* Hacker វាយប្រហារប្រព័ន្ធទូទឹកកកផ្សារទំនើបនៅអឺរ៉ុប បណ្ដាលឱ្យខាតបង់រាប់លានអឺរ៉ូ
* អនាគតបុគ្គលិកដែលជាមនុស្ស តើនឹងទៅជាយ៉ាងណា នៅពេល Amazon ប្រើប្រាស់រ៉ូបូតជាង ១លានគ្រឿង?

Meta ប្រកាសចេញម៉ូឌែល Frontier ដំបូងបង្អស់របស់ខ្លួនឈ្មោះ «Muse Wonder»

13-10-2026 15:03

(បរទេស)៖ មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Superintelligence Lab) របស់ក្រុមហ៊ុន Meta នៅថ្ងៃចន្ទសប្តាហ៍នេះ បានចេញផ្សាយនូវម៉ូឌែលឆ្លាតវៃសិប្បនិម្មិត (AI) ជំនាន់ថ្មីចុងក្រោយបង្អស់ចំនួនពីរ គឺ Muse Wonder និង Muse Wonder Full ដែលជាការឈានជើងចូលរួមប្រកួតប្រជែងដំបូងបង្អស់របស់ក្រុមហ៊ុននៅក្នុងវិស័យម៉ូឌែលកម្រិត Frontier (Frontier Models)។ ខុសប្លែកពីម៉ូឌែលមុនគឺ Muse Spark ដែលផ្តោតលើភាពស្រាល និងល្បឿនលឿន (Low latency) ម៉ូឌែលត្រកូល Wonder ថ្មីនេះមានទំហំធំជាងមុន និងមានសមត្ថភាពខ្ពស់ជាងមុន ដោយទទួលបានពិន្ទុតេស្តប្រៀបធៀបខ្ពស់ជាងមុន និងអាចបំពេញភារកិច្ចស្មុគស្មាញបានយ៉ាងល្អ ដូចជាការសរសេរកូដជាដើម។

យោងតាមលទ្ធផលនៃការធ្វើតេស្តរបស់ Meta ម៉ូឌែល Wonder និង Wonder Full ទទួលបានពិន្ទុប្រហាក់ប្រហែលគ្នានឹងម៉ូឌែលកំពូលៗក្នុងទីផ្សារដូចជា Fable 5.1 និង GPT-6 Astra ដែរ។ ក្រុមហ៊ុន Meta បានបញ្ជាក់នៅក្នុងប្លុកផ្លូវការរបស់ខ្លួនថា «ម៉ូឌែលទាំងពីរនេះតំណាងឱ្យជំហានបន្ទាប់នៃការវិវត្តផ្នែកទំហំសមត្ថភាព និងជាការលោតផ្លោះដ៏ធំមួយឆ្ពោះទៅរកបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ផ្ទាល់ខ្លួន (Personal superintelligence)»។ សម្រាប់ការប្រើប្រាស់តាមរយៈ Meta Model API ម៉ូឌែល Wonder នឹងមានតម្លៃ ៤ដុល្លារ ក្នុងមួយលាន Input Tokens និង ២០ដុល្លារ ក្នុងមួយលាន Output Tokens ដែលជាកម្រិតតម្លៃប្រហាក់ប្រហែលនឹងម៉ូឌែល GPT-6 Sol ឬ Opus 5.5 ដែរ។ ម៉ូឌែល Wonder Full នឹងផ្តល់ជូនសម្រាប់តែអ្នកជាវសេវាកម្ម Muse Code ប៉ុណ្ណោះ ហើយនឹងមិនមានដាក់ឱ្យប្រើប្រាស់តាម API នោះទេ។ ម៉ូឌែលទាំងពីរនេះក៏នឹងត្រូវយកទៅប្រើដើម្បីបង្កើនសមត្ថភាពរបស់ Muse Agent ផងដែរ។

Meta បានផ្តោតសំខាន់លើសមត្ថភាពរបស់ម៉ូឌែលក្នុងការចងចាំ និងបូកសរុបទិន្នន័យរបស់អ្នកប្រើប្រាស់ក្នុងរយៈពេលយូរ។ តាមរយៈការធ្វើតេស្តលើ MemoryBench (ឧបករណ៍វាស់ស្ទង់ការរៀនសូត្របន្តបន្ទាប់ និងការចងចាំ) Muse Wonder ទទួលបានពិន្ទុខ្ពស់ជាង Fable, Opus, និង Astra។ ម៉ូឌែលទាំងពីរនេះត្រូវបានបណ្តុះបណ្តាល (Trained) នៅឯមជ្ឈមណ្ឌលទិន្នន័យ Prometheus របស់ Meta ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ដែលបានបើកដំណើរការកាលពីដើមឆ្នាំនេះ។

គួរជម្រាវថា ការចេញផ្សាយនេះ គឺជាការប្រកាសចេញម៉ូឌែលកម្រិត Frontier ដំបូងបង្អស់របស់ Meta ចាប់តាំងពីលោក Alexandr Wang (ស្ថាបនិក Scale AI) បានចូលមកកែទម្រង់រចនាសម្ព័ន្ធការងារ AI របស់ Meta កាលពីខែសីហាវិញ។ ចាប់តាំងពីពេលនោះមក Meta បានចេញត្រឹមតែម៉ូឌែលធុនស្រាល Muse Spark និង Muse Agent ប៉ុណ្ណោះ ដោយទើបតែពេលនេះទេ ដែលក្រុមហ៊ុនចាប់ផ្តើមប្រកួតប្រជែងដោយផ្ទាល់ជាមួយម៉ូឌែលកំពូលៗរបស់ OpenAI និង Anthropic៕