* Hacker វាយប្រហារប្រព័ន្ធទូទឹកកកផ្សារទំនើបនៅអឺរ៉ុប បណ្ដាលឱ្យខាតបង់រាប់លានអឺរ៉ូ
* អនាគតបុគ្គលិកដែលជាមនុស្ស តើនឹងទៅជាយ៉ាងណា នៅពេល Amazon ប្រើប្រាស់រ៉ូបូតជាង ១លានគ្រឿង?

ទីផ្សារស្មាតហ្វូនចិនបន្តធ្លាក់ចុះ ៦ ត្រីមាសជាប់គ្នា ខណៈ Huawei ដណ្ដើមតំណែងលេខ១

13-10-2026 16:22

(បរទេស)៖ ការនាំចេញស្មាតហ្វូននៅប្រទេសចិនក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ បានធ្លាក់ចុះ ១៥,៤% មកនៅត្រឹម ៥៧,៩ លានគ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះត្រីមាសទី៦ ជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC និងចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ Huawei គឺជាក្រុមហ៊ុនតែមួយគត់ដែលសម្រេចបានកំណើនពីរខ្ទង់ ដោយនាំចេញបាន ១២,២ លានគ្រឿង និងកាន់កាប់ចំណែកទីផ្សារ ២១% ឈរនៅលេខ១។ ចំណែក Apple ឈរនៅលេខ២ ដោយមានចំណែកទីផ្សារ ១៧,៨% ប៉ុន្តែការនាំចេញនៅចិនបានធ្លាក់ចុះ ៤,៣%។ រីឯ Oppo, Vivo និង Xiaomi បានធ្លាក់ចុះការនាំចេញ ១៧,៦%, ២៤,៩% និង ២០,៤% រៀងៗគ្នា។

ការធ្លាក់ចុះនេះកើតឡើងចំពេលការចំណាយរបស់អ្នកប្រើប្រាស់ចិននៅមានភាពខ្សោយ ហើយក្រុមហ៊ុនផលិតក៏ប្រឈមនឹងការកើនឡើងតម្លៃបន្ទះឈីបអង្គចងចាំ និងគ្រឿងបន្លាស់ផ្សេងៗ។ លោក Arthur Guo អ្នកវិភាគជាន់ខ្ពស់នៅ IDC បានឱ្យដឹងថា ក្រុមហ៊ុនផលិតបានបញ្ជូនការចំណាយដែលកើនឡើងទៅឱ្យអ្នកប្រើប្រាស់ តាមរយៈការដំឡើងតម្លៃលក់រាយ ស្របពេលការនាំចេញធ្លាក់ចុះ។

IDC បានបញ្ជាក់ថា ផលិតផលច្រើនម៉ូដែល និងការដំឡើងតម្លៃក្នុងកម្រិតមិនខ្ពស់ពេក បានជួយឱ្យ Huawei បន្តពង្រីកទីផ្សាររបស់ខ្លួន។ ចំណែក iPhone ស៊េរីថ្មីលក់បានល្អជាងការរំពឹងទុក ប៉ុន្តែការមានម៉ូដែលតិចជាងឆ្នាំមុនបានជះឥទ្ធិពលដល់ការនាំចេញរបស់ Apple។ ដោយឡែក Honor គឺជាម៉ាកស្មាតហ្វូនឈានមុខគេតែមួយគត់ដែលមានការនាំចេញកើនឡើងធៀបនឹងត្រីមាសមុន ដែលអាចជាសញ្ញាបង្ហាញពីលទ្ធភាពនៃការស្ទុះងើបឡើងវិញរបស់ទីផ្សារ៕