* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់

Messi ស៊ុតបាន ១គ្រាប់ និងបញ្ជូន ២គ្រាប់ ជួយអាហ្សង់ទីនឈ្នះបេនីន ៣-០ នៅថ្ងៃលាជម្រើសជាតិ ក្រោយលេងបានជាង ២០ឆ្នាំ

07-10-2026 14:56

(បរទេស)៖ ប្រធានក្រុម Lionel Messi បានស៊ុតខ្លួនឯង ១គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមស៊ុត ២គ្រាប់ ក្នុងជ័យជម្នះ ៣ទល់នឹង០ របស់អាហ្សង់ទីនទៅលើក្រុមភ្ញៀវមកពីតំបន់អាហ្រ្វិក បេនីន នៅក្នុងថ្ងៃលាជម្រើសជាតិចុងក្រោយនាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។

Messi វ័យ ៣៩ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិពពកសអាហ្សង់ទីនកាលពីខែសីហា ឆ្នាំ២០២៦ ជាមួយនឹងការស៊ុតបាន ១២៦គ្រាប់សរុប ក្នុងចំណោម ២០៨ប្រកួត គិតចាប់តាំងពីឆ្នាំ២០០៥ មក។

Messi ដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Inter Miami CF សហរដ្ឋអាមេរិកបានថ្លែងលាយឡំដោយទឹកភ្នែកថា «ការលេងឱ្យអាហ្សង់ទីន ពោរពេញដោយក្តីសោមនស្ស និងមោទនភាពក្រៃលែង ប្រកបដោយសន្តិភាពបំផុត»។

នៅចាំបានថា Messi បានចូលលេងដំបូងក្នុងក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីនកាលឆ្នាំ២០០៥ ក្នុងនាមកីឡាករបម្រុងផងដែរ ដែលត្រូវបានប្តូរចូលនៅនាទី៦៣ លេងឈ្នះហុងគ្រី ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។

ក្នុងប្រកួតនោះដែររូបគេត្រូវបានពិន័យកាតក្រហមភ្លាមៗតែម្តង ដោយសារប្រើកែងដៃប៉ះចំខ្សែការពារ Vilmos Vanczak។ អតីតខ្សែប្រយុទ្ធក្លិប FC Barcelona និង Paris St-Germain រូបនេះនឹងបន្តអាជីពបាល់ទាត់ក្នុងក្លិបនៅក្របខណ្ឌ Major League Soccer ដែលកិច្ចសន្យាចាស់របស់ Messi នឹងផុតសុពលភាពដល់បំណាច់រដូវកាលឆ្នាំ២០២៨ ឯណោះ៕