រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពិនិត្យឡើងវិញច្បាប់កាតព្វកិច្ចយោធា ចំពោះអត្តពលិក ក្រោយជ័យជម្នះនៅ Asian Games
08-10-2026 10:56
(បរទេស)៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានចេញមកបញ្ជាក់ច្បាស់ៗថា នឹងសើរើឡើងវិញចំពោះច្បាប់កាតព្វកិច្ចយោធាទៅលើក្រុមអត្តពលិករបស់ខ្លួន បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិ ដណ្តើមបានមេដាយមាសនៅព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games 2026 ដែលរៀបចំនៅជប៉ុន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមអត្តពលិកកូរ៉េខាងត្បូង ដណ្តើមបានមេដាយមាស ៣៩គ្រឿង ប្រាក់ ៤៣គ្រឿង និងសំរឹទ្ធ ៦៨គ្រឿង នៅកម្មវិធី Asian Games នាឆ្នាំនេះ។
ជាពិសេស ក្រោយជ័យជម្នះមេដាយមាស សម្រាប់កីឡាបាល់ទាត់ផ្នែកបុរសរបស់ពួកគេ នៅវគ្គផ្តាច់ព្រ័ត្រទៅលើម្ចាស់ផ្ទះជប៉ុនផងនោះ មានកីឡាករ ៣នាក់បានអបអរជ័យជម្នះមេដាយមាស ក្នុងន័យរិះគន់ច្បាប់កាតព្វកិច្ចយោធា ដោយក្នុងនោះក៏មានប្រធានក្រុម Lee Gi-hyuk ទៀតផង។
ជាទូទៅ តាមច្បាប់កាតព្វកិច្ចយោធារបស់កូរ៉េខាងត្បុង បុរសត្រូវតែចូលបំពេញកាតព្វកិច្ចយោធា (ហ្វឹកហាត់ទាហាន) នៅចន្លោះចាប់ពី ១៨ទៅ២១ខែជាកំហិត មុនឈានចូលដល់វ័យ ២៨ឆ្នាំ។
ទោះជាយ៉ាងណា ក្រោយ Lee ចេញមុខសុំទោសជាសាធារណៈចំពោះកាយវិការរិះគន់ លោក Choi Hwi-young រដ្ឋមន្រ្តីវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូងបានលើកឡើងថា «នឹងពិនិត្យឡើងវិញ ចំពោះកាតព្វកិច្ចយោធានេះ ដែលបានដាក់ចេញមានរយៈពេលជាង ៥០ឆ្នាំមកនេះ»។
កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូង តែងតែមានការបន្ថូរបន្ថយដល់អត្តពលិកជយលាភីនៅ Asian Games ក៏ដូចជា Olympics ដ្បិតមានអត្តពលិកប្រមាណ ៤៤នាក់ នឹងទទួលបានអត្ថប្រយោជន៍នេះពីជ័យជម្នះនៅ Asian Games ឆ្នាំនេះ ដោយក្នុងនោះដែរមាន ៣៦នាក់មកពីបាល់ទាត់ និងបេស្បល (baseball)។ នេះបើយោងតាមការបញ្ជាក់របស់លោក Cho៕



