ក្រុមហ៊ុន Anthropic ព្រមាន៖ ម៉ូឌែល AI អាចមានសមត្ថភាពចម្លងខ្លួនឯងនាពេលឆាប់ៗ និងបង្កើតជាវិនាសកម្មលើបណ្តាញអ៊ីនធឺណិត
14-10-2026 11:11
(បរទេស)៖ ការព្រមានថ្មីមួយអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុន Anthropic បានធ្វើឱ្យមានការចោទសួរ និងពិភាក្សាយ៉ាងក្តៅគគុកក្នុងរង្វង់សន្តិសុខលើអ៊ីធឺណិត នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានបង្ហាញថា ម៉ូឌែល AI អាចនឹងឈានដល់ដំណាក់កាលចម្លងខ្លួនឯង (Self-replicate) រាលដាលពេញអ៊ីនធឺណិតក្នុងរយៈពេលត្រឹមតែប៉ុន្មានខែខាងមុខប៉ុណ្ណោះ។
នៅក្នុងអត្ថបទដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ ក្រុមហ៊ុន Anthropic បានលើកឡើងពីលទ្ធភាព AI ដែលមានបំណងអាក្រក់ (Rogue AI) អាចបង្កើតបណ្តាញ Botnet, រាលដាលយ៉ាងឆាប់រហ័ស, ទប់ទល់នឹងការប្រឹងប្រែងបិទវា និងថែមទាំងអាចវាយប្រហារចូលទៅកាន់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដើម្បីពន្លឿនការលូតលាស់របស់វាទៀតផង។ អ្នកជំនាញមួយចំនួន បានសម្តែងការព្រួយបារម្ភស្របគ្នានឹងក្រុមហ៊ុន ខណៈពេលដែលអ្នកជំនាញផ្សេងទៀតមើលឃើញថា ក្រុមហ៊ុនអាចនឹងធ្វើការបំប៉ោងព័ត៌មានហួសពីការពិត។ ការចេញផ្សាយនេះ បានធ្វើឡើងដើម្បីបញ្ជាក់បន្ថែមលើការព្រមានកាលពីខែមុនរបស់លោក Dario Amodei នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Anthropic ដែលបានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំខាងមុខ ឬឆាប់ជាងនេះ AI អាចនឹងមានសមត្ថភាពគ្រប់គ្រង «អ៊ីនធឺណិតទាំងមូល» តាមរយៈការបង្កើត «បណ្តាញ Botnet ជាប់លាប់មួយ»។
កន្លងមក អ្នកជំនាញសន្តិសុខសាយប័រ ដែលមិនយល់ស្របនឹងការព្រមានដ៏អាក្រក់នេះ បានជជែកថា ម៉ូឌែល AI មានទំហំធំពេក មិនអាចផ្លាស់ទីបានរហ័ស ហើយមិនមានថាមពលកុំព្យូទ័រគ្រប់គ្រាន់ដើម្បីដំណើរការដោយឯករាជ្យនោះទេ។ ទោះជាយ៉ាងណា អត្ថបទរបស់ Anthropic បានព្យាយាមពន្យល់ពីវិធីសាស្រ្តដែលបញ្ហាប្រឈមទាំងនោះអាចត្រូវបានកើតឡើងរួមមាន៖
១៖ ការសាកល្បងលើម៉ូឌែលទំហំមធ្យម គឺការសាកល្បងបង្ហាញថា ម៉ូឌែល AI ទំហំមធ្យម (ដែលមានចន្លោះ 30 ពាន់លាន parameters ឬតិចជាងនេះ) អាចបំពេញភារកិច្ចបុគ្គលជាច្រើន ដែលត្រូវការសម្រាប់ការចម្លងខ្លួនឯងបានរួចទៅហើយ ទោះបីជាវានៅតែមានការលំបាកក្នុងការបន្តដំណើរការទាំងមូលឱ្យបានរលូនក៏ដោយ។
២៖ ការលួចប្រើប្រាស់ឧបករណ៍ផ្សេងៗ គឺAnthropic បញ្ជាក់ថា ម៉ូឌែល AI អាចប្រមូលផ្តុំកម្លាំងកុំព្យូទ័រដែលត្រូវការ ដោយការលួចចូលបញ្ជាលើឧបករណ៍ភ្ជាប់អ៊ីនធឺណិតដែលមានតម្លៃថោកៗ ហើយពួកវាបានបង្ហាញសមត្ថភាពចម្លងខ្លួនឯងលើបណ្តាញតេស្តសាកល្បងបានជោគជ័យ។
៣៖ ពិបាកក្នុងការបិទ ក្រុមហ៊ុនបានបញ្ជាក់ថា «ការចម្លងខ្លួនឯងបែបនេះ នឹងមានភាពពិបាកខ្លាំងក្នុងការបិទ ឬបង្ក្រាប ដោយសារតែវាមិនមានចំណុចកណ្តាល (Centralized point) ណាមួយសម្រាប់ឱ្យយើងបិទនោះទេ»។
ប្រសិនបើម៉ូឌែលតូចៗទាំងនេះបន្តអភិវឌ្ឍក្នុងអត្រាដូចបច្ចុប្បន្ន ពួកវាអាចនឹងឈានដល់សមត្ថភាពចម្លងខ្លួនឯងដោយស្វ័យប្រវត្តិនៅចុងឆ្នាំ២០២៦ ហើយថែមទាំងអាចរកវិធីវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យធំៗ ដើម្បីទាញយកថាមពលកុំព្យូទ័រកាន់តែធំជាងមុនទៀតផង។ ការព្រមាននេះ បានបន្ថែមនូវក្តីបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យសន្តិសុខដែលពាក់ព័ន្ធនឹងប្រព័ន្ធ AI ដែលមានសមត្ថភាពខ្ពស់ រាប់បញ្ចូលទាំងការវាយប្រហារសាយប័រ ដោយស្វ័យប្រវត្តិ ការដំណើរការដោយគ្មានការត្រួតពិនិត្យពីមនុស្ស និងការគេចផុតពីប្រព័ន្ធសុវត្ថិភាព៕











