Samsung ប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាពិភពលោកជាង ៨០ពាន់លានដុល្លារ ដោយសារការហក់ឡើងនៃតម្រូវការ AI
08-10-2026 10:16
(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics បានព្យាករណ៍កាលពីថ្មីៗនេះថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងកើនឡើងហួស ១០០ទ្រីលានវ៉ុន ដែលជាកំណត់ត្រាដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោកសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ការកើនឡើងស្ទើរតែ ៩ដងនៃប្រាក់ចំណេញក្នុងត្រីមាសទី៣ នេះ គឺកើតចេញពីការហក់ឡើងយ៉ាងខ្លាំងនៃតម្រូវការបន្ទះឈីបអង្គចងចាំ (Memory Chips) សម្រាប់គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំបំផុតក្នុងពិភពលោកមួយនេះ បានប៉ាន់ប្រមាណប្រាក់ចំណេញពីប្រតិបត្តិការចំនួន ១០៧,៤ទ្រីលានវ៉ុន (ប្រមាណ ៨០,១៧ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលពីខែកក្កដា ដល់ខែកញ្ញា ដែលតួលេខនេះខ្ពស់ជាងការរំពឹងទុករបស់ស្ថាប័ន LSEG SmartEstimate បន្តិច។ ការព្យាករណ៍នេះបញ្ជាក់ពីការបំបែកកំណត់ត្រាប្រាក់ចំណេញបួនត្រីមាសជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីវិបត្តិខ្វះខាតបន្ទះឈីបជាសកល ខណៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI កើនឡើងលឿនជាងសមត្ថភាពផ្គត់ផ្គង់ រហូតរុញឱ្យតម្លៃបន្ទះឈីបស្ទុះឡើងយ៉ាងគំហុក។ ក្រុមហ៊ុន Samsung និង Micron រំពឹងថា ការអតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់នេះនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៨ ទោះបីជាមានការប្រកួតប្រជែងពីចិន និងហានិភ័យនៃការថមថយការចំណាយលើ AI នាពេលអនាគតក៏ដោយ។
ទោះជាយ៉ាងណា តម្លៃភាគហ៊ុនរបស់ Samsung មិនមានការប្រែប្រួលខ្លាំងនោះទេ ដោយបានធ្លាក់ចុះ ០,២% នៅក្នុងការជួញដូរព្រឹកព្រលឹម ខណៈដែលសន្ទស្សន៍ KOSPI ថយចុះ ០,៥%។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ២៥% ចាប់តាំងពីស្ទុះឡើងដល់កម្រិតកំពូលកាលពីខែមិថុនា ដោយសារអ្នកវិនិយោគមានការព្រួយបារម្ភអំពីនិរន្តរភាពនៃការហក់ឡើងនៃទីផ្សារ AI។ ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគក៏បានកាត់បន្ថយការព្យាករណ៍ដោយសារតែការឡើងថ្លៃនៃប្រាក់វ៉ុនកូរ៉េខាងត្បូង ដែលធ្វើឱ្យតម្លៃនៃការលក់នៅបរទេសជាប្រាក់ដុល្លារថយចុះនៅពេលប្តូរជាប្រាក់ក្នុងស្រុក។ លោក Kim Seok-hwan អ្នកវិភាគទីផ្សារនៅ Mirae Asset Securities បានកត់សម្គាល់ថា ទីផ្សារកំពុងបង្វែរការយកចិត្តទុកដាក់ទៅលើថាតើការកើនឡើងប្រាក់ចំណេញយ៉ាងគំហុកដែលបានចាប់ផ្តើមពីឆ្នាំមុននេះ អាចរក្សាស្ថិរភាពបានយូរប៉ុណ្ណា។
ក្រុមអ្នកវិភាគរំពឹងថា ប្រាក់ចំណេញនៅត្រីមាសទីបួននឹងកើនឡើង ៨,២% ប្រៀបធៀបនឹងត្រីមាសមុន ដែលជាអត្រាកើនឡើងយឺតជាងត្រីមាសទីបី (កើនឡើង ២០%) ដោយសារការកើនឡើងនៃតម្លៃបន្ទះឈីបចាប់ផ្តើមថមថយ។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce ព្យាករណ៍ថា តម្លៃកិច្ចសន្យា DRAM ធម្មតានឹងកើនឡើងពី ១០% ទៅ ១៥% នៅក្នុងត្រីមាសទីបួន ដែលយឺតជាងការស្ទុះឡើងជិត ៦០% កាលពីត្រីមាសទីពីរ។ ការប្រែប្រួលនៃតម្លៃបន្ទះឈីបនេះកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការហក់ឡើងអស់រយៈពេលជាងមួយឆ្នាំបានរញឱ្យកម្រិតប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតធំៗដូចជា Samsung, SK Hynix និង Micron ឡើងដល់កម្រិតខ្ពស់បំផុត។
Samsung បានឱ្យដឹងថា ចំណូលសរុបប្រចាំត្រីមាសទីបីអាចនឹងកើនឡើង ១២៧% ដល់ ១៩៥ទ្រីលានវ៉ុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្រុមហ៊ុននឹងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុលម្អិតតាមផ្នែកអាជីវកម្មនីមួយៗនៅថ្ងៃទី២៩ ខែតុលា។ បន្ទះឈីបអង្គចងចាំត្រូវបានរំពឹងថានឹងជួយជំរុញប្រាក់ចំណេញភាគច្រើន ដោយសារតម្លៃកើនឡើងខ្ពស់ពីការខ្វះខាតការផ្គត់ផ្គង់ DRAM និង NAND ធម្មតា ព្រមទាំងតម្រូវការកើនឡើងនៃបន្ទះឈីបអង្គចងចាំល្បឿនលឿន (HBM) ដែលជាសមាសភាគដ៏សំខាន់សម្រាប់ដំណើរការទិន្នន័យ AI។ លោក Douglas Kim មកពីស្ថាប័ន Douglas Research Advisory បានប៉ាន់ប្រមាណថា ការដឹកជញ្ជូនបន្ទះឈីប HBM របស់ Samsung បានកើនឡើងជិត ៥០% នៅក្នុងត្រីមាសទីបី ខណៈក្រុមហ៊ុនកំពុងប្រឹងប្រែងបង្រួញគម្លាតប្រកួតប្រជែងជាមួយក្រុមហ៊ុន SK Hynix។ ទោះជាយ៉ាងណាក៏ដោយ ការហក់ឡើងនៃតម្លៃបន្ទះឈីបនេះ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ផ្នែកអាជីវកម្មផ្សេងទៀតរបស់ Samsung ជាពិសេសផ្នែកទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវប្រឈមមុខនឹងសម្ពាធនៃការកើនឡើងថ្លៃដើមគ្រឿងបន្លាស់៕







