FBI ចាប់ខ្លួនអតីតវិស្វករ OpenAI ក្រោយរកឃើញឧបករណ៍ថតសំឡេងសម្ងាត់ក្នុងបន្ទប់ប្រជុំ
14-10-2026 13:28
(បរទេស)៖ ភ្នាក់ងារសហព័ន្ធអាមេរិកបានចាប់ខ្លួនលោក Abdulrahman Alfozan អាយុ ៣៥ឆ្នាំ ជនជាតិអារ៉ាប៊ីសាអូឌីត និងជាអតីតវិស្វកររបស់ក្រុមហ៊ុន OpenAI ដោយចោទប្រកាន់ថា លោកបានដំឡើងឧបករណ៍ថតសំឡេងសម្ងាត់ក្នុងបន្ទប់ប្រជុំរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន។ ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា ឧបករណ៍នេះត្រូវបានរកឃើញនៅថ្ងៃទី៣០ ខែកញ្ញា ដោយភ្ជាប់ទៅនឹងរន្ធ USB នៅខាងក្រោយទូរទស្សន៍ និងលាក់ទុកក្នុងក្រដាសអនាម័យ។ ក្រោយមក អ្នកស៊ើបអង្កេតក៏បានរកឃើញឧបករណ៍ស្រដៀងគ្នាមួយទៀតនៅក្នុងកាបូបផ្ទាល់ខ្លួនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
OpenAI បានឱ្យដឹងថា ក្រុមហ៊ុនបានប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ដែលខ្លួនមាន ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលដំឡើងឧបករណ៍ និងស្វែងរកប្រភពដើមរបស់វា។ ក្រុមហ៊ុនអះអាងថា មានភស្តុតាងបង្ហាញថា បុគ្គលិករូបនេះមានបំណងដំឡើងឧបករណ៍ថតសំឡេងបន្ថែមនៅតាមតំបន់រសើបក្នុងការិយាល័យ ដើម្បីលួចថតការប្រជុំ។ ទោះជាយ៉ាងណា OpenAI បញ្ជាក់ថា៖ «បច្ចុប្បន្ន យើងមិនទាន់មានភស្តុតាងបង្ហាញថា បុគ្គលរូបនេះបានលួចចូលប្រើ ឬលួចយកព័ត៌មានសម្ងាត់សំខាន់ៗរបស់ក្រុមហ៊ុន ដូចជា ទិន្នន័យដែលប្រើសម្រាប់ដំណើរការម៉ូដែល AI កូដកម្មវិធី ឬព័ត៌មានរបស់អតិថិជននោះទេ»។ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិករូបនេះពីការងារ និងបញ្ជូនករណីនេះទៅ FBI ដើម្បីបន្តការស៊ើបអង្កេត។
លោក Kash Patel នាយក FBI បាននិយាយថា៖ «លោក Abdulrahman Alfozan ត្រូវបានចោទប្រកាន់ថា បានលាក់ឧបករណ៍ថតសំឡេងសម្ងាត់នៅក្នុងបន្ទប់ប្រជុំរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីលួចថតការសន្ទនាដែលមានព័ត៌មានរសើបពាក់ព័ន្ធនឹងបច្ចេកវិទ្យា Superintelligence របស់ក្រុមហ៊ុន»។ បច្ចេកវិទ្យានេះសំដៅលើបញ្ញាសិប្បនិម្មិតដែលអាចមានសមត្ថភាពឆ្លាតវៃលើសមនុស្ស។ តាមពាក្យបណ្តឹងរបស់ FBI លោក Alfozan ក៏ត្រូវបានចោទថាបានប្រើឧបករណ៍ AI ជំនួយការការងារ ដើម្បីស្វែងរកព័ត៌មានអំពីកាលវិភាគ និងមុខងាររបស់បន្ទប់ប្រជុំអស់រយៈពេលប្រហែលមួយខែ។ ប្រសិនបើត្រូវបានកាត់ទោសឱ្យមានពិរុទ្ធភាព លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ពិន័យជាប្រាក់ ២៥០.០០០ដុល្លារ និងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរយៈពេល ៣ឆ្នាំ។
គួរជម្រាបថា ករណីនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសន្តិសុខព័ត៌មានសម្ងាត់ក្នុងវិស័យ AI។ កាលពីសប្តាហ៍មុន OpenAI ក៏បានបញ្ឈប់អ្នកស្រាវជ្រាវ ៣នាក់ បន្ទាប់ពីការស៊ើបអង្កេតរកឃើញថា ពួកគេបានបំពានគោលការណ៍ក្រុមហ៊ុនស្តីពីការគ្រប់គ្រងព័ត៌មានរសើប។ អ្នកស្រាវជ្រាវទាំងនោះបានលើកឡើងក្នុងលិខិតមួយថា ការបញ្ឈប់ការងារភ្លាមៗអាចបង្កភាពមិនច្បាស់លាស់ក្នុងចំណោមបុគ្គលិក និងប៉ះពាល់ដល់វប្បធម៌ដែលអនុញ្ញាតឱ្យអ្នកស្រាវជ្រាវលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងសុវត្ថិភាព៕












