ស្ថាប័នឃ្លាំមើលទិន្នន័យព្រមាន៖ ត្រូវប្រាកដថាការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានសុវត្ថិភាព
14-10-2026 09:41
(បរទេស)៖ ស្ថាប័នការពារទិន្នន័យរបស់កោះហ្គឺនស៊ី (Guernsey) បានចេញការព្រមានថា ការទទួលខុសត្រូវក្នុងការការពារទិន្នន័យអតិថិជន «មិនអាចផ្ទេរភារកិច្ចឱ្យភាគីទីបីធ្វើជំនួសបានឡើយ» ខណៈពេលដែលមានការព្រួយបារម្ភជុំវិញល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ការទាមទារឱ្យមានច្បាប់ និងបទប្បញ្ញត្តិដើម្បីគ្រប់គ្រង AI បានកើនឡើង បន្ទាប់ពីអ្នកជំនាញក្នុងវិស័យនេះ បានស្នើឱ្យបន្ថយល្បឿននៃការអភិវឌ្ឍ ហើយកាលពីខែមុន មានការលាតត្រដាងថា ភ្នាក់ងារ OpenAI បានហេគ (Hack) ប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសអូស្ត្រាលី។ លោក Brent Homan ស្នងការនៃស្ថាប័នការពារទិន្នន័យ បាននិយាយថា អាជីវកម្មនានានៅកោះហ្គឺនស៊ី ចាំបាច់ត្រូវពិចារណាយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់ AI របស់ពួកគេ។ លោកបន្ថែថា «ជាចុងក្រោយ អង្គភាពណាមួយអាចផ្ទេរទំនួលខុសត្រូវជាក់លាក់ណាមួយ ឱ្យគេធ្វើជំនួសបាន ប៉ុន្តែពួកគេមិនអាចផ្ទេរការទទួលខុសត្រូវចម្បងរបស់ខ្លួនបានឡើយ»។
លោក Homan បានបញ្ជាក់ថា ទោះបីជាដែនដីអធិបតេយ្យភាពនេះ មិនទាន់មានរបាយការណ៍អំពីការជ្រៀតជ្រែកណាមួយដែលដឹកនាំដោយ AI ក៏ដោយ ក៏ក្រុមហ៊ុននានានៅកោះហ្គឺនស៊ីមានសារៈសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព។ លោកបានបន្ថែមថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អង្គភាពនានាក្នុងការធានាថា ពួកគេមានកិច្ចសន្យាល្អ និងផ្ទៀងផ្ទាត់ដោយខ្លួនឯងអំពីសុវត្ថិភាពរបស់ភាគីទីបីដែលពួកគេប្រើប្រាស់»។
ទន្ទឹមនឹងនេះ លោក Matt Palmer នាយកមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិត (Cyber Security Centres) នៃកោះ Guernsey និង Jersey បាននិយាយថា AI គឺស្ថិតនៅទីនេះជារៀងរហូត «មិនថាពួកយើងចូលចិត្តវា ឬអត់ក៏ដោយ»។ លោកបានបន្តថា ស្ថាប័នរបស់លោក កំពុងសម្របខ្លួនទៅនឹងហានិភ័យសន្តិសុខអ៊ីនធឺណិតដែលអាចកើតមានឡើងដោយសារ AI ប៉ុន្តែលោកមានសុទិដ្ឋិនិយមចំពោះជំហររបស់ដែនដីនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុននានាគួរតែទាញយកប្រយោជន៍ពីធនធានដែលមានស្រាប់ដើម្បីធានាថាការប្រើប្រាស់ AI របស់ពួកគេមានសុវត្ថិភាព។
លោក Palmer បានសង្កត់ធ្ងន់ថា «ខ្ញុំមិនគិតថាវាជាបិសាចនៃភាពភ័យខ្លាចដូចអ្វីដែលគេច្រើនតែពណ៌នានោះទេ។ អ្វីដែលយើងត្រូវការគឺការសាកល្បងដោយប្រុងប្រយ័ត្ន ការគ្រប់គ្រងដ៏ល្អ និងការយកមកប្រើប្រាស់ដោយសមហេតុផលនិងជាក់ស្តែង នោះយើងអាចដោះស្រាយហានិភ័យទាំងនេះបានច្រើន។ ប៉ុន្តែវាមិនអាចរួចផុតពីហានិភ័យទាំងស្រុងនោះឡើយ»៕












