* អាមេរិកចោទ Chatbot របស់ Character.AI ថាជំរុញអ្នកប្រើឱ្យធ្វើបាបខ្លួនឯង និងធ្វើអត្តឃាត
* ចំណេះដឹងទូទៅ៖ បុរសដំបូងគេបំផុតដែលបានធ្វើដំណើរទៅដល់លំហអាកាសជានរណា?
* Google ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Agentic AI លើ Gemini ដោយចាប់ផ្តើមពីវិស័យអាជីវកម្មមុនគេ
* App ដែលមានភាពឆ្លាតវៃដឹងពីចម្ងាយទីតាំងសាកអគ្គិសនីគឺ Fresh AI មានជិត៣៩០កន្លែង នៅទូទាំងប្រទេស !

Meta ហាមឃាត់ការផ្សាយពាណិជ្ជកម្មរបស់ TikTok នៅលើបណ្តាញសង្គមខ្លួនក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត

09-10-2026 10:13

(បរទេស)៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់កម្មសិទ្ធិ Facebook និង Instagram បានសម្រេចចិត្តហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្មពីសំណាក់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok នៅលើបណ្តាញសង្គមរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក និងប្រទេសចំនួនជាច្រើនទៀត។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ការសម្រេចចិត្តនេះ បានបង្ហាញពីការកើនឡើងនូវភាពតានតឹង និងការប្រកួតប្រជែងដ៏យូរអង្វែងរវាង Meta និង ByteDance ខណៈដែលកម្មវិធីចែករំលែកវីដេអូខ្លី TikTok បានក្លាយជាដៃគូប្រជែងដ៏ខ្លាំងក្លាបំផុតមួយរបស់ Meta ទាំងផ្នែកទាក់ទាញអ្នកប្រើប្រាស់ អ្នកបង្កើតមាតិកា និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុន Meta បានបញ្ជាក់ថា ការហាមឃាត់នេះមានសុពលភាពជាបន្ទាន់នៅក្នុងប្រទេសសហរដ្ឋអាមេរិក កាណាដា អេហ្ស៊ីប ឥណ្ឌូនេស៊ី ជប៉ុន ថៃ និងវៀតណាម ហើយវាក៏ពង្រីកវិសាលភាពដល់អ្នកផ្សាយពាណិជ្ជកម្មភាគីទីបី ដែលដំណើរការយុទ្ធនាការតភ្ជាប់ទៅកាន់ TikTok និងកម្មវិធីផ្សេងទៀតរបស់ ByteDance នៅក្នុងប្រទេសទាំងនោះផងដែរ។

តំណាងក្រុមហ៊ុន Meta បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «យើងមិនចាំបាច់ដំណើរការផ្សាយពាណិជ្ជកម្មពីដៃគូប្រកួតប្រជែង ដែលមានគោលបំណងទាញយកអ្នកប្រើប្រាស់ចេញពីកម្មវិធីរបស់យើងនោះទេ។ ការបដិសេធសេវាកម្មផ្សព្វផ្សាយដល់ដៃគូប្រកួតប្រជែង គឺជាការអនុវត្តអាជីវកម្មធម្មតានៅក្នុងវិស័យឧស្សាហកម្មនានា។ យើងនឹងបន្តប្រកួតប្រជែងលើគុណភាពផលិតផល និងបទពិសោធន៍របស់អ្នកប្រើប្រាស់។»

ទោះជាយ៉ាងណា ភាគី TikTok និង ByteDance មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញសេចក្តីសម្រេចរបស់ Meta នេះនៅឡើយទេ។ គេហទំព័ររបស់ TikTok បានបង្ហាញថា ខ្លួនមិនគាំទ្រតំណភ្ជាប់ (Links) ដែលបើក ឬនាំអ្នកប្រើប្រាស់ឱ្យចូលទៅកាន់កម្មវិធីបណ្តាញសង្គមផ្សេងទៀតនោះទេ ប៉ុន្តែអ្នកប្រើប្រាស់នៅតែអាចបន្ថែមតំណភ្ជាប់ទៅកាន់ប្រវត្តិរូបរបស់ពួកគេ ដែលនាំមនុស្សទៅកាន់គេហទំព័ររបស់បណ្តាញសង្គមទាំងនោះបានដដែល។

គួរជម្រាបថា បច្ចុប្បន្ន TikTok ដំណើរការនៅសហរដ្ឋអាមេរិក ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (Joint Venture) ដែលភាគច្រើនជាកម្មសិទ្ធិរបស់អាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ដែលមានគោលបំណងការពារទិន្នន័យអ្នកប្រើប្រាស់អាមេរិក និងជៀសវាងការហាមឃាត់កម្មវិធីនេះនៅក្នុងប្រទេសដែលមានអ្នកប្រើប្រាស់ជាង ២០០ លាននាក់៕