ក្រុមម៉ូតូទឹកកម្ពុជា ឈ្នះមេដាយ ៩គ្រឿងពីព្រឹត្តិការណ៍ Jet Ski World Series នៅអាមេរិក ជាមួយកំណត់ត្រាដ៏អស្ចារ្យ
13-10-2026 13:24
(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ២ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series 2026 ជុំទី២ នៅសហរដ្ឋអាមេរិក ជាមួយកំណត់ត្រាដ៏អស្ចារ្យ ដែលបង្កើតដោយវីរកីឡាករ សាលី អ៊ូមើត។
ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-១២ ខែតុលា ឆ្នាំ២០២៦ ដោយមានអត្តពលិកខ្លាំងៗមកពីជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ៦រូបផងដែរ ហើយជាលទ្ធផលកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងប្រាក់ ១។ អ្វីដែលពិសេស គឺការដណ្ដើមបានមេដាយមាសលើវិញ្ញាសា Pro Am Runabout Endurance។
តាមការបញ្ជាក់របស់ អ៊ូមើត វិញ្ញាសា Pro Am Runabout Endurance គឺជាវិញ្ញាសាធំបំផុតក្នុងព្រឹត្តិការណ៍ Jet Ski World Series ហើយរយៈពេល ៤៥ឆ្នាំមកហើយ ពុំធ្លាប់មានកីឡាករអាស៊ីណាម្នាក់ ដណ្ដើមបានមេដាយមាសលើវិញ្ញាសា ដែលមានកីឡាករល្បីៗលើពិភពលោកចូលរួមនេះឡើយ ទើបតែពេលនេះ ដែលខ្លួនអាចសាងប្រវត្តិសាស្ដ្រថ្មី ក្នុងនាមកីឡាករអាស៊ីដំបូងដែលឈ្នះមេដាយមាស។
ដោយឡែកមេដាយ ៧គ្រឿងផ្សេងទៀត គឺដណ្ដើមបានដោយកីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ២ និងប្រាក់ ១, កីឡាករ កៃ វ៉ាន់សុីដែន ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១, កីឡាករ ម៉ីន មូសស្ដាន់ ឈ្នះមេដាយប្រាក់ ១ និងកីឡាករ ម៉ីន អូស្មាន់ ឈ្នះមេដាយសំរឹទ្ធ ១។
សូមរំឮកថា ព្រឹត្តិការណ៍ Jet Ski World Series ឆ្នាំនេះ ធ្វើឡើង ៣ជុំ ដោយជុំទី១ បានប្រកួតនៅប្រទេសប៊ុលហ្គារី កាលពីខែកក្កដា ដោយក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៧គ្រឿង (មាស ៥ និងសំរឹទ្ធ ២) មុនបន្ដការប្រកួតជុំទី២ នៅសហរដ្ឋអាមេរិក ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ មុនការប្រកួតជុំផ្ដាច់ព្រ័ត្រ ជុំទី៣ នៅទ្វីបអាស៊ី នាខែមករា ឆ្នាំ២០២៧ ខាងមុខ៕











