* Hacker វាយប្រហារប្រព័ន្ធទូទឹកកកផ្សារទំនើបនៅអឺរ៉ុប បណ្ដាលឱ្យខាតបង់រាប់លានអឺរ៉ូ
* អនាគតបុគ្គលិកដែលជាមនុស្ស តើនឹងទៅជាយ៉ាងណា នៅពេល Amazon ប្រើប្រាស់រ៉ូបូតជាង ១លានគ្រឿង?

អនាគតបុគ្គលិកដែលជាមនុស្ស តើនឹងទៅជាយ៉ាងណា នៅពេល Amazon ប្រើប្រាស់រ៉ូបូតជាង ១លានគ្រឿង?

13-10-2026 13:28

(បរទេស)៖ គ្មានអង្គភាព ឬក្រុមហ៊ុនណាមួយនៅលើពិភពលោកដែលមានចំនួនរ៉ូបូតប្រតិបត្តិការច្រើនជាង Amazon នោះឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មានរ៉ូបូតជាង ១លានគ្រឿងកំពុងបំពេញការងារយ៉ាងសកម្ម ២៤ម៉ោង លើ២ ៤ម៉ោង នៅក្នុងឃ្លាំងទំនិញ ដើម្បីសម្រេចការដឹកជញ្ជូនទំនិញរាប់សិបលានកញ្ចប់ក្នុងថ្ងៃតែមួយ ឬក្នុងរយៈពេល ២៤ម៉ោង ជូនអតិថិជន។ លើសពីនេះ Amazon កំពុងរៀបចំផែនការបង្កើតរោងចក្រថ្មីៗ ដើម្បីផលិត និងពង្រីករ៉ូបូត ដែលមានសមត្ថភាពកាន់តែខ្ពស់បន្ថែមទៀតនាពេលខាងមុខ។

ទោះបីជាមានការដាក់ពង្រាយរ៉ូបូតយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ Amazon នៅតែជាក្រុមហ៊ុនដែលមានបុគ្គលិកជាមនុស្សច្រើនជាងគេបំផុតទីពីរនៅលើពិភពលោក ដោយមានបុគ្គលិកពេញម៉ោង និងមិនពេញម៉ោងជាង ១,៥លាននាក់។ ថ្នាក់ដឹកនាំ Amazon បានអះអាងថា វត្តមានរ៉ូបូតបានជួយសម្រាលបន្ទុក និងការនឿយហត់របស់បុគ្គលិកមនុស្ស ដោយទទួលយកការងារធ្ងន់ៗ និងគ្រោះថ្នាក់។ ប៉ុន្តែក្រុមតស៊ូមតិដើម្បីសិទ្ធិពលករ និងអ្នកស្រាវជ្រាវឯករាជ្យ បានបង្ហាញក្តីបារម្ភ និងភស្តុតាងថា ការធ្វើស្វ័យប្រវត្តិកម្មដោយប្រើប្រាស់ AI មិនមែនផ្តល់ផលវិជ្ជមានទាំងស្រុងសម្រាប់មនុស្សដែលធ្វើការក្បែររ៉ូបូតនោះឡើយ។

លោក Brian Greenwood សាស្ត្រាចារ្យផ្នែកធុរកិច្ចនៅសាកលវិទ្យាល័យ George Mason បានលើកឡើងថា៖ «ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ ស្វ័យប្រវត្តិកម្មភាគច្រើនត្រូវបានធ្វើឡើងនៅឆ្ងាយពីកម្មករ ប៉ុន្តែការកើនឡើងនៃ Collaborative Robots (រ៉ូបូតធ្វើការរួមគ្នាជាមួយមនុស្ស) បានផ្លាស់ប្តូរបរិបទនេះ។ ទីមួយគឺវានៅជិតមនុស្សផ្ទាល់ ហើយទីពីរគឺរ៉ូបូតមានសមត្ថភាពកំណត់ល្បឿននៃការធ្វើការងាររបស់មនុស្ស»។

ការប្រញាប់ប្រញាល់បំពេញការបញ្ជាទិញសម្រាប់សមាជិក Prime ជាង ២០០លាននាក់ ទាមទារឱ្យបុគ្គលិកមនុស្សត្រូវធ្វើការយ៉ាងលឿនរហ័ស។ ទោះបីជារ៉ូបូតដូចជា Sequoia, Proteus និងដៃយន្ត Robin, Cardinal, Sparrow, ឬ Vulcan អាចជួយរៀបចំទំនិញ និងទាញយកវត្ថុផ្សេងៗបានក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា ឃ្លាំងដែលមានរ៉ូបូតបានកាត់បន្ថយករណីរបួសធ្ងន់ធ្ងររហូតដល់ ៤០%។ ការសិក្សាដដែលបានរកឃើញថា ករណីរបួសស្រាលដែលបណ្តាលមកពីការធ្វើចលនាដដែលៗយ៉ាងរហ័សបានកើនឡើង ៧៧% ព្រោះបុគ្គលិកមនុស្សត្រូវប្រឹងប្រែងធ្វើការឱ្យទាន់ល្បឿនស្វ័យប្រវត្តិកម្មរបស់រ៉ូបូត។

Amazon តែងតែលើកឡើងថា ការជំរុញផ្នែករ៉ូបូតបានបង្កើតឱកាសការងារថ្មីៗដែលមានជំនាញ និងប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន ដូចជាផ្នែកថែទាំ និងវិស្វកម្មរ៉ូបូត (កើនឡើងជាង ៣០%)។ យ៉ាងណាមិញ របាយការណ៍ផ្ទៃក្នុងមួយចំនួនបានទម្លាយថា ការពង្រីករ៉ូបូត និង AI អាចអនុញ្ញាតឱ្យក្រុមហ៊ុនកាត់បន្ថយតម្រូវការជួលបុគ្គលិកថ្មីបានរាប់សែននាក់នាពេលអនាគត។

អ្នកជំនាញបានសន្និដ្ឋានថា ផ្លូវទៅមុខប្រកបដោយចីរភាពគឺការបង្កើតទំនាក់ទំនងល្អរវាងគណៈគ្រប់គ្រង និងតំណាងពលករ ដើម្បីធានាបច្ចេកវិទ្យា AI និងរ៉ូបូត ត្រូវបានប្រើប្រាស់ដើម្បីបង្កើនសុវត្ថិភាព និងប្រសិទ្ធភាព ដោយមិនបង្កសំពាធហួសហេតុលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់បុគ្គលិកមនុស្សឡើយ៕