* ស្ថាប័នឃ្លាំមើលទិន្នន័យព្រមាន៖ ត្រូវប្រាកដថាការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានសុវត្ថិភាព

Arsenal បន្តឈ្នះ គ្រាដែល Man Utd ដែលនៅសល់សមាជិកតែ ១០នាក់ចាញ់ Atletico ២-០ នៅពាន UCL

14-10-2026 10:15

(បរទេស)៖ កាំភ្លើងធំ Arsenal ក្រុមរងជើងឯកពានអឺរ៉ុប UEFA Champions League រដូវកាលមុន បានបំបាក់ក្រុមបារាំង Lille ៣-០ នៅពេលក្រុមអង់គ្លេសមួយទៀត Manchester United បានរងបរាជ័យ ២ទល់នឹង០ ក្រោមថ្វីជើងរបស់ Atletico Madrid ទាំងដែលនៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា វាជាជ័យជម្នះលើកទី២ ជាប់ៗគ្នាផងដែររបស់ក្រុមលោក Mikel Arteta ដោយមាន ៦ពិន្ទុស្មើគ្នានឹងក្រុមលេខ២ Sporting CP និងក្រុមកំពូលតារាង FC Barcelona ផងដែរ ក្នុងចំណោមតែ ៣ក្រុមនេះដែលលេងមិនទាន់ចាញ់ និងស្មើឡើយ។

ដោយឡែក នេះជាការបរាជ័យលើកដំបូងរបស់ក្រុមលោក Michael Carrick ក្នុងចំណោម ២ប្រកួតនៅវគ្គសន្សំពិន្ទុ League Phase និងទើបមាន ៣ពិន្ទុនៅឡើយឈរលេខរៀងទី៧ បណ្តោះអាសន្នស្មើគូប្រជែង Atletico របស់អេស្ប៉ាញដែលឈរនៅលេខ១៣។

Ademola Lookman អតីតខ្សែប្រយុទ្ធក្លិប Everton ជាអ្នករកបានគ្រាប់ទី២ ដើម្បីធានា ៣ពិន្ទុតែម្តងនៅនាទី៧៩ បន្ទាប់ពីខ្សែការពារបារាំង Leny Yoro ត្រូវបានពិន័យកាតក្រហមនៅនាទី៧៤ ដោយសារបង្កកំហុសទៅលើកីឡាករ Jonathan David ដែលញាំងឱ្យឳកាសតាមស្មើត្រូវបានរលាយបាត់។

នេះមានន័យថា បិសាចក្រហមបានក្លាយជាក្រុមមកពីលីគកំពូលអង់គ្លេស Premier League រងបរាជ័យដំបូងគេនៅពាន UEFA Champions League រដូវកាលនេះ ក្នុងចំណោម Arsenal, Manchester City, Aston Villa និង Liverpool៕