ក្រុមហ៊ុនមូលបត្រ ភីភី លីង ជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រតែមួយគត់ពីកម្ពុជា ដែលបានឡើងលើឆាកអន្តរជាតិដ៏ធំបំផុតនៅ iFX EXPO Asia 2026 ហុងកុង!
14-10-2026 11:36
(ភ្នំពេញ)៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង (PP Link Securities) ដែលជាក្រុមហ៊ុនឈ្មួញជើងសាឈានមុខគេមួយក្នុងវិស័យមូលបត្រ និងឧបករណ៍និស្សន្ទនៅកម្ពុជា បានបញ្ចប់បេសកកម្មដ៏ប្រវត្តិសាស្ត្រដោយជោគជ័យ និងមោទនភាពយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ iFX EXPO Asia 2026 ដែលជាពិព័រណ៍ហិរញ្ញវត្ថុ និង Fintech ដ៏ធំបំផុតក្នុងតំបន់អាស៊ី។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅពីថ្ងៃទី ០៧–០៩ ខែតុលា ឆ្នាំ២០២៦ នៅ Hong Kong Convention and Exhibition Centre ទីក្រុងហុងកុង។
iFX EXPO Asia 2026 គឺជាវេទិកា B2B លំដាប់ពិភពលោក ដែលបានទាក់ទាញអ្នកចូលរួម និងអ្នកជំនាញជាង ៥,០០០ នាក់ ក្រុមហ៊ុនតាំងពិពណ៌ជាង ១៥០ ក្រុមហ៊ុន និងវាគ្មិនជាង ១២០ នាក់ មកពីជាង ១៣០ ប្រទេស រួមមានអាស៊ី អឺរ៉ុប អាមេរិក និងមជ្ឈិមបូព៌ា។ នេះគឺជាជំនួបកំពូលនៃថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនឈ្មួញជើងសាអន្តរជាតិដ៏ល្បីល្បាញ អ្នកផ្តល់សេវាទូទាត់សាច់ប្រាក់ ក្រុមហ៊ុន Fintech និងវិនិយោគិនសកល។
ការចូលរួមរបស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង (PP Link Securities) មិនមែនគ្រាន់តែជាការបង្ហាញវត្តមានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាសម្គាល់ដ៏ច្បាស់លាស់ថា ទីផ្សារមូលបត្រ និងឧបករណ៍និស្សន្ទកម្ពុជា បានឈានដល់កម្រិតដែលសមនឹងឈរជាមួយ ដៃគូអន្តរជាតិដ៏មានឈ្មោះល្បីល្បាញ។
ក្នុងអំឡុងពេលតាំងពិពណ៌ ក្រុមហ៊ុនបានដើរតួជា ស្ពានភ្ជាប់ រវាងទីផ្សារឧបករណ៍និស្សន្ទកម្ពុជា និងថ្នាក់ដឹកនាំហិរញ្ញវត្ថុពិភពលោក ដោយបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ និងបើកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើន។
លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានថ្លែងឲ្យដឹងថា «សម្រាប់យើងខ្ញុំ ការចូលរួមនៅ iFX EXPO Asia 2026 មិនមែនគ្រាន់តែជាការទៅបង្ហាញវត្តមានធម្មតាទេ វាជាបេសកកម្មដ៏មានអត្ថន័យក្នុងការនាំយកកិត្តិនាម កិត្តិយស និងការរីកចម្រើននៃវិស័យហិរញ្ញវត្ថុកម្ពុជា ទៅបង្ហាញជូនសហគមន៍ហិរញ្ញវត្ថុពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់។ យើងមានមោទនភាពយ៉ាងខ្លាំង ដែលបានបង្កើតទំនាក់ទំនង និងបើកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ ដែលនឹងជួយលើកស្តង់ដារទីផ្សារមូលបត្រ និងឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែខ្ពស់ និងប្រកបដោយចីរភាព»។
តាមរយៈជោគជ័យនេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង មិនត្រឹមតែបានបង្ហាញសក្តានុពល និងបរិយាកាសវិនិយោគដ៏មានប្រៀប នៃកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំយកបទពិសោធន៍ គំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា Fintech ទំនើបៗ មកអភិវឌ្ឍសេវាកម្មជូនអតិថិជន និងរួមចំណែកដល់ការរីកចម្រើន រយៈពេលវែងនៃវិស័យហិរញ្ញវត្ថុកម្ពុជា៕




























