ACL2៖ ប៉ះក្រុម Shanghai យប់នេះ គ្រូព្រះខ័នរាជ រំពឹងទទួលលទ្ធផលល្អ ក្រោយបំពេញចំណុចខ្វះខាតពីការជួបក្រុមខ្លាំងជប៉ុន
15-10-2026 09:28
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុមខ្លាំង Shanghai Shenhua FC របស់ចិន នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ នៅក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two (ACL2) 2026/27 ពូល G។
ជុំវិញការប្រកួតទី២ ក្នុងពូលនេះ គ្រូបង្វឹកក្រុមទាំងពីរបានបង្ហាញការត្រៀមលក្ខណៈរួចរាល់ ដើម្បីប្រកួតប្រជែងលើសមរភូមិវាលស្មៅ ដោយសុទ្ធតែបានចាត់ទុកនេះគឺជាការប្រកួតដ៏សំខាន់ ពិសេសលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ដែលរំពឹងទទួលបានលទ្ធផលល្អពីការប្រកួតដ៏តានតឹងនេះ បន្ទាប់ពីបានបំពេញនូវចំណុចខ្វះខាតពីការបរាជ័យក្នុងការប្រកួតដំបូង ទល់ក្រុមខ្លាំង Machida Zelvia របស់ជប៉ុន ២-០ កាលពីថ្មីៗ។
លោក McConkey ទទួលស្គាល់ក្រុម Shanghai Shenhua FC ក៏ជាក្រុមខ្លាំងមួយផងដែរ ដែលសម្បូរដោយកីឡាករមានគុណភាពល្អៗ។ ដូច្នេះជំនួបជើងទី១ រវាងក្រុមទាំងពីរនារាត្រីថ្ងៃព្រហស្បតិ៍នេះនឹងក្លាយជាការប្រកួតដ៏តានតឹង ហើយលោកសង្ឃឹមថា នឹងលេងនៅក្នុងរបៀបដែលក្រុមបានរៀបចំ និងទទួលបានលទ្ធផលល្អ។
លោកបន្ថែមទៀតថា «ការប្រកួតទី១ យើងបរាជ័យ តែក្នុងប្រកួតនោះ ការលេងរបស់យើង ក៏ធ្វើបានល្អច្រើនដែរ។ យើងដឹងហើយ យើងចាញ់តែចាញ់ក្រុមដែលលេងវគ្គផ្ដាច់ព្រ័ត្រ AFC Champions Elite កាលពីឆ្នាំមុន។ វាជាលើកដំបូង ដែលក្រុមកម្ពុជាលេងជាមួយក្រុមមកពីជប៉ុនក្នុងពាន ACL2 ហើយចំណុចត្រូវកែតម្រូវរបស់យើងត្រៀមការប្រកួតនេះ គឺយើងបានរៀបចំក្នុងការកែតម្រូវហើយ នូវអ្វីដែលយើងបានដឹង និងចំណុចដែលយើងអាចកែតម្រូវបាន ដូចជាការប្រជែង ១ ទល់១ និងការការពារជាដើម»។
ទន្ទឹមជាមួយគ្នា លោក Vladan Milojevic គ្រូបង្វឹកក្រុម Shanghai Shenhua FC ក៏បានចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង ពិសេសការប្រជែងកាយសម្បទាខ្លាំង ការដាក់សម្ពាធខ្លាំង ល្បឿនលឿន និងការវាយបកដ៏មានគុណភាព។ ដូច្នេះការប្រកួតនារាត្រីនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមខ្លួនបានផ្ដោតខ្លាំង ដើម្បីធ្វើយ៉ាងណាប្រកួតប្រជែង និងស្វែងរកលទ្ធផលល្អត្រឡប់ទៅផ្ទះវិញ ទោះបីក្រុមខ្លួនមិនសូវមានពេលវេលាសម្រាកគ្រប់គ្រាន់ ក៏ដូចជាត្រូវលេងចំពោះមុខអ្នកគាំទ្រកម្ពុជាដ៏ច្រើនយ៉ាងណាក៏ដោយ។
សូមរំឮកថា យុទ្ធនាការប្រកួតពានលំដាប់ទី២ ទ្វីបអាស៊ីនេះ ក្នុងចំណោមបេក្ខភាពទាំង៤ នៃពូល G គឺត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គបន្ដ។ សម្រាប់ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើការងារធ្ងន់ បន្ទាប់ពីភ្លាត់ចាញ់ការប្រកួតដំបូង ដោយពួកគេត្រូវការពិន្ទុពីការប្រកួតបន្ទាប់ សម្រាប់ជាដើមទុន និងជាកម្លាំងចិត្តប្រកួតប្រជែងនាការប្រកួតក្រោយៗ។
រីឯក្រុម Shanghai Shenhua FC កំពុងមាន ៣ពិន្ទុក្នុងដៃ បន្ទាប់ពីយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ២-១ កាលពីថ្មីៗ៕









