ក្រុមខ្លាំង ១៣ ក្រុម ត្រៀមដណ្ដើមជើងឯក WURKZ Special Volleyball Cup U20 2026 ជាមួយប្រាក់រង្វាន់ ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក!
09-10-2026 12:20
(ភ្នំពេញ)៖ ក្រុមបាល់ទះយុវជនចំនួន ១៣ ក្រុម ដែលបានឆ្លងកាត់ការប្រកួតជម្រុះតាម ៥ មណ្ឌលទូទាំងប្រទេស ត្រៀមជួបគ្នានៅវគ្គជុំចុងក្រោយនៃព្រឹត្តិការណ៍ «WURKZ Special Volleyball Cup U20 2026» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដើម្បីប្រជែងយកពានជើងឯក និងប្រាក់រង្វាន់ធំ ៥០លានរៀលក្រោមការឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក។
ពិធីចាប់ឆ្នោតបែងចែកពូល និងសន្និសីទសារព័ត៌មាន ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងលោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខអស់រយៈពេល ៣ ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០២៤ មក ភេសជ្ជៈប៉ូវកម្លាំង វើក បានបន្តសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការគាំទ្រព្រឹត្តិការណ៍នេះ ដើម្បីផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងនៅតាមបណ្តាខេត្ត បានចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ ការរៀបចំប្រកួតជម្រុះតាម ៥ មណ្ឌល ក៏បានបើកឱកាសឱ្យយុវជនកាន់តែច្រើនបានចូលរួម និងត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកម្រិតខ្ពស់នាពេលអនាគត។
សម្រាប់ប្រាក់រង្វាន់ក្នុងវគ្គជុំចុងក្រោយនេះ ក្រុមជើងឯកនឹងទទួលបាន ៥០ លានរៀល ជើងឯករងទទួលបាន ២០ លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន ១២ លានរៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបាន ៨ លានរៀល។ ចំណែកកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជន នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ លានរៀល ផងដែរ។
ព្រឹត្តិការណ៍ «WURKZ Special Volleyball Cup U20 2026» នឹងឈានចូលវគ្គជុំចុងក្រោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមបងប្អូនអ្នកគាំទ្រកីឡាបាល់ទះទាំងអស់ ត្រៀមចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់កីឡាករវ័យក្មេងទាំង ១៣ ក្រុម ដែលនឹងប្រកួតប្រជែងដើម្បីដណ្ដើមតំណែងជើងឯកប្រចាំឆ្នាំ២០២៦។
វើក ជួយវិស័យបាល់ទះកម្ពុជាខ្លាំងជាងគេ!៕









