សហព័ន្ធបាល់ទះ ត្រៀមប្រឈមការឈឺចាប់ ២ ទៅ ៣ឆ្នាំ ដើម្បីសម្រេចគោលដៅកាន់តែធំ
08-10-2026 09:27
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការប្រឈមនឹងដំណាក់កាលអន្តរកាលដ៏លំបាករយៈពេល ២ ទៅ ៣ឆ្នាំ ក្នុងការរុះរើសមាសភាពកីឡាករចាស់ៗ និងផ្ដល់ឱកាសដល់កីឡាករយុវជនបន្តវេន ដែលជាយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការបង្កើនគុណផលកីឡាកម្រិតខ្ពស់ដល់ក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅកាន់តែធំនាថ្ងៃអនាគត។
នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតពានរង្វាន់បាល់ទះយុវជនអាយុក្រោម ២០ឆ្នាំទូទាំងប្រទេស (U20 Wurkz Special Volleyball Cup) ឆ្នាំ២០២៦ នៅថ្ងៃទី០៧ ខែតុលានេះ ដែលជាព្រឹត្តិការណ៍យុទ្ធសាស្ដ្រមួយ ក្នុងការផ្ដល់ឱកាស និងស្វែងរកធនធានយុវជនបន្ដវេន។
ផ្ដើមពីការប្រកួតលក្ខណៈ ៤ ទល់ ៤ មកការប្រកួតលក្ខណៈស្ដង់ដារ ៦ ទល់ ៦ ដោយផ្ដោតសំខាន់លើយុវជនអាយុក្រោម ២០ឆ្នាំ នេះគឺជាគោលដៅរបស់សហព័ន្ធ ដែលចង់ផ្ដល់ឱកាសឲ្យយុវជនតាមបណ្ដាខេត្តនានា បានចូលរួមប្រកួត និងបង្ហាញសមត្ថភាព ហើយក៏ជាវេទិការក្នុងការស្វែងរកធនធានយុវជនមានសក្ដានុពលសម្រាប់បន្ដវេនផងដែរ ស្របពេលសហព័ន្ធមានគម្រោងធ្វើការរុះរើក្រុមជម្រើសជាតិ ដោយប្រើប្រាស់យុវជនច្រើនជាងកីឡាករឈុតធំ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា «ខ្ញុំគិតថា ប្រហែលជាស៊ីហ្គេមខាងមុខនេះ (ឆ្នាំ២០២៧) យើងនឹងប្រើប្រាស់យុវជនច្រើនជាងឈុតធំ ហើយខ្ញុំគិតថា ទោះលទ្ធផលបែបណាក៏ដោយ បើសិនជាវាឈឺចាប់ក៏យើងសុខចិត្តទទួលយក តែយើងចាំបាច់ត្រូវតែសម្រួច និងពង្រឹងអត្តពលិកបន្ដវេនរបស់យើងឲ្យគាត់មានឱកាសក្នុងការប្រកួតប្រជែងបង្ហាញស្នាដៃជូនជាតិ»។
ពាក់ព័ន្ធនឹងកីឡាករចាស់ៗដែលទទួលបានការបំប៉នបីបាច់ថែរក្សាជាង ១០ឆ្នាំ និងបានប្រើប្រាស់រយៈពេល ៣ ទៅ ៤ឆ្នាំចុងក្រោយនេះ លោកគិតថា បានដល់កម្រិតកំណត់នៃសមត្ថភាពពួកគេ ហើយក៏មិនអាចជំរុញឲ្យមានការហ្វឹកហាត់ខ្លាំងជាងហ្នឹងទៀតដែរ ដ្បិតកីឡាករមួយចំនួន មានរបួស បើជំរុញការហ្វឹកហាត់ខ្លាំងពេក អាចធ្វើឲ្យរបួសរើឡើង លេងមិនបានល្អដដែល ដែលធ្វើឲ្យក្ដីស្រម៉ៃដណ្ដើមមេដាយមាសស៊ីហ្គេមកាន់តែឃ្លៀតឆ្ងាយ។ ដូច្នេះដើម្បីទាញឱកាសនេះឲ្យខិតជិតមកវិញ ចាំបាច់ត្រូវតែបណ្ដុះធនធានបន្ដវេន និងសម្រួចពួកគេរយៈពេល ២ ឬ ៣ឆ្នាំ។
មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំរំពឹងថា ឆ្នាំ២០២៩ វិស័យបាល់ទះរបស់យើង នឹងអាចលេចធ្លោរលើសពីអត្តពលិកដែលរាមច្បងស្រករមុនទៀត។ ដូចឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ តែងលើកហើយលើកទៀតថា គួរគប្បីផ្ដល់ឱកាស ក៏ដូចជាបង្កើនឱកាសឲ្យយុវជនបន្ដវេន ហើយដើម្បីសម្រួចទៅដល់ឆ្នាំខាងមុខៗឲ្យទទួលបានលទ្ធផលគាប់ប្រសើរនោះ យើងចាំបាច់ត្រូវតែឈឺចាប់បន្ដិចហើយ»។
«ឈឺចាប់បន្ដិចមានន័យថាម៉េច? មានន័យថា ឈឺចាប់ទី១ គឺយើងជម្រុះកីឡាករចាស់ៗចេញ ទោះបីគាត់មានស្នាដៃ ហើយគុណផលរបស់គាត់មានប៉ុនណឹងក៏ដោយ។ ឈឺចាប់ទី២ គឺយើងត្រៀមរួចជាស្រេច លទ្ធផលបែបណាក៏ដោយ គឺយើងទទួលយក។ ចឹងបើសិនជាយើងទទួលយកការឈឺចាប់រយៈពេល ២-៣ឆ្នាំ ខ្ញុំជឿជាក់វិស័យកីឡាបាល់ទះរបស់យើងងើបកាន់តែខ្លាំង ជាងអ្វីដែលយើងចញ្ចឹម(កីឡាករចាស់ៗ)ជាង ១០ឆ្នាំនេះទៀត»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។
ក្រឡេកមកចាប់អារម្មណ៍ពានរង្វាន់បាល់ទះយុវជនអាយុក្រោម ២០ឆ្នាំខាងលើវិញ គឺមានបេក្ខភាព ១៣ក្រុម ដែលត្រូវប្រកួតជុំផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី១៨-២៥ ខែតុលាខាងមុខ ក្នុងនោះមាន ១០ក្រុម ជាក្រុមជើងឯក និងជើងឯករង ឆ្លងកាត់ការប្រកួតជម្រុះតាមមណ្ឌលចំនួន ៥ គឺមានមណ្ឌលខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តកោះកុង ដែលមានក្រុមចូលរួមសរុប ៤៨ក្រុម។ រីឯ ៣ក្រុមទៀត គឺជាសមាជិកព្រឹត្តិការណ៍តេជោលីគ រួមមានក្រុមវិសាខា, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស, ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនបានចូលរួមឡើយ ដោយសារខ្វះខាតធនធានកីឡាករយុវជន។
សម្រាប់លទ្ធផលចាប់ឆ្នោត ក្នុងចំណោម ១៣ក្រុមខាងលើ គឺបែងចែកជា ៤ពូល។ ពូលA មានក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង (A), ក្លិបបាល់ទះខេត្តតាកែវ, កងពលធំអន្ដរាគមន៍លេខ៣ និងក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្ដា។ ពូល B មានស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពូល C មានក្រុមវិសាខា, ក្រុម ឬទ្ថីសែន ខេត្តកំពង់ឆ្នាំង និងក្រុម ហង្សជ័យមានរិទ្ធ និងពូល D មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តកោះកុង (B) និងក្រុមសីហាសាមគ្គី៕













