* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់

កីឡាជាតិ ឆ្នាំ២០២៦ គឺជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ៣ នាពេលខាងមុខ

07-10-2026 13:47

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នឹងក្លាយជាការត្រៀមលក្ខណៈសម្បត្តិមួយរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអន្ដរជាតិធំៗចំនួន៣ នាពេលខាងមុខ។

នេះបើតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នៅថ្ងៃទី០៧ ខែតុលានេះ មុនព្រឹត្តិការណ៍កីឡាដ៏ធំជាងគេ ២ឆ្នាំម្ដងនេះ ប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកបន្ដថា កីឡាជាតិ មិនត្រឹមជាព្រឹត្តិការណ៍កីឡាកំពូលថ្នាក់ជាតិ សម្រាប់កីឡាករ-កីឡាការិនីចូលរួមប្រកួត និងបង្ហាញ​សមត្ថភាពនោះទេ តែក៏ជាការត្រៀមលក្ខណៈចូលរួម និងរៀបចំការប្រកួតអន្ដរជាតិនានាផងដែរ។ តួយ៉ាងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ គឺជាផ្នែកមួយនៃការរៀបចំដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិចំនួន៣ រួមមានការប្រកួតកីឡានិស្សិតសកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨, កីឡាប៉ារ៉ាឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។

ទាំងអស់នេះ គឺបានបង្ហាញពីសក្ដានុពល និងភាពរីកចម្រើនឥតឈប់ឈររបស់វិស័យកីឡាជាតិ ក្រោមការយកចិត្តទុក​ដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងកិច្ចសហការដ៏ល្អ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិ ដែលបានរួមគ្នាធ្វើឲ្យអន្ដរជាតិកាន់តែមានទំនុកចិត្ត និងជឿជាក់លើការរៀបចំរបស់កម្ពុជា ជាមួយសមត្ថភាពរៀបចំព្រឹត្តិ​ការណ៍កាន់តែធំឡើងៗពីកម្រិតតំបន់ ទៅរកកម្រិតទ្វីប ព្រមទាំងសុបិនឆ្ពោះទៅរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក នាថ្ងៃអនាគតផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។

យោងតាមរបាយការណ៍លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» ដោយមានអត្តពលិកចុះឈ្មោះចូលរួមចំនួន ៤,៧៧៣នាក់។

ចំពោះការប្រកួតនឹងត្រូវរៀបចំនៅតាមទីលានរាជធានី-ខេត្តចំនួន៤ រួមមានរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកែប និងខេត្តកំពង់ឆ្នាំង ក្នុងនោះមានកីឡា ៣២ប្រភេទសម្រាប់ការប្រកួតកីឡាជាតិ និង ៧ប្រភេទកីឡាសម្រាប់កីឡាជាតិជនពិការ៕