SpaceX ចរចាខ្ចីបុលថវិកា ៤០ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីប AI ពីក្រុមហ៊ុន Nvidia
08-10-2026 13:41
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាស និងបច្ចេកវិទ្យាយក្ស SpaceX របស់មហាសេដ្ឋី Elon Musk កំពុងស្ថិតក្នុងកិច្ចចរចាកៀរគរដើមទុនក្នុងទម្រង់ជាបំណុល រហូតដល់ ៤០ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុន Nvidia ក្នុងការងាកទៅពង្រីកមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ខ្នាតធំ។
យោងតាមសារព័ត៌មាន Financial Times បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាន ៤០ពាន់លានដុល្លារនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយក្រុមហ៊ុនវិនិយោគ Apollo Global Management។ ផែនការនេះរួមមានកម្ចីពីធនាគារប្រមាណ ១០ពាន់លានដុល្លារ និងការបោះផ្សាយលក់ប័ណ្ណបំណុល (Bonds) ថ្នាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារ ដោយមានស្ថាប័នហិរញ្ញវត្ថុយក្សដូចជា Pimco កំពុងចរចាចូលរួមផ្តល់ឥណទានផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២៧។
ការបោះជំហានយ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពី SpaceX បានបញ្ចូលគ្នានូវអាជីវកម្ម AI របស់ខ្លួន (xAI) និងបានបន្តវិនិយោគរាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រល្បឿនលឿន។ លោក Elon Musk បានបញ្ជាក់ថា ក្រុមហ៊ុននឹងប្រើប្រាស់តែបច្ចេកវិទ្យាហាតវែររបស់ Nvidia ប៉ុណ្ណោះសម្រាប់ពង្រីកមជ្ឈមណ្ឌលទិន្នន័យ Colossus របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រកួតប្រជែងថាមពល AI ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្នុងពិភពលោក។
ទោះបីជា SpaceX មានសាច់ប្រាក់ និងមូលបត្រក្នុងដៃប្រមាណ ១០០ពាន់លានដុល្លារក៏ដោយ ការជ្រើសរើសវិធីសាស្ត្រខ្ចីបុលបន្ថែមនេះ គឺដើម្បីរក្សាភាគហ៊ុនរបស់ក្រុមហ៊ុនកុំឱ្យរំលាយ និងរក្សាសភាពរឹងមាំនៃតារាងតុល្យការសម្រាប់ការវិនិយោគវែងឆ្ងាយ។ បន្ទាប់ពីដំណឹងនេះត្រូវបានផ្សព្វផ្សាយ តម្លៃភាគហ៊ុនរបស់ SpaceX បានថយចុះបន្តិចបន្តួចប្រមាណ ១% ទៅ ២% នៅក្នុងការជួញដូរក្រៅម៉ោង ដោយសារអ្នកវិនិយោគតាមដានលើទំហំបំណុលដែលកើនឡើង ខណៈភាគហ៊ុនរបស់ Nvidia បានកើនឡើងបន្តិច៕





