ភ្នំពេញក្រោន ប៉ះក្រុមខ្លាំង Gangwon របស់កូរ៉េយប់នេះ បង្ហាញថា ក្រុមនៅកម្ពុជាអាចប្រកួតប្រជែងបានលើឆាកអន្ដរជាតិ
15-10-2026 09:32
(ភ្នំពេញ)៖ ក្រៅពីក្លិបព្រះខ័នរាជស្វាយរៀង ដែលត្រូវបើកទ្វារផ្ទះទទួលក្លិប Shanghai Shenhua FC របស់ចិនក្នុងពូល G កម្ពុជាក៏នឹងមាន ១ក្លិបទៀត ដែលត្រូវធ្វើការប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 នៅថ្ងៃទី១៥ ខែតុលានេះដែរ គឺក្លិបភ្នំពេញក្រោន នឹងត្រូវជួបក្រុមខ្លាំង Gangwon FC របស់កូរ៉េខាងត្បូង ក្នុងពូល H នាវេលាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Gangneung។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតខាងលើ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានចាត់ទុកនេះ គឺជាការប្រកួតប្រវត្តិសាស្ដ្រាមួយរបស់អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ ហើយក៏ជាកិត្តិយសមួយសម្រាប់ក្រុមសិង្ហក្រហម ដែលបានលេងក្នុងនាមតំណាងឲ្យកម្ពុជា ពិសេសការប្រកួតទល់ក្រុមកម្រិតខ្ពស់ ដូចជា Gangwon FC។ លោកបានសង្កត់ធ្ងន់ថា «យើងមានមោទកភាពក្នុងការបង្ហាញថា ក្រុមនៅកម្ពុជាអាចប្រកួតប្រជែងបានលើឆាកអន្តរជាតិ»។
លោក Oleg បន្ដថា លីគបាល់ទាត់កូរ៉េខាងត្បូង មានការប្រកួតប្រជែងខ្លាំង ពិសេសក្រុមឈរលេខ២ ដល់លេខ៩ ដែលមានគម្លាតពិន្ទុពីគ្នាត្រឹម ៦ពិន្ទុ។ ដូច្នេះលោកដឹងច្បាស់ថា ការប្រកួតទល់ក្រុម Gangwon FC នឹងមានការប្រកួតប្រជែងខ្លាំងកម្រិតណា ស្របពេលក្រុមម្ចាស់ផ្ទះ កំពុងតែប្រជែងកៅអី ដើម្បីបានលេងពានរង្វាន់អន្ដរជាតិ AFC Champions League Elite នារដូវកាលក្រោយផងនោះ។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនដដែលបន្ដថា «ពួកគេ (Gangwon FC) ជាក្រុមដែលលេងបាល់លឿន បូករួមជាមួយកាយសម្បទា បច្ចេកទេស និងការប្រជែងខ្លាំង ជាមួយនឹងការដឹកបាល់ទៅបញ្ចប់ទីគូប្រកួត ខ្ញុំគិតថាការលេងបែបនេះគឺវាជាភាពទាក់ទាញមួយផងដែរ។ ពួកគេមិនរបូតគ្រាប់បាល់ច្រើននោះទេ ហើយការការពាររបស់គេគឺពិតជាខ្លាំងក្លាណាស់»។
«អ្វីដែលខុសប្លែកពីកម្ពុជាគឺអាកាសធាតុ យើងលេងនៅក្រោមអាកាសធាតុ ៣០បូក ហ្វឹកហាត់ក្រោមអាកាសធាតុ ៣០បូក ហើយការប្រកួតគឺក្រោមអាកាសធាតុក្តៅ ដូច្នេះយើងមកទីនេះដូចជាភពផ្សេងមួយទៀត នេះគឺជាផលវិបាកមួយដែរសម្រាប់យើង យើងត្រូវតែសម្របខ្លួនតាមស្ថានការណ៍នេះ ហើយបើនិយាយអំពីការប្រកួតគឺតានតឹង»។ លោក Oleg បន្ថែម។
ចំពោះស្ថានភាពក្រុមទាំងពីរបច្ចុប្បន្ន គឺភ្នំពេញក្រោនកំពុងឈរលេខ១ ក្នុងពូល H បណ្ដោះអានស្ន បន្ទាប់ពីយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី ២-១ កាលពីខែកញ្ញា ស្របពេល Gangwon មាន ១ពិន្ទុ ក្រោយប្រកួតស្មើក្រុម Kitchee របស់ហុងកុង ០-០។ ការណ៍នេះបានធ្វើឲ្យក្រុមខ្លាំងរបស់កូរ៉េខាងត្បូងនេះ ផ្ដោតការយកចិត្តទុកដាក់ខ្លាំង ដើម្បីប្រជែងពិន្ទុលើទឹកដីរបស់ខ្លួន ស្របពេលភ្នំពេញក្រោន ក៏ត្រៀមប្រយុទ្ធ ដើម្បីស្វែងរកលទ្ធផលវិជ្ជមានត្រឡប់មកផ្ទះវិញផងដែរ៕







