ភាពយន្តខ្នាតធំរឿង «សូម៉ា» រសជាតិភាពយន្តបែប «Sci-Fi, Drama» និង «Action» មិនធ្លាប់មាននៅកម្ពុជា បើកសម្ពោធបញ្ចាំងជាផ្លូវការ
07-10-2026 13:57
(ភ្នំពេញ)៖ ផលិតកម្ម Wonder Film Entertainment បានបោះទុនយ៉ាងច្រើនសន្ធឹក ដើម្បីផលិតខ្សែភាពយន្តខ្នាតធំ រឿង «សូម៉ា» (SOMA: Evolution Begin) ដែលជាបដិវត្តន៍ថ្មីឧស្សាហកម្មភាពយន្តកម្ពុជា ដោយបាននាំមកនូវរសជាតិភាពយន្តថ្មីសន្លាងប្រភេទបែប Sci-Fi, Drama និង Action មិនធ្លាប់មាននៅទីផ្សារភាពយន្តកម្ពុជាពីមុននោះឡើយ។
លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានបញ្ជាក់ឱ្យដឹងថា នេះជាជំហានថ្មីមួយទៀតរបស់ផលិតកម្ម Wonder Film ក្នុងការផលិតខ្សែភាពយន្តបែបថ្មី រសជាតិថ្មី ដើម្បីជ្រៀតចូលទីផ្សារភាពយន្តកម្ពុជា ដែលនេះជាផ្នែកមួយនៃទស្សនៈ និងចក្ខុវិស័យរបស់ផលិតកម្ម ដែលចង់ពង្រីកសក្កានុពលភាពយន្តខ្មែរ ឆ្ពោះទៅទីផ្សារអន្តរជាតិបន្តិចម្តងៗ តាមរយៈការបង្កើតរសជាតិភាពយន្តថ្មីៗ។
ចាងហ្វាងផលិតកម្ម Wonder Film Entertainment រូបនេះបន្តថា សាច់រឿង «សូម៉ា» SOMA: Evolution Begin ត្រូវបានតាក់តែងនិពន្ធឡើងតាំងពីឆ្នាំ២០១២ មកម៉្លេះ និងបានឆ្លងកាត់ការត្រួតពិនិត្យ និងការជួយជ្រោមជ្រែងយ៉ាងល្អិតល្អន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមភាពយន្តកម្ពុជា រហូតបង្កើតចេញជាសមិទ្ធផលស្នាដៃភាពយន្តខ្នាតធំថ្មី ប្រភេទ Sci-Fi, Drama និង Action នេះ។
លោក សែម វិសាល និយាយថា «មែនទែនទៅ វាជាភាពប្រថុយប្រថានសម្រាប់ផលិតកម្ម Wonder Film Entertainment ក្នុងការចាយទុនយ៉ាងច្រើនដើម្បីផលិតរឿង «សូម៉ា» SOMA: Evolution Begin នេះឡើង ក្នុងបំណងពង្រីកកិត្យានុភាពនៃភាពយន្តខ្មែរ។ ជាក់ស្តែង ការនាំយកសាច់រឿងប្រភេទនេះ ចូលមកចាក់បញ្ចាំងលើទីផ្សារកម្ពុជា រឹតតែជារឿងប្រថុយប្រថានខ្លាំង ព្រោះរឿងប្រភេទនេះថ្មីសម្រាប់ទស្សនិកជនក្នុងស្រុក តែវាប្រហែលពុំមែនជាភាពថ្មី សម្រាប់អ្នកនិយមតាមដានភាពយន្តហូលីវូដនោះឡើយ»។
យ៉ាងណាមិញ លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment ចង់ឱ្យពុកម៉ែបងប្អូនប្រជាជនកម្ពុជាមកទស្សនារឿង «សូម៉ា» SOMA: Evolution Begin ឱ្យបានច្រើនកុះករ ព្រោះនេះជាលើកដំបូង ដែលផលិតកម្មសម្រេចចិត្តផលិតរឿងបែប Sci-Fi, Drama និង Action ដែលមិនធ្លាប់មាននៅទីផ្សារកម្ពុជាពីមុនមកឡើយ។
ដោយសារនេះជាជំហានដំបូងបង្អស់ នៃការធ្វើបដិវត្តន៍ឧស្សាហកម្មភាពយន្តកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតប្រជែងទីផ្សារអន្តរជាតិ ចាងហ្វាងផលិតកម្មជឿជាក់ថា វាអាចនឹងមានចំណុចខ្វះខាតខ្លះៗ ដូចនេះលោកសូមឱ្យប្រិយមិត្តទស្សនិកជន ចូលរួមផ្តល់មតិក្នុងន័យស្ថាបនា ដើម្បីឱ្យផលិតកម្មមានឱកាសបានអភិវឌ្ឍសមត្ថភាពបន្ថែមទៀត សម្រាប់ភាពយន្តខ្មែរបន្តបន្ទាប់។
ទន្ទឹមនឹងការលើកឡើងខាងលើ តួអង្គសំខាន់ៗនៃរឿង «សូម៉ា» SOMA: Evolution Begin ក៏បានលើកឡើងពីភាពពិសេសរបស់រឿងនេះ និងប្រាប់ឱ្យទស្សនិកជនមកទស្សនារឿងនេះឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃទី០៨ ខែតុលា នេះតទៅ។ រឿង «សូម៉ា» SOMA: Evolution ចាប់ចាក់បញ្ចាំងគ្រប់រោងភាពយន្តទាំងអស់ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២៦ តទៅ៕
















