Google ផ្តល់ AI ទំនើប និងឥណទាន ៣លានដុល្លារ ដល់អ្នកស្រាវជ្រាវអឺរ៉ុប
15-10-2026 09:40
(បរទេស)៖ ក្រុមហ៊ុន Google DeepMind និង Google Cloud របស់ក្រុមហ៊ុនមេ Alphabet នឹងផ្តល់សិទ្ធិឱ្យអ្នកស្រាវជ្រាវវិទ្យាសាស្ត្ររហូតដល់ ២០០នាក់នៅអឺរ៉ុប ចូលប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ជំនាន់ទំនើបរបស់ខ្លួនដោយផ្ទាល់ ព្រមទាំងផ្តល់ឥណទានសម្រាប់ប្រើប្រាស់ធនធានកុំព្យូទ័រចំនួន ៣លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
តាមការបញ្ជាក់របស់ក្រុមហ៊ុន គំនិតផ្តួចផ្តើមនេះនឹងអនុញ្ញាតឱ្យអ្នកស្រាវជ្រាវប្រើប្រាស់ឧបករណ៍ AI សម្រាប់វិទ្យាសាស្ត្ររបស់ខ្លួន រួមមាន AlphaFold 3, WeatherNext, AlphaGenome, AlphaEvolve និង AlphaEarth Foundations ដើម្បីជួយពន្លឿនការងារស្រាវជ្រាវ និងដោះស្រាយបញ្ហាស្មុគស្មាញ។
Google DeepMind និង Google Cloud បានឱ្យដឹងថា ឧបករណ៍ទាំងនេះអាចជួយអ្នកស្រាវជ្រាវក្នុងការងារជាច្រើន ដូចជាការព្យាករណ៍បាតុភូតអាកាសធាតុធ្ងន់ធ្ងរ និងការសិក្សារចនាសម្ព័ន្ធម៉ូលេគុល ដែលជាផ្នែកសំខាន់ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ។
គួរជម្រាបថា ការផ្តល់សិទ្ធិប្រើប្រាស់ម៉ូដែល AI និងឥណទានធនធានកុំព្យូទ័រនេះ មានគោលបំណងជួយឱ្យអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវបានលឿន និងមានប្រសិទ្ធភាពជាងមុន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញ៕











