Anthropic ផ្តល់ជូនក្រុមហ៊ុន Startup នូវគម្រោង Claude Team ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ និងឥណទាន API ចំនួន ១,០០០ ដុល្លារ
07-10-2026 13:22
(បរទេស)៖ ក្រុមហ៊ុន Anthropic បានប្រកាសពង្រីកកម្មវិធី «Claude for Startups» របស់ខ្លួន ដោយផ្តល់ជូននូវការប្រើប្រាស់គំរូបញ្ញាសិប្បនិម្មិត (AI) និងអត្ថប្រយោជន៍ជាច្រើនទៀត ដោយឥតគិតថ្លៃដល់ក្រុមហ៊ុន startup ណាដែលបំពេញលក្ខខណ្ឌតម្រូវ។ កំណែថ្មីនៃកម្មវិធីនេះ ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងព្រឹត្តិការណ៍ SF Tech Week របស់ Anthropic។
ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗរូមមាន៖
១៖ គម្រោង Claude Team ដោយឥតគិតថ្លៃ ១ ឆ្នាំ គម្រោងបង់ប្រាក់សម្រាប់ក្រុមការងារដែលមានគណនីបុព្វលាភរហូតដល់ ៥ កន្លែង (seats)។
២៖ ឥណទាន API ១,០០០ ដុល្លារ សម្រាប់យកទៅបង្កើត និងអភិវឌ្ឍកម្មវិធីដោយប្រើប្រាស់ Claude។
៣៖ ការចូលរួមក្នុង Claude Marketplace អនុញ្ញាតឱ្យក្រុមហ៊ុននានាបង្កើតកម្មវិធីជំនួយ (plug-ins) សម្រាប់សេវាកម្ម។
៤៖ ពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញ អាចកក់ម៉ោងប្រឹក្សាយោបល់ផ្ទាល់ (virtual office hours) ជាមួយក្រុមការងារ Applied AI របស់ Anthropic។
ក្រុមហ៊ុន Anthropic បានលើកឡើងនៅក្នុងសេចក្តីប្រកាសថា «យើងបានបង្កើតកម្មវិធីនេះឡើង ព្រោះយើងជឿជាក់ថា អត្ថប្រយោជន៍នៃ AI នឹងទៅដល់មនុស្សភាគច្រើនតាមរយៈក្រុមហ៊ុនដែលកសាងឡើងនៅលើគំរូទាំងនេះ ជាជាងគ្រាន់តែតាមរយៈគំរូទាំងនោះផ្ទាល់។ នេះធ្វើឱ្យការចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយស្ថាបនិក និងអ្នកអភិវឌ្ឍន៍ ក្លាយជាស្នូលនៃបេសកកម្មរបស់យើង»។
គួរជម្រាបថា ក្រុមហ៊ុននានាមានសិទ្ធិចូលរួម ប្រសិនបើ ត្រូវបានបង្កើតឡើងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ឬ ទទួលបានមូលនិធិ (funding) ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ៕












