* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់

DeepSeek ត្រៀមប្រមូលទុនជិត ១២ពាន់លានដុល្លារ ខណៈពង្រឹងផែនការចូលផ្សារហ៊ុនចិន

07-10-2026 16:12

(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន DeepSeek ត្រូវបានគេរំពឹងថានឹងប្រមូលមូលនិធិថ្មីបានជាង ៨០ពាន់លានយ័ន ឬប្រហែល ១១.៩៣ពាន់លានដុល្លារ ក្នុងជុំវិនិយោគចុងក្រោយ ខណៈក្រុមហ៊ុនកំពុងបង្កើនទុន និងរៀបចំសម្រាប់ការចូលផ្សារហ៊ុនជាលើកដំបូងនៅប្រទេសចិន។ ប្រភពពីរដែលដឹងពីបញ្ហានេះបាននិយាយថា ការប្រមូលមូលនិធិនេះអាចនឹងបញ្ចប់នៅក្នុងខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

DeepSeek បានចាប់ផ្តើមជុំប្រមូលទុននេះកាលពីខែកក្កដា ដោយកំណត់គោលដៅ តម្លៃក្រុមហ៊ុន ៥០០ពាន់លានយ័ន ឬប្រហែល ៧៤ពាន់លានដុល្លារ។ ទុនដែលវិនិយោគិនបានសន្យាចូលរួម បានលើសគោលដៅដើមរបស់ក្រុមហ៊ុនដែលមានចំនួន ៥០ពាន់លានយ័ន ដោយសារទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនចាស់ និងថ្មី។ Bloomberg បានរាយការណ៍ថា ទំហំមូលនិធិសរុបអាចឡើងដល់ ១០០ពាន់លានយ័ន ខណៈក្រុមហ៊ុនផលិតថ្ម CATL និងក្រុមហ៊ុនបច្ចេកវិទ្យា Tencent ស្ថិតក្នុងចំណោមអ្នកវិនិយោគដែលបានសន្យាចូលរួមទុនច្រើនជាងគេ។

ទន្ទឹមនឹងការបង្កើនទុន DeepSeek ក៏កំពុងពង្រីកសមត្ថភាព AI របស់ខ្លួន ដោយថ្មីៗនេះបានចាប់ដៃគូជាមួយ Huawei Technologies ដើម្បីអភិវឌ្ឍឧបករណ៍សរសេរកូដដែលត្រូវបានធ្វើឱ្យប្រសើរសម្រាប់ឈីប AI Ascend របស់ Huawei។ កាលពីខែមុន ក្រុមហ៊ុនបានបញ្ចេញម៉ូដែល DeepSeek-V4.1-Flash ដែលខ្លួននិយាយថា មានសមត្ថភាពកាន់តែខ្ពស់ ដំណើរការឆ្លើយតបលឿន និងអាចពង្រីកទៅកាន់ម៉ូដែលដែលមានទំហំធំជាងមុន។

គួរជម្រាបថា Reuters បានរាយការណ៍កាលពីខែមុនថា DeepSeek បានជួល CITIC Securities ដើម្បីរៀបចំសម្រាប់ការចូលផ្សារហ៊ុនជាលើកដំបូងដែលអាចធ្វើឡើងនៅ STAR Market របស់ចិន។ ទោះជាយ៉ាងណា ពេលវេលាចូលផ្សារហ៊ុន តម្លៃក្រុមហ៊ុន និងទំហំមូលនិធិចុងក្រោយ នៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ៕