គ្រូបង្វឹក PSG ជឿជាក់ថា ក្លិប Man City នឹងរួចផុតបម្រាម ជាពិសេសការកាត់ចេញពី Premier League
14-10-2026 15:08
(បរទេស)៖ លោក Luis Enrique អ្នកចាត់ការទូទៅក្រុម Paris St-Germain បាននិយាយថា រូបលោកពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដឹងថា Manchester City ត្រូវបានរកឃើញ ពីការប្រព្រឹត្តកំហុសទៅនឹងច្បាប់ចាយវាយនៅក្របខណ្ឌ Premier League ដោយសង្ឃឹមថា ក្លិបប្រចាំនៅទីក្រុង Manchester មួយនេះ រួចផុតពីបម្រាមផងដែរ ជាពិសេសការកាត់ចេញពីលីគកំពូលតែម្តង។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទ មុនជំនួបរវាងក្រុមការពារតំណែងជើងឯក PSG ទល់នឹងម្ចាស់ផ្ទះ Man City នៅរាត្រីថ្ងៃពុធនេះ ក្នុងពានអឺរ៉ុប UEFA Champions League 2026-27 ដែលជាការប្រកួតក្នុងដីលើកដំបូងរបស់ City ក្រោយរកឃើញល្មើសច្បាប់ហិរញ្ញវត្ថុ។
បុរសសញ្ជាតិអេស្ប៉ាញ Enrique បានថ្លែងថា «វាមានសំឡេងរំខានជាច្រើនបានកើតឡើងចំពោះ Man City ដែលកន្លងមកតែងតែកើតមានផងដែរចំពោះក្លិបធំៗ។ ពួកយើងមានតែរង់ចាំការសម្រេចចុងក្រោយតែប៉ុណ្ណោះ ហើយក៏សង្ឃឹមថា គ្រប់យ៉ាងវានឹងល្អប្រសើរសម្រាប់ City ក៏ព្រោះតែខ្ញុំគិតថា ពួកគេធ្វើបានល្អនៅលើទីលាន និងឈ្នះពានគ្រប់យ៉ាងផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
គួររំលឹកផងថា ស្ថាប័នឯករាជ្យបានរកឃើញថា ក្រុមមេឃខៀវ City បានល្មើសច្បាប់ហិរញ្ញវត្ថុនៅ PL មានរយៈពេលជាង ៩ឆ្នាំមកហើយ ពោលគឺនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ តាមរយៈការបង្កើតកិច្ចសន្យាក្លែងក្លាយជាមួយកីឡាករដែលមានទំហំទឹកប្រមាណជាង ៨៣០លានផោនឯណោះ។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំ Man City បានបដិសេធ និងបានប្តឹងបកទៀតផង។
នៅចាំបានថា លោក Enrique ជាមិត្តភ័ក្តិនឹងអតីតគ្រូបង្វឹក City លោក Pep Guardiola ដោយរំពឹងថា លោក Pep នឹងត្រឡប់មកកាន់កីឡដ្ឋាន Etihad ជាលើកដំបូងនៅថ្ងៃពុធនេះ គិតចាប់តាំងពីការចាកចេញនៅបំណាច់រដូវកាលមុន ក្រោយដឹកនាំឈ្នះជាង ២០ពាន ក្នុងរយៈពេល ១០ឆ្នាំ៕



