ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គារព័រ អ៊ែឡាញ (SIA) នឹងចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Western Sydney ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦
13-10-2026 11:17
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គារព័រ អ៊ែឡាញ (SIA) បានប្រកាសពីគម្រោងដាក់ដំណើរការជើងហោះហើរត្រង់ជាប្រចាំថ្ងៃ រវាងប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានអន្តរជាតិ Western Sydney (Nancy-Bird Walton) Airport (WSI) ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។ ការសម្រេចចិត្តនេះ នឹងពង្រីកបណ្តាញសេវាកម្មរបស់ SIA ទៅកាន់ទីក្រុងស៊ីដនី កាន់តែទូលំទូលាយ ដោយបន្ថែមជម្រើសថ្មីសម្រាប់អ្នកដំណើរ។
ជើងហោះហើរថ្មីនេះ នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A350-900 ដែលមានកៅអីសរុប ៣០៣ កៅអី បែងចែកជា ២ ថ្នាក់ រួមមាន Business Class ២០ កៅអី និង Economy Class ២៦៣ កៅអី។ ជើងហោះហើរដំបូងបង្អស់ SQ201 នឹងចេញដំណើរពីប្រទេសសិង្ហបុរី នៅម៉ោង ១១:៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) និងទៅដល់អាកាសយានដ្ឋានអន្តរជាតិ Western Sydney នៅម៉ោង ១០:២០ នាទីយប់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ចំណែកជើងហោះហើរត្រឡប់មកវិញ SQ202 នឹងចាកចេញពី WSI នៅម៉ោង ១១:៥៥ នាទីយប់ (ម៉ោងក្នុងស្រុក) ហើយទៅដល់ប្រទេសសិង្ហបុរី នៅម៉ោង ៥:០៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃបន្ទាប់។
ជាមួយនឹងការបន្ថែមជើងហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Western Sydney នេះ ក្រុមហ៊ុន SIA នឹងមានជើងហោះហើរសរុប ៥ ជើងក្នុងមួយថ្ងៃទៅកាន់ទីក្រុងស៊ីដនី រួមទាំង ៤ ជើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sydney Kingsford Smith ផងដែរ។ នេះនឹងបង្កើនគោលដៅរបស់ SIA នៅអូស្ត្រាលី រហូតដល់ ៨ គោលដៅ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ក្រុមហ៊ុនចំពោះទីផ្សារដ៏មានសក្តានុពលមួយនេះ។
លោក Dai Haoyu អនុប្រធានជាន់ខ្ពស់ផ្នែករៀបចំផែនការទីផ្សាររបស់ក្រុមហ៊ុន SIA បានមានប្រសាសន៍ថា ជើងហោះហើរថ្មីនេះនឹងផ្តល់ជម្រើសកាន់តែច្រើន និងពង្រឹងការតភ្ជាប់ទៅកាន់គោលដៅដ៏ពេញនិយមនេះសម្រាប់អតិថិជន។ លោក Simon Hickey នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិ Western Sydney ក៏បានសម្តែងមោទនភាពក្នុងការក្លាយជាដៃគូជាមួយ SIA ដើម្បីផ្តល់សេវាកម្មលំដាប់ផ្កាយ ៥ ដល់ប្រជាជនអូស្ត្រាលីក្នុងតំបន់ Greater Sydney។ តំបន់ Western Sydney គឺជាផ្នែកដ៏សំខាន់មួយនៃភូមិសាស្ត្រ Greater Sydney ដែលមានប្រជាជនរស់នៅជាង ៣ លាននាក់ និងជាគ្រឹះសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៣ របស់ប្រទេសអូស្ត្រាលី។
សំបុត្រសម្រាប់ជើងហោះហើរថ្មីនេះ នឹងចាប់ផ្តើមដាក់លក់នៅគ្រប់បណ្តាញផ្លូវការរបស់ក្រុមហ៊ុន SIA ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ តទៅ។ ការពង្រីកបណ្តាញនេះ នឹងផ្តល់ភាពបត់បែន និងជម្រើសកាន់តែច្រើនដល់អ្នកដំណើរអូស្ត្រាលី ក្នុងការជ្រើសរើសពេលវេលា គោលដៅ និងវិធីសាស្ត្រធ្វើដំណើរតាមយន្តហោះ។









