អគ្គនាយកក្រុមហ៊ុន «KFT» ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣០០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
09-10-2026 13:23
(បាត់ដំបង)៖ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ លោក សុខ គា អគ្គនាយកក្រុមហ៊ុន KFT Co., Ltd. បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣០០គ្រួសារ នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមវត្តមានលោក តេង ចាន់សិរៈ អភិបាលរងស្រុកគាស់ក្រឡ, លោក យីវ សំអាត មេឃុំព្រះផុស និងលោកវរសេនីយ៍ត្រី ជួប វុត្ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះផុស ក្រុមប្រឹក្សាឃុំ និងក្រុមការងារក្រុមហ៊ុន KFT Co., Ltd។
អំណោយដែលបានប្រគល់ជូន ដោយផ្ទាល់ដល់ប្រជាពលរដ្ឋសរុបរួមមាន ត្រីខមាតុភូមិកំប៉ុងធំ ១៨០០កំប៉ុង, ត្រីខមាតុភូមិកំប៉ុងតូច ៣០០០កំប៉ុង, ប៊ីចេងមាតុភូមិ ៣០០កញ្ចប់, ប្រេងឆា Healthy Life ៦០០ដប, មី ៩០០០ កញ្ចប់, អង្ករ ៣០០០គីឡូ ថែមទាំងថវិកា ១៧,០០០,០០០រៀល។
លោក សុខ គា បានមានប្រសាសន៍ថា «ក្រុមហ៊ុន KFT ចូលរួមរំលែកទុក្ខលំបាក ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលកំពុងកើតឡើងនៅតាមបណ្តារភូមិស្រុកនាពេលថ្មីៗនេះ។ អំណោយនេះ គឺជាទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់ក្រុមហ៊ុន ដោយសង្ឃឹមថា ពុកម៉ែបងប្អូនប្រជាជនទាំងអស់ មានសុខភាពល្អ និងឆាប់បានស្តារជីវភាពរស់នៅឡើងវិញ»។
លោកបានបន្តថា ក្រុមហ៊ុន KFT មានមោទនភាពក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ និងរួមចំណែកដល់សុខុមាលភាពគ្រួសារកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន KFT Co. Ltd ជាក្រុមហ៊ុនដែលផលិត នាំចូល និងចែកចាយ ផលិតផលម៉ាកយីហោកូនខ្មែរ ដែលរួមមាន ត្រីខមាតុភូមិ, ប៊ីចេងមាតុភូមិ, ប្រេងខ្យងមាតុភូមិ, ស្ករសសន្តិភាព និងប្រេងឆា Healthy Life ដែលសុទ្ធតែជាផលិតផលធានាគុណភាព ការផលិតមានស្តង់ដា អនាម័យ សុវត្ថិភាព សុខភាព ដោយការរៀបចំ និងកែឆ្នៃពីសហគ្រិនកូនខ្មែរ ធានារសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ សំរាប់ប្រជាជនខ្មែរគ្រប់រូប៕










