ការគាំទ្រដល់សហគមន៍កម្ពុជា! «Grab» បន្តផ្តល់កញ្ចប់ថវិកាឧបត្ថម្ភឥន្ធនៈបន្ថែម ៨៥,០០០ដុល្លារ ជូនដល់ដៃគូបើកបរ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងរក្សាតម្លៃធ្វើដំណើរឱ្យនៅទាប
09-10-2026 10:26

(ភ្នំពេញ)៖ ក្នុងនាមជាដៃគូដ៏ប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍ក្រុមហ៊ុន Grab នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានប្រកាសនៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលើក កម្ពស់ភាពធន់របស់សហគមន៍កម្ពុជារយៈពេលវែង ក្នុងកំឡុងពេលនៃការប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចសកល។ ការកើនឡើងនៃតានតឹងនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈ ហក់ឡើងខ្ពស់នៅគ្រប់ទីកន្លែង ដែលបានបង្កើតជាសម្ពាធហិរញ្ញវត្ថុ ដល់អ្នកធ្វើដំណើរប្រចាំថ្ងៃ អាជីវកម្មក្នុងស្រុក និងដៃគូបើកបរដែលពឹងផ្អែកលើឧស្ម័នឥន្ធនៈរាវ (LPG) និងប្រេងសាំងសម្រាប់មធ្យោបាយដឹកជញ្ជូនប្រចាំថ្ងៃ។
នៅប្រទេសកម្ពុជា ការប្រែប្រួលនៃទីផ្សារទាំងនេះ បានធ្វើឱ្យចំណាយប្រតិបត្តិការកើនឡើង ដោយបន្ថែមប្រមាណ ១០០រៀល ក្នុងមួយគីឡូម៉ែត្រសម្រាប់រថយន្ត និង ៥០រៀល ក្នុងមួយគីឡូម៉ែត្រសម្រាប់កង់បី (តុកតុក)។ ទោះបីជាការដំឡើងថ្លៃសេវាភ្លាមៗ អាចមើលទៅដូចជាដំណោះស្រាយដ៏ងាយស្រួលមួយក៏ដោយ ប៉ុន្តែ Grab យល់ឃើញថា ការទម្លាក់បន្ទុកចំណាយទាំងនេះទៅលើអ្នកដំណើរ នឹងធ្វើឱ្យតម្រូវការជិះធ្លាក់ចុះ។ ការថយចុះនៃការកក់ជិះចុងក្រោយ នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកបើកបរ និងបង្កើនចំណាយលើជីវភាពប្រចាំថ្ងៃរបស់ អ្នកប្រើប្រាស់ក្នុងស្រុក។ ដើម្បីរក្សាសមតុល្យសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាតម្លៃសមរម្យជូនសាធារណជន និងសុខុមាលភាពរបស់អ្នកបើកបរ ក្រុមហ៊ុន Grab បានទទួលខុសត្រូវដោយស្ម័គ្រចិត្តក្នុងការចាត់វិធានការជាមុន។
ក្រុមហ៊ុន Grab កំពុងដាក់ចេញនូវកញ្ចប់ជំនួយឥន្ធនៈ ចំគោលដៅចំនួន ៨៥,០០០ ដុល្លារអាមេរិក សម្រាប់រយៈពេល ២ខែខាងមុខ។ កញ្ចប់វិនិយោគនេះត្រូវបានបង្កើតឡើង ជាកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីការកើនឡើងនៃថ្លៃដើម និងដើម្បីទប់ស្កាត់ការដំឡើងថ្លៃសេវាភ្លាមៗ។
ការផ្តល់ជំនួយនេះនឹងបែងចែកជា ២ វគ្គ៖
វគ្គទី១៖ ការផ្តល់ប័ណ្ណឥន្ធនៈផ្អែកលើចំនួនជើងដំណើរ ក្នុងកំឡុងសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦។
វគ្គទី២៖ ការផ្តល់ប្រាក់លើកទឹកចិត្តជាសាច់ប្រាក់ផ្ទាល់ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៦។
គំនិតផ្តួចផ្តើមនេះផ្តល់នូវការសម្រាលបន្ទុកដ៏មានន័យ សម្រាប់អ្នកបើកបរ ព្រមទាំងរក្សាបាននូវតម្រូវការជិះរបស់អ្នកដំណើរ ការពារប្រាក់ចំណូល សរុបរបស់អ្នកបើកបរ និងជួយឱ្យប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនឌីជីថលក្នុងស្រុកមានស្ថិរភាព។ នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង ដៃគូបើកបររបស់យើងទទួលរងផលប៉ះពាល់ភ្លាមៗ។

«ការដំឡើងថ្លៃសេវា អាចធ្វើឱ្យការធ្វើដំណើរមានតម្លៃថ្លៃ និងកាត់បន្ថយតម្រូវការជិះ ដែលចុងក្រោយអាចធ្វើឱ្យប្រាក់ចំណូលប្រចាំថ្ងៃរបស់ អ្នកបើកបរធ្លាក់ចុះ។ ផ្ទុយទៅវិញ Grab បានសម្រេចចិត្តប្រើប្រាស់ថវិការបស់ខ្លួនផ្ទាល់ចំនួន ៨៥,០០០ ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភលើផ្នែកឥន្ធនៈ។ នេះជាវិធីសាស្ត្រជាក់ស្តែងមួយក្នុងការជួយដៃគូ បើកបរដ៏ខិតខំប្រឹងប្រែងរបស់យើង ក្នុងការគ្រប់គ្រងការចំណាយដែលកើនឡើង និងរក្សាការងារប្រចាំថ្ងៃរបស់ពួកគេឱ្យមានស្ថិរភាព ព្រមទាំងរក្សាតម្លៃ សេវាធ្វើដំណើរប្រកបដោយសមរម្យសម្រាប់ប្រជាជនកម្ពុជា»។ នេះបើយោងតាមលោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានបានថ្លែងបញ្ជាក់។
នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ក្រុមហ៊ុន Grab បានដាក់ចេញនូវវិធានការគាំទ្រចំគោលដៅជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងវិបត្តិថាមពលសកលមកលើដៃគូបើកបរ។ តាមរយៈកម្មវិធីលើកទឹកចិត្តជាក់លាក់ Grab បានចែកជូនប័ណ្ណទិញឧស្ម័ន LPG និងប័ណ្ណសាំង ដោយផ្អែកលើថវិការកាត់ បន្ថយផលប៉ះពាល់សរុបចំនួន ៧០,០០០ ដុល្លារអាមេរិក។ ការបូកបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមក្នុងត្រីមាសទី១ ជាមួយនឹងវិធានការសម្រាលបន្ទុកបន្ថែម ក្នុងត្រីមាសទី៤នេះ ធ្វើឱ្យកញ្ចប់ជំនួយសរុបរបស់ Grab ជូនដល់ដៃគូបើកបរក្នុងឆ្នាំ ២០២៦ នេះ កើនឡើងដល់ ១៥៥,០០០ ដុល្លារអាមេរិក។
សូមបញ្ជាក់ថា Grab គឺជាកម្មវិធីអែបឈានមុខគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រតិបត្តិការលើវិស័យដឹកជញ្ជូនម្ហូបអាហារ និងអីវ៉ាន់ ដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយផ្តល់សេវាកម្មក្នុងទីក្រុងជាង ៩០០ ក្នុងប្រទេសចំនួន ៨ នៅអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab ជួយសម្រួលដល់ប្រជាជនរាប់លាននាក់ជារៀងរាល់ថ្ងៃ ក្នុងការកុម្ម៉ង់ម្ហូបអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់អីវ៉ាន់ ហៅរថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញអនឡាញ ឬចូលប្រើយ៉ាងងាយស្រួលនូវសេវាកម្មហិរញ្ញវត្ថុ ដូចជាការកម្ចី និងការធានារ៉ាប់រងជាដើម តាមរយៈកម្មវិធីតែមួយ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយនឹងបេសកកម្មក្នុងការបើកបរតំបន់អាស៊ីអាគ្នេយ៍ឱ្យឆ្ពោះទៅមុខ ដោយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់អ្នក រាល់គ្នា។
Grab ខិតខំបម្រើផលប្រយោជន៍សង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើគោលដៅចម្បងបី។ យើងមានគោលបំណងផ្តល់ជូន នូវលទ្ធផលហិរញ្ញវត្ថុដល់ភាគហ៊ុនិករបស់យើង រួមទាំងការផ្តល់អំណាចសេដ្ឋកិច្ច ដល់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ ខណៈពេលដែលជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ៕


