* Samsung ប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាពិភពលោកជាង ៨០ពាន់លានដុល្លារ ដោយសារការហក់ឡើងនៃតម្រូវការ AI

Shopee Cup៖ គ្រូព្រះខ័នរាជថា ប៉ះក្រុម Johor យប់នេះ ជម្រើស ១១នាក់ដំបូង អាចខុសប្លែកគ្នាខ្លាំង តែរបៀបលេងមិនខុសពីឆ្នាំមុនប៉ុន្មានឡើយ

08-10-2026 09:58

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim របស់ម៉ាឡេស៊ី នាវេលាម៉ោង ៧យប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ ដែលជាជំនួបបើកឆាកពូល B ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៦/២៧។

នេះជាលើកទី២ ដែលក្រុមទាំងពីរបានជួបគ្នាក្នុងពានប្រចាំតំបន់នេះ ខណៈកាលពីឆ្នាំមុនស្មើគ្នា ២-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃរាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Matthew McConkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួតជាមួយក្រុមមានគុណភាពខ្ពស់។ ទោះបីត្រូវប្រឈមនឹងការប្រកួតដ៏លំបាក តែលោកនៅតែជឿជាក់លើកូនក្រុមនឹងអាចធ្វើបាន ដ្បិតឆ្នាំមុនស្វាយរៀង ក៏ស្ទើរតែទទួលបានជ័យជម្នះលើក្រុមខ្លាំងម៉ាឡេស៊ីនេះម្ដងរួចមកហើយ។ តែយ៉ាងណាការជួបគ្នាលើកនេះ អាចនឹងមានការផ្លាស់ប្ដូរជម្រើស ១១នាក់ដំបូងច្រើន តែលោករំពឹងរបៀបលេងក្រុមទាំងពីរ នឹងមិនមានខុសប្លែកពីឆ្នាំមុនឡើយ។

គ្រូបង្វឹកជនជាតិអៀរឡង់ដដែលបន្ដថា «ឆ្នាំមុន យើងស្ទើរតែដណ្ដើមបានជ័យជម្នះទៅហើយ។ ជាការពិតណាស់ នោះមិនមែនជាក្រុមដែលខ្លាំងបំផុតរបស់ពួកគេនោះទេ ដោយសារពួកគេកំពុងស្ថិតក្នុងកាលវិភាគប្រកួតដ៏មមា​ញឹក។ ម្យ៉ាងទៀត យើងបានធ្វើការផ្លាស់ប្ដូរជាច្រើន ហើយពួកគេក៏បានធ្វើការផ្លាស់ប្ដូរច្រើនដូចគ្នា។ ដូច្នេះខ្ញុំគិតថា កីឡាករជម្រើស ១១នាក់ដំបូងរបស់ក្រុមទាំងពីរ ដែលនឹងចូលលេងលើកនេះ នឹងមានភាពខុសប្លែកគ្នាខ្លាំង តែចំពោះរបៀបលេងវិញ គឺមិនខុសគ្នាខ្លាំងពីឆ្នាំមុនប៉ុន្មានទេ ប្រហែលជាមានការកែសម្រួលបន្ដិចបន្ទួច»។

ប៉ុន្ដែអ្វីដែលជាក្ដីសង្ឃឹមសម្រាប់ប្រិយមិត្តបាល់ទាត់កម្ពុជា ពិសេសអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង គឺការបង្ហើបពីតម្រុយវិជ្ជមានរបស់លោក McConkey ថា លោកបានដឹងមុនខ្លះៗថា ក្រុមរំពឹងអ្វីខ្លះពីការប្រកួតនេះ។ លោកថា «ចំណុចថាតើពួកគេប្រើខ្សែប្រយុទ្ធម្នាក់ ឬ ២នាក់ ប៉ុន្ដែគោលការណ៍ និងទម្រង់នៃការលេងជាច្រើន នៅតែមានលក្ខណៈដូចដើម។ ពិតណាស់ វាមិនមែនជាការប្រកួតដែលងាយស្រួលនោះទេ ប៉ុន្ដែខ្ញុំគិតថា វាជាការប្រកួតមួយដែលយើងដឹងជាមុនខ្លះៗហើយថា ត្រូវរំពឹងអ្វីខ្លះ»។

គួរដឹងថា ក្នុងយុទ្ធនាការប្រកួតប្រជែងពានរង្វាន់ ASEAN Club Championship Shopee Cup 2026/27 នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល B ជាមួយក្លិប Johor Darul Ta’zim ព្រមទាំងគូប្រជែង ៥ក្រុមផ្សេងទៀត គឺមានក្លិប Lion City Sailors របស់សិង្ហបុរី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Shan United របស់មីយ៉ាន់ម៉ា និងក្លិប Port ដែលត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែមសា ឆ្នាំ២០២៧ ដើម្បីស្វែងរកបេក្ខភាព ៤ក្រុមខាងលើឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយបេក្ខភាព ៤ក្រុមផ្សេងទៀត ដែលឡើងមកពីពូល A៕