រន្ធត់! គ្រូពេទ្យវះកាត់ទាញយកកាំបិតរហូតដល់ ៤០ដើម ចេញពីក្រពះមន្ត្រីម្នាក់ ដោយសារតែជំងឺចិត្តសាស្ត្រចម្លែក
08-10-2026 11:46
(ញ៉ូវដេលី)៖ មន្ត្រីនគរបាលអាយុ ៤២ឆ្នាំម្នាក់នៅក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះជីវិតយ៉ាងទាន់ពេលវេលា តាមរយៈការវះកាត់ទាញយកកាំបិតចំនួន ៤០ដើម ចេញពីក្នុងក្រពះដោយជោគជ័យ បន្ទាប់ពីលោកបានលេបអាវុធមុខស្រួចទាំងនោះចូលទៅក្នុងខ្លួនជាបន្តបន្ទាប់អស់រយៈពេលប្រមាណ ២ខែ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុង ខែសីហា ឆ្នាំ២០១៦ នៅក្រុង Amritsar រដ្ឋ Punjab ប្រទេសឥណ្ឌា។
ដើមឡើយ អ្នកជំងឺរូបនេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង Amritsar ដោយសារមានអាការៈឈឺពោះយ៉ាងខ្លាំង និងអស់កម្លាំងល្វើយ។ ក្នុងការពិនិត្យដំបូង ក្រុមគ្រូពេទ្យបានសង្ស័យថា លោកអាចមានដុំសាច់ ឬជំងឺមហារីក ប៉ុន្តែនៅពេលធ្វើការឆ្លុះក្រពះ និងថតស្កេន ទើបពួកគេរកឃើញលោហៈរឹងជាច្រើននៅខាងក្នុង។
នៅក្នុងការសាកសួរ អ្នកជំងឺបានសារភាពថា ខ្លួនបានលេបកាំបិតចំនួន ២៨ដើម។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យវះកាត់បានប្រញាប់ប្រញាល់ធ្វើប្រតិបត្តិការវះកាត់សង្គ្រោះបន្ទាន់អស់រយៈពេលជិត ៥ម៉ោង។ បន្ទាប់ពីទាញយកកាំបិតគ្រប់ ២៨ដើមហើយ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យស្កេនលោហៈជាលើកចុងក្រោយ ដើម្បីប្រាកដថាគ្មានវត្ថុស្ទាក់សល់ ហើយក៏បានរកឃើញកាំបិតចំនួន ១២ដើមបន្ថែមទៀត សរុបទាំងអស់មានរហូតដល់ ៤០ដើម។
កាំបិតដែលត្រូវបានទាញយកមកនោះ មានខ្លះជាប្រភេទកាំបិតបត់ ខ្លះបើកមុខ ខ្លះមានស្ថានភាពចាប់ច្រែះ ឬបាក់ និងខ្លះទៀតមានប្រវែងរហូតដល់ជិត ១៨សង់ទីម៉ែត្រ។
ចំណុចដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺការអះអាងរបស់អ្នកជំងឺ ដោយលោកបានរៀបរាប់ថា លោកបានលេបកាំបិតដំបូងគេ ហើយបន្ទាប់មកក៏មានអារម្មណ៍ «ចូលចិត្តអារម្មណ៍ពេលលេប» រហូតក្លាយជាទម្លាប់។ លោកក៏បានលើកឡើងអំពី «អំណាចផ្លូវងងឹត/អរូបី» ដែលជំរុញឱ្យរូបលោកបន្តធ្វើសកម្មភាពនេះ។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា នេះជាអាការៈនៃវិបត្តិផ្លូវចិត្ត ហើយបានរៀបចំផែនការផ្តល់ការព្យាបាល និងគាំទ្រផ្នែកចិត្តសាស្ត្រដល់រូបលោកជាបន្ត៕






