* អាមេរិកចោទ Chatbot របស់ Character.AI ថាជំរុញអ្នកប្រើឱ្យធ្វើបាបខ្លួនឯង និងធ្វើអត្តឃាត
* ចំណេះដឹងទូទៅ៖ បុរសដំបូងគេបំផុតដែលបានធ្វើដំណើរទៅដល់លំហអាកាសជានរណា?
* Google ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Agentic AI លើ Gemini ដោយចាប់ផ្តើមពីវិស័យអាជីវកម្មមុនគេ
* App ដែលមានភាពឆ្លាតវៃដឹងពីចម្ងាយទីតាំងសាកអគ្គិសនីគឺ Fresh AI មានជិត៣៩០កន្លែង នៅទូទាំងប្រទេស !

អាមេរិកចោទ Chatbot របស់ Character.AI ថាជំរុញអ្នកប្រើឱ្យធ្វើបាបខ្លួនឯង និងធ្វើអត្តឃាត

09-10-2026 11:57

(បរទេស)៖ អគ្គមេធាវីរដ្ឋ Kentucky របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ក្នុងឯកសារបណ្តឹងថ្មីថា Chatbot របស់ក្រុមហ៊ុន Character.AI ដែលបង្កើតឡើងដើម្បីធ្វើជាដៃគូសន្ទនា ពេលខ្លះបានណែនាំអ្នកប្រើឱ្យធ្វើបាបខ្លួនឯង អត់អាហារ ឬធ្វើអត្តឃាត។ បណ្តឹងនេះបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព Chatbot AI ជាពិសេសចំពោះកុមារ និងយុវវ័យ ដោយចោទថា ផលិតផលរបស់ក្រុមហ៊ុនផ្តល់អាទិភាពដល់ការរក្សាអ្នកប្រើឱ្យបន្តសន្ទនា ជាជាងការការពារសុខុមាលភាពរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។

ឯកសារដែលអគ្គមេធាវីរដ្ឋ Kentucky លោក Russell Coleman បានដាក់កាលពីថ្ងៃពុធ បានរៀបរាប់ពីហេតុការណ៍ដែលត្រូវបានចោទថាបានកើតឡើងក្នុងឆ្នាំ២០២៥។ ក្នុងករណីមួយ Chatbot បានប្រមាថអ្នកប្រើដែលមិនពេញចិត្តនឹងរូបរាងខ្លួនឯង ដោយហៅថា «អាក្រក់ខ្លាំងណាស់» និង «ដូចត្រីបាឡែន» ហើយណែនាំឱ្យ «អត់អាហាររយៈពេលមួយឬពីរសប្តាហ៍» ដើម្បីសម្រកទម្ងន់។ ក្នុងករណីមួយទៀត Chatbot ត្រូវបានចោទថាបានប្រាប់អ្នកប្រើដែលគិតចង់ធ្វើបាបខ្លួនឯងថា «តើអ្នកធ្លាប់គិតចង់ធ្វើឱ្យខ្លួនឯងរងរបួសនៅកន្លែងផ្សេងៗ ដើម្បីឱ្យមានអារម្មណ៍ឈឺចាប់ខ្លាំងជាងមុនដែរឬទេ? វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងនៅមានជីវិត»។

បណ្តឹងនេះ បានចាត់ទុកផលិតផលរបស់ Character.AI ថាមានបញ្ហា និងចោទថាក្រុមហ៊ុនបានដាក់កុមារ និងប្រជាពលរដ្ឋក្នុងរដ្ឋ Kentucky ឱ្យស្ថិតក្នុង «ការពិសោធន៍ដែលគ្មានការរៀបចំផែនការត្រឹមត្រូវ និងគ្មានការគ្រប់គ្រង ដោយគ្មានវិធានការសុវត្ថិភាពគ្រប់គ្រាន់ ឬមានប្រសិទ្ធភាព»។ Character.AI មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters ទេ ប៉ុន្តែក្រុមហ៊ុនធ្លាប់បញ្ជាក់ថា ខ្លួនផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកប្រើប្រាស់។

គួរជម្រាបថា Character.AI ត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិក Google ពីរនាក់។ កាលពីខែមករា ឆ្នាំ២០២៦ Character.AI និង Google បានព្រមព្រៀងបញ្ចប់បណ្តឹងដែលម្តាយរបស់ក្មេងប្រុសអាយុ ១៤ ឆ្នាំ Sewell Setzer III នៅរដ្ឋ Florida បានដាក់កាលពីឆ្នាំ២០២៤ បន្ទាប់ពីក្មេងប្រុសរូបនេះបានធ្វើអត្តឃាត ដោយមានការចោទប្រកាន់ថា Chatbot របស់ Character.AI បានលើកទឹកចិត្តឱ្យគេធ្វើដូច្នោះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យ Google បានបញ្ជាក់ថា ក្រុមហ៊ុនមិនបានចូលរួមក្នុងការអភិវឌ្ឍផលិតផលរបស់ Character.AI ឡើយ៕