* Hacker វាយប្រហារប្រព័ន្ធទូទឹកកកផ្សារទំនើបនៅអឺរ៉ុប បណ្ដាលឱ្យខាតបង់រាប់លានអឺរ៉ូ
* អនាគតបុគ្គលិកដែលជាមនុស្ស តើនឹងទៅជាយ៉ាងណា នៅពេល Amazon ប្រើប្រាស់រ៉ូបូតជាង ១លានគ្រឿង?

Hacker វាយប្រហារប្រព័ន្ធទូទឹកកកផ្សារទំនើបនៅអឺរ៉ុប បណ្ដាលឱ្យខាតបង់រាប់លានអឺរ៉ូ

13-10-2026 09:41

(បរទេស)៖ ក្រុម Hacker បានវាយប្រហារប្រព័ន្ធគ្រប់គ្រងទូទឹកកក និងទូបង្កកនៅផ្សារទំនើបរាប់រយកន្លែងក្នុងប្រទេសបារាំង ដោយបង្កើនសីតុណ្ហភាពរហូតដល់ ៥០អង្សាសេ អស់រយៈពេលជាច្រើនម៉ោងនៅពេលយប់ បណ្ដាលឱ្យមានអគ្គិភ័យ និងធ្វើឱ្យអាហារខូចខាតយ៉ាងច្រើន។ អាជ្ញាធរបារាំងបានបញ្ជាឱ្យទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតជាតិ (ANSSI) ស៊ើបអង្កេត ខណៈអ្នកជំនាញបានរាយការណ៍ថា ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ ប៉ូឡូញ អាល្លឺម៉ង់ និងបែលហ្ស៊ិក ក៏អាចរងផលប៉ះពាល់ដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហ៊ុន Carrefour បានឱ្យដឹងថា ហាងចំនួន ៨០កន្លែងរបស់ខ្លួនត្រូវបានវាយប្រហារ ខណៈ Monoprix រងផលប៉ះពាល់ប្រហែល ៥% នៃហាងសរុប និង Intermarché មានទូទឹកកកនៅហាងប្រហែល ១៥០កន្លែងត្រូវបានបង្កើនសីតុណ្ហភាពដល់ ៥០អង្សាសេរយៈពេល ៦ម៉ោង។ អាហារដែលរងផលប៉ះពាល់ត្រូវបានបោះចោល ដើម្បីការពារហានិភ័យសុខភាព។ លោក Thierry Cotillard នាយកប្រតិបត្តិក្រុមហ៊ុន Intermarché បាននិយាយថា ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនេះ អាចបណ្ដាលឱ្យខាតបង់ «រាប់សិបលានអឺរ៉ូទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែមួយថ្ងៃ»។ ចំណែកលោក Dominique Schelcher នាយកប្រតិបត្តិក្រុមហ៊ុន Cooperative U បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ការកំណត់គោលដៅវាយប្រហារលើឧបករណ៍ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការរក្សាទុកផលិតផលស្រស់ និងការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជនបារាំង គឺជារឿងធ្ងន់ធ្ងរបំផុត និងមិនធ្លាប់មានពីមុនមក»។

ការស៊ើបអង្កេតបឋមបានរកឃើញចំណុចខ្សោយនៅក្នុងកម្មវិធីគ្រប់គ្រងប្រព័ន្ធទូទឹកកកដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Danfoss របស់ដាណឺម៉ាក។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ឧបករណ៍ដែលរងផលប៉ះពាល់មួយចំនួនកំពុងប្រើកម្មវិធីបង្កប់ (Firmware) ហួសសម័យ ហើយបានណែនាំអតិថិជនឱ្យធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាប្រចាំ។ ប្រព័ន្ធទូទឹកកកនៅផ្សារទំនើបជាច្រើនអាចបញ្ជាពីចម្ងាយតាមអ៊ីនធឺណិត ដែលអាចបង្កហានិភ័យ ប្រសិនបើមានចំណុចខ្សោយផ្នែកសន្តិសុខ។ សមាគមពាណិជ្ជកម្មលក់រាយបារាំងបានអំពាវនាវឱ្យ Danfoss ផ្ដល់ «តម្លាភាពពេញលេញ» អំពីឧប្បត្តិហេតុនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ahold Delhaize ដែលដំណើរការផ្សារទំនើប Albert Heijn នៅហូឡង់ និងមានអាជីវកម្មធំៗនៅសហរដ្ឋអាមេរិក ក៏បានប្រកាសថា ខ្លួនកំពុងដោះស្រាយបញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងបានបិទប្រព័ន្ធមួយចំនួនជាបណ្ដោះអាសន្ន។ បញ្ហានេះបានធ្វើឱ្យក្រុមហ៊ុនមិនអាចដឹកជញ្ជូនទំនិញតាមការបញ្ជាទិញអនឡាញបាន ខណៈហាងផ្ទាល់នៅតែបើកដំណើរការ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា មិនមានហេតុផលណាមួយដែលបង្ហាញថា បញ្ហានៅហូឡង់មានទំនាក់ទំនងនឹងការវាយប្រហារនៅបារាំងនោះទេ ហើយនៅមិនទាន់ច្បាស់ថា ប្រតិបត្តិការផ្សេងទៀតរបស់ខ្លួននៅអាមេរិកបានរងផលប៉ះពាល់ដែរឬយ៉ាងណា៕