការពិន័យពីព័រទុយហ្គាល់ ដោយសារដើរចេញពីជម្រើសជាតិនាពេលថ្មីៗនេះ ក្រោយប៉ះពារសំដីគ្នាជាមួយគ្រូបង្វឹក លោក Jorge Jesus។
ក្នុងការរួមរស់ជាមួយជម្រើសជាតិបច្ចខែលព័រទុយហ្គាល់អស់ជាង ២០ឆ្នាំមកនេះ ខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំ Ronaldo ស៊ុតបាន ១៤៦គ្រាប់ ពីការចូលលេងបាន ២៣៤ប្រកួត គិតចាប់តាំងពីឆ្នាំ២០០៣ មក។
ប្រធានក្រុមព័រទុយហ្គាល់រូបនេះ បានចាកចេញពីជំរំហ្វឹកហាត់ព័រទុយហ្គាល់ ដើម្បីលេងពាន Nations League កាលសប្តាហ៍មុន ក្រោយពេលអ្នកចាត់ការទូទៅថ្មី Jesus មិនដាក់លោកចូលលេងក្នុងជំនួបទល់នឹងន័រវែស ដោយក្រោយមកបានដឹងថា មិនមានឈ្មោះលេងទល់នឹងដាណឺម៉ាកថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយរបស់ Ronaldo ដែលបានសរសេរមានដល់ទៅជិត ២,០០០ពាក្យផងនោះ ក៏បានរំលេចពីការអស់ជំនឿចិត្តដឹកនាំព័រទុយហ្គាល់ពីសំណាក់គ្រូបង្វឹក Jesus និងបដិសេធមិនចូលលេងវិញទេ ដរាបណានៅមានលោក Jesus ដឹកនាំ។
លោកថា «ខ្ញុំបានចេញមុខសុំទោសជាសាធារណៈរួចរាល់ហើយ ហើយក៏បានដឹងថា នឹងត្រូវទទួលទោសបែបណានោះដែរ។ ខ្ញុំជឿជាក់ថា ទោសកំហុសនេះនឹងមិនត្រូវបានលើកលែង និងអត់ឱនបានឡើយពីសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់»៕



