* Samsung ប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាពិភពលោកជាង ៨០ពាន់លានដុល្លារ ដោយសារការហក់ឡើងនៃតម្រូវការ AI

BYD បញ្ចេញរថយន្តអគ្គិសនីខ្នាតតូច Racco សាកល្បងវាយលុកទីផ្សាររថយន្តដ៏លំបាករបស់ជប៉ុន

08-10-2026 09:31

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តចិន BYD កំពុងព្យាយាមពង្រីកវត្តមានក្នុងទីផ្សាររថយន្តជប៉ុន តាមរយៈរថយន្តអគ្គិសនីខ្នាតតូច «Racco» ដែលរចនាឡើងជាពិសេសសម្រាប់ផ្លូវតូចចង្អៀតរបស់ជប៉ុន។ រថយន្តនេះស្ថិតក្នុងប្រភេទស្រដៀងនឹង «Kei» ដែលជារថយន្តខ្នាតតូចពេញនិយមនៅជប៉ុន ហើយទទួលបានការកុម្ម៉ង់ជាង ១,០០០គ្រឿងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់ Los Angeles Times នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។

អ្នកជំនាញមើលឃើញថា ការចូលទីផ្សារជប៉ុនរបស់ BYD មិនមែនផ្តោតតែលើការលក់ក្នុងរយៈពេលខ្លីទេ ប៉ុន្តែជាផ្នែកមួយនៃការកសាងម៉ាកយីហោរយៈពេលវែង។ លោក Yale Zhang ស្ថាបនិក AutoForesight បាននិយាយថា ការចូលទៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង «ជួយបង្កើនការទទួលស្គាល់ និងកេរ្តិ៍ឈ្មោះរបស់ម៉ាកនៅទូទាំងពិភពលោក»។ ចំណែកលោក Satoru Aoyama អ្នកវិភាគនៅ Fitch Ratings យល់ថា យុទ្ធសាស្ត្ររបស់ BYD គួរត្រូវបានមើលក្នុងទស្សនៈរយៈពេលវែងជាងការរំពឹងលើបរិមាណលក់ភ្លាមៗ។

ទីផ្សាររថយន្ត Kei មានទំហំធំ ដោយជប៉ុនលក់រថយន្ត និងរថយន្តដឹកទំនិញប្រភេទនេះជាង ១.៦លានគ្រឿងកាលពីឆ្នាំមុន ស្មើជាងមួយភាគបីនៃការលក់រថយន្តថ្មីទាំងអស់។ Racco មានតម្លៃប្រហែល ២លានយ៉េន បន្ទាប់ពីបញ្ចុះប្រាក់ឧបត្ថម្ភរដ្ឋប្រមាណ ១៥ម៉ឺនយ៉េន។ ទោះជាយ៉ាងណា BYD កំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនជប៉ុន និងភាពខុសគ្នានៃគោលនយោបាយឧបត្ថម្ភរថយន្តអគ្គិសនី ដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន។

គួរជម្រាបថា BYD បានពង្រីកបណ្តាញលក់នៅជប៉ុនដល់ ៧៧ទីតាំង ប៉ុន្តែចាប់តាំងពីចូលទីផ្សារនេះក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនលក់រថយន្តដឹកអ្នកដំណើរបានប្រមាណ ៧,៤០០គ្រឿងប៉ុណ្ណោះ។ ប្រធាន BYD ប្រចាំជប៉ុន លោក Liu Xueliang មានគោលដៅឱ្យ Racco ទទួលបានការកុម្ម៉ង់ប្រហែល ១០,០០០គ្រឿង ហើយបាននិយាយថា «មិនមានផ្លូវកាត់ទេ» ដោយបន្ថែមថា «រថយន្ត ១០,០០០គ្រឿងនេះ មិនត្រឹមតែសំខាន់សម្រាប់ BYD ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់សម្រាប់ការធ្វើឱ្យរថយន្តអគ្គិសនីកាន់តែពេញនិយមនៅជប៉ុនផងដែរ»៕