* អាមេរិកចោទ Chatbot របស់ Character.AI ថាជំរុញអ្នកប្រើឱ្យធ្វើបាបខ្លួនឯង និងធ្វើអត្តឃាត
* ចំណេះដឹងទូទៅ៖ បុរសដំបូងគេបំផុតដែលបានធ្វើដំណើរទៅដល់លំហអាកាសជានរណា?
* Google ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Agentic AI លើ Gemini ដោយចាប់ផ្តើមពីវិស័យអាជីវកម្មមុនគេ
* App ដែលមានភាពឆ្លាតវៃដឹងពីចម្ងាយទីតាំងសាកអគ្គិសនីគឺ Fresh AI មានជិត៣៩០កន្លែង នៅទូទាំងប្រទេស !

អត្តពលិកជាតិ-អន្ដរជាតិប្រមាណ ៧០០នាក់ ត្រៀមចូលរួមប្រកួតឃីកបុកស៊ីងជើងឯកអាស៊ី នៅកម្ពុជា ចុងឆ្នាំនេះ

09-10-2026 12:17

(ភ្នំពេញ)៖ អត្តពលិកជាតិ-អន្ដរជាតិប្រមាណ ៧០០នាក់ មកពីបណ្ដាប្រទេសនានាក្នុងទ្វីបអាស៊ី នឹងត្រូវមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១២-២១ ខែធ្នូខាងមុខ។

នេះបើតាមលោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធ ដើម្បីជ្រើសរើសសមាសភាពគណៈកម្មាធិការប្រតិបត្តិបន្ថែម សម្រាប់អាណត្តិទី២ ឆ្នាំ២០២៤-២០២៨ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយអង្គសន្និបាតបានបោះឆ្នោតគាំទ្រលោក ដួង មាសចំរើន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក អេ ភូថង ជាអនុប្រធានសហព័ន្ធ ព្រមទាំងសមាជិកម្នាក់ទៀត ដែលជាមេធាវី ដើម្បីពង្រឹងការងារផ្នែកច្បាប់។

ប្រធានសហព័ន្ធខាងលើបន្ដថា នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់សហព័ន្ធ ដែលត្រូវពួតដៃគ្នារៀបចំព្រឹត្តិការណ៍កីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឲ្យទទួលបានជោគជ័យ និងផ្ដល់នូវភាពកក់ក្ដៅដល់ប្រតិភូកីឡាទាំងអស់ ដែលនឹងមកចូលរួមការប្រកួតនៅកម្ពុជា។ ដោយទទួលបានសេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាល និងមានបណ្ដាប្រទេសជាច្រើនត្រៀមចូលរួម ទើបសហព័ន្ធសម្រេចបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីបង្កើនប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍ ក្នុងទិសដៅត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីនេះផង និងត្រៀមកីឡាស៊ីហ្គេម លើកទី៣៤ នាឆ្នាំក្រោយផង។

លោក ហេង សុខឃន បន្ដថា គិតមទល់ពេលនេះ មានអត្តពលិកប្រមាណ ២៤ប្រទេសហើយ ដែលបានចុះឈ្មោះរួចរាល់ ខណៈប្រទេសមួយចំនួនទៀត កំពុងដំណើរការនិតីវិធីចុះឈ្មោះ ។ ដូច្នេះទម្រាំដល់ថ្ងៃប្រកួតផ្លូវការ លោកសង្ឃឹមថា នឹងមានអត្តពលិកប្រមាណ ៧០០នាក់ចូលរួម ហើយក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធក៏កំពុងសម្រិតសម្រាំងកីឡាករឆ្នើមៗ តាមប្រភេទវិញ្ញាសានីមួយៗសរុបចំនួន ១៣៤នាក់ ដើម្បីត្រៀមចូលរួម និងប្រជែងមេដាយជូនជាតិមាតុភូមិផងដែរ ។ ការងារនេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់ពីលោក អេ ភូថង។

គួរដឹងថា នេះគឺជាលើកទី២ ហើយ ដែលកម្ពុជាទទួលបានការគាំទ្រពីសហព័ន្ធកីឡាឃីកបុកស៊ីងអន្ដរជាតិ និងទ្វីបអាស៊ី ពិសេសការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយមានអត្តពលិកមកពី ២៣ប្រទេសចូលរួម ដោយកម្ពុជាដណ្ដើមបានមេដាយសរុប ៤១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ២៨គ្រឿង។ សម្រាប់ការប្រកួតលើកនេះ សហព័ន្ធបានដាក់គោលដៅខ្ពស់ នឹងខិតខំដណ្ដើមមេដាយមាសឲ្យបានកាន់តែច្រើនថែមទៀត៕