Seedorf អតីតកីឡាករតែម្នាក់គត់ឈ្នះ UCL ៣ក្លិបផ្សេងគ្នា ត្រឡប់ចូលប្រឡូកបាល់ទាត់វិញ តាមរយៈធ្វើគ្រូនៅ Corinthians
13-10-2026 13:53
(បរទេស)៖ លោក Clarence Seedorf បានវិលមកប្រឡូកក្នុងវិស័យបាល់ទាត់វិញ តាមរយៈដឹកនាំក្លិបអាជីព Corinthians ក្នុងនាមកីឡាករតែម្នាក់គត់ ដែលធ្លាប់ឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League ក្នុងចំណោម ៣ក្លិបផ្សេងគ្នា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៥០ឆ្នាំខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំ Corinthians លេងក្នុងលីគកំពូល Serie A របស់ប្រទេសប្រេស៊ីលដល់បំណាច់ឆ្នាំ២០២៧ ដ្បិតបច្ចុប្បន្នពួកគេបានកំពុងឈរនៅលេខរៀងទី១៦ នៅឡើយ នៅក្រៅតំបន់កាត់ចោលតែ ១ចំណាត់ថ្នាក់ប៉ុណ្ណោះ ខណៈនៅដល់ ៨ប្រកួតទៀតបិទរដូវកាល។
Seedorf នឹងចូលទៅជំនួសតំណែងគ្រូបង្វឹកស្តីទីសញ្ជាតិប្រេស៊ីល Fernando Diniz ដែលទើបត្រូវបានដកចេញពីតួនាទីកាលពីចុងសប្តាហ៍មុន ក្រោយដឹកនាំចាញ់ ៧ប្រកួតជាប់ៗគ្នារួចមក។
លោក Seedorf ដែលធ្លាប់ចូលលេងបាន ៨៧ប្រកួត និងស៊ុតបាន ១១គ្រាប់ផងនោះសម្រាប់ហូឡង់ បានចំណាយពេលដឹកនាំក្រុមជម្រើសជាតិកាមេរូនដែលជាតួនាទីអ្នកចាត់ការទូទៅចុង ក្រោយរបស់លោកមានរយៈពេលជាង ៧ឆ្នាំ និងឆ្លងតាមបទពិសោធន៍ធ្លាប់ដឹកនាំក្លិប AC Milan, Shenzhen FC និង Deportivo La Coruna ទៀតផង។
មុនពេលប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលឆ្នាំ២០១៤ Seedorf គឺជាអតីតកីឡាករដ៏អស្ចារ្យមួយរូបរបស់ហូឡង់ ដែលបានឈ្នះពាន UCL ២លើកជាមួយ AC Milan និង ១លើកជាមួយ Real Madrid និង ១លើកផ្សេងទៀតជាមួយ Ajax៕



