ប្រតិភូកីឡាប៉ារ៉ាឡាំពិកម្ពុជា ទទួលបានការលើកទឹកចិត្ត មុនចូលរួមព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
09-10-2026 11:42
(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) លើកទី៥ នៅទីក្រុង Nagoya ប្រទេសជប៉ុន នាថ្ងៃទី១៨-២៤ ខែតុលាខាងមុខ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន។
យោងតាមរបាយការណ៍លោក យី វាសនា អគ្គលេខាធិការ NPCC បានឲ្យដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដឹកនាំប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ចូលរួមការប្រកួតខ្នាតអន្ដរជាតិសំខាន់ៗចំនួន ៣កម្រិត រួមមានកម្រិតអាស៊ាន អាស៊ី និងពិភពលោក។ សម្រាប់កម្រិតអាស៊ី កម្ពុជាបានចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម ចំនួន ៤លើក ចាប់តាំងពីឆ្នាំ២០១០ និងការប្រកួតយុវជនអាស៊ីប៉ារ៉ាហ្គេម (Asian Youth Para Games) ចំនួន ២លើក។ ជាលទ្ធផលនៃការចូលរួមប្រកួតលើឆាកអន្តរជាតិនានា ក្រុមអត្តពលិកជនពិការកម្ពុជា បានសម្រេចស្នាដៃដណ្តើមមេដាយជូនជាតិសរុបចំនួន ២៨១គ្រឿង (មាស ៤៦, ប្រាក់ ១១៣ និងសំរឹទ្ធ ១២២។
ទន្ទឹមជាមួយគ្នា លោកក៏បានគូសរំលេចនូវសារពីគណៈកម្មាធិការ និងប្រធានប៉ារ៉ាឡាំពិកអាស៊ី ដែលបានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តប្រកបដោយវិជ្ជមាន និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតជាគោលការណ៍ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ផងដែរ។
បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលនានា លោក សំហេង បុរស បានធ្វើការសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ NPCC ព្រមទាំងបានលើកទឹកចិត្ត និងជូនពរដល់ប្រតិភូកីឡា គ្រូបង្វឹក និងអត្តពលិកជនពិការសរុប ៣១អង្គ/នាក់ ក្នុងនោះកីឡាករ-កីឡាការិនី ១៧ នាក់ លើ ៥ប្រភេទកីឡា ដែលត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសជប៉ុន នាពេលខាងមុខនេះ ឲ្យទទួលបានជោគជ័យ និងបន្តស្មារតីតស៊ូ សាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជនពិការកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕












