Utah ក្លាយជារដ្ឋដំបូងគេនៅអាមេរិក អនុញ្ញាតឱ្យបញ្ញាសិប្បនិម្មិត (AI) ចេញវេជ្ជបញ្ជាថ្នាំក្នុងកម្រិតកំណត់
07-10-2026 14:22
(បរទេស)៖ រដ្ឋ Utah បានប្រកាសពីការបោះជំហានយ៉ាងសំខាន់មួយ ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យកាន់តែស៊ីជម្រៅទៅក្នុងវិស័យវេជ្ជសាស្ត្រ ដោយក្លាយជារដ្ឋដំបូងគេបង្អស់នៅអាមេរិក ដែលអនុញ្ញាតឱ្យមានកម្មវិធីពិសោធន៍ ដោយ AI អាចដោះស្រាយការសម្រេចចិត្តចេញវេជ្ជបញ្ជាថ្នាំមួយចំនួន ដោយមិនចាំបាច់មានវេជ្ជបណ្ឌិតពិនិត្យរាល់សំណើនីមួយៗជាមុននោះឡើយ។
កម្មវិធីថ្មីនេះពាក់ព័ន្ធនឹងក្រុមហ៊ុន Nolla Health ដែលប្រព័ន្ធ AI របស់ខ្លួន មានសមត្ថភាពវិភាគរូបភាពផ្ទៃមុខ និងព័ត៌មានវេជ្ជសាស្ត្រពីមនុស្សពេញវ័យដែលមានបញ្ហាស្បែកមុខគ្រើម (acne) កម្រិតស្រាលទៅមធ្យម។ ប្រព័ន្ធនេះអាចផ្តល់អនុសាសន៍ និងទីបំផុត អាចចេញវេជ្ជបញ្ជាលើកដំបូងពីបញ្ជីកំណត់នៃថ្នាំព្យាបាលស្បែកមុខខាងក្រៅ (topical acne treatments)។
ទោះជាយ៉ាងណា ការអនុញ្ញាតនេះមានដែនកំណត់យ៉ាងតឹងរឹង ពោលថ្នាំដែលត្រូវហាមឃាត់ ដូចជាថ្នាំលេប (oral medications) ថ្នាំ isotretinoin និងសារធាតុគ្រប់គ្រង (controlled substances) មិនត្រូវបានអនុញ្ញាតឱ្យ AI សម្រេចចិត្តនោះទេ។ ករណីដែលមានភាពស្មុគស្មាញ ឬហានិភ័យខ្ពស់ ត្រូវតែបញ្ជូនទៅកាន់គ្រូពេទ្យជំនាញផ្ទាល់។
ការដាក់ឱ្យដំណើរការនេះ ត្រូវបានគេដឹងថា ធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងជាបណ្តើរៗ បានន័យថាក្នុងដំណាក់កាលដំបូង វេជ្ជបណ្ឌិតនឹងនៅតែធ្វើការត្រួតពិនិត្យលើវេជ្ជបញ្ជាដែលចេញដោយ AI ដដែល។ ការត្រួតពិនិត្យដោយមនុស្សផ្ទាល់ អាចនឹងត្រូវកាត់បន្ថយលុះត្រាតែប្រព័ន្ធ AI នេះបំពេញបានពេញលេញតាមស្តង់ដារសុវត្ថិភាពរបស់រដ្ឋ។
គួររំលឹកផងដែរថា រដ្ឋ Utah ធ្លាប់បានពិសោធន៍រួចមកហើយនូវការប្រើប្រាស់ AI សម្រាប់ការបន្តវេជ្ជបញ្ជាថ្នាំប្រចាំថ្ងៃ (prescription renewals) ដែលប្រព័ន្ធដទៃទៀតអាចដោះស្រាយការស្នើសុំបន្តថ្នាំជាប្រចាំសម្រាប់អ្នកជំងឺ ដែលត្រូវបានចេញវេជ្ជបញ្ជាដំបូងដោយគ្រូពេទ្យមានអាជ្ញាបណ្ណរួចហើយ។
តែយ៉ាងណា យន្តការនេះមានទាំងមតិស្រប និងផ្ទុយ។ ក្នុងនោះភាគីគាំទ្រ យល់ឃើញថា AI អាចជួយឱ្យសេវាថែទាំសុខភាពប្រចាំថ្ងៃមានល្បឿនលឿនជាងមុន ចំណាយតិចជាងមុន និងជួយកាត់បន្ថយបន្ទុកការងារដ៏ធ្ងន់ធ្ងររបស់វេជ្ជបណ្ឌិត។ ខណៈភាគីប្រឆាំង បានលើកឡើងថា ការចេញវេជ្ជបញ្ជាទាមទារឱ្យមានការពិចារណាលើប្រវត្តិវេជ្ជសាស្ត្រ ប្រតិកម្មរវាងថ្នាំ និងរោគសញ្ញាស្មុគស្មាញ ដែលក្បួនដោះស្រាយរបស់កុំព្យូទ័រ (algorithms) អាចនឹងយល់ច្រឡំ ឬមើលរំលង។
បច្ចុប្បន្ន អាជ្ញាធររដ្ឋ Utah កំពុងចាត់ទុកវិធានការនេះជា «ការពិសោធន៍ស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង» ប៉ុណ្ណោះ មិនមែនជាការផ្ដល់សិទ្ធិអំណាចគ្មានដែនកំណត់ដល់ AI ក្នុងការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងស្រុងនោះទេ៕












