* Hacker វាយប្រហារប្រព័ន្ធទូទឹកកកផ្សារទំនើបនៅអឺរ៉ុប បណ្ដាលឱ្យខាតបង់រាប់លានអឺរ៉ូ
* អនាគតបុគ្គលិកដែលជាមនុស្ស តើនឹងទៅជាយ៉ាងណា នៅពេល Amazon ប្រើប្រាស់រ៉ូបូតជាង ១លានគ្រឿង?

Nvidia បាត់បង់ចំណែកទីផ្សារនៅចិន ខណៈ Huawei កំពុងដណ្ដើមទីផ្សារបន្ទះឈីប AI កាន់តែខ្លាំង

13-10-2026 10:50

(បរទេស)៖ ចំណែកទីផ្សារបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Nvidia នៅប្រទេសចិន បានធ្លាក់ចុះមកត្រឹម ៣៤% នៅឆមាសទី១ ឆ្នាំ២០២៦ ខណៈក្រុមហ៊ុនក្នុងស្រុក ជាពិសេស Huawei កំពុងពង្រីកចំណែកទីផ្សាររបស់ខ្លួន។ ការធ្លាក់ចុះនេះកើតឡើងចំពេលសហរដ្ឋអាមេរិករឹតបន្តឹងការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន និងចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ទិន្នន័យរបស់ IDC បង្ហាញថា Nvidia បានដឹកជញ្ជូនបន្ទះឈីប AI ចំនួន ៦៧៨,០០០ គ្រឿងទៅកាន់ប្រទេសចិន ចាប់ពីខែមករាដល់ខែមិថុនា ដោយធ្លាក់ចុះ ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ Huawei បានដឹកជញ្ជូនបន្ទះឈីបចំនួន ៥៧២,០០០ គ្រឿង កើនឡើងពីជាង ៣០០,០០០ គ្រឿងកាលពីឆ្នាំមុន និងកាន់កាប់ចំណែកទីផ្សារ ២៨%។ ចំណែកក្រុមហ៊ុន T-Head របស់ Alibaba កាន់កាប់ ៧%, Cambricon ៥%, Kunlunxin របស់ Baidu ៤% និង Hygon ៣%។

នាយកប្រតិបត្តិ (CEO) Nvidia លោក Jensen Huang បានរិះគន់ម្តងហើយម្តងទៀតចំពោះការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា គោលនយោបាយនេះកំពុងបង្ខំឱ្យក្រុមហ៊ុនអាមេរិកបោះបង់ទីផ្សារបន្ទះឈីប AI របស់ចិន ដែលមានតម្លៃ ៥០ពាន់លានដុល្លារ ទៅឱ្យ Huawei។ ទន្ទឹមនឹងនេះ ការដឹកជញ្ជូនបន្ទះឈីប AI ប្រភេទដែលមិនមែនជា GPU បានកើនឡើងជិត ៨០% ដល់ ១.០១៦ លានគ្រឿង ខណៈការដឹកជញ្ជូន GPU ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់បង្រៀនម៉ូដែល AI បានធ្លាក់ចុះ ២៦% មកនៅត្រឹម ៩៩១,០០០ គ្រឿង។

IDC បានឱ្យដឹងថា ក្រុមហ៊ុន Huawei, T-Head, Kunlunxin និង Cambricon រួមគ្នាកាន់កាប់ចំណែក ៩៥% នៃទីផ្សារបន្ទះឈីប AI ដែលមិនមែនជា GPU ដោយផលិតផលទាំងនេះត្រូវបានប្រើប្រាស់ដោយស្ថាប័នរដ្ឋ ក្រុមហ៊ុនអ៊ីនធឺណិត និងក្រុមហ៊ុនទូរគមនាគមន៍។ IDC រំពឹងថា ការដឹកជញ្ជូនបន្ទះឈីប AI សរុបនៅប្រទេសចិននឹងកើនឡើង ១៩% ក្នុងឆ្នាំ២០២៦ ទោះបីការដឹកជញ្ជូន GPU អាចធ្លាក់ចុះ ៩% ក៏ដោយ៕