* FIFA នឹងបន្ថែមប្រាក់ ២.៦ពាន់លានផោនទៀត ទៅលើគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅជុំវិញពិភពលោក
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

OpenAI ត្រូវបានរដ្ឋចំនួន ៨ នៅអាមេរិក ប្តឹងពីបទធ្វើឱ្យប៉ះពាល់ដល់កុមារ និងភូតភរអាណាព្យាបាល

15-10-2026 10:27

(វ៉ាស៊ីនតោន)៖ រដ្ឋចំនួន ៨ នៅសហរដ្ឋអាមេរិក រួមមាន Iowa, Kansas, Nebraska, West Virginia, Arkansas, Arizona, Idaho និង Montana បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកពីគ្នានៅក្នុងតុលាការរដ្ឋ ប្រឆាំងនឹងក្រុមហ៊ុន OpenAI ដោយចោទប្រកាន់ថា កម្មវិធី AI Chatbot «ChatGPT» បានបង្កគ្រោះថ្នាក់ដល់កុមារ និងអនីតិជន ព្រមទាំងបានភូតភរអ្នកអាណាព្យាបាលអំពីសុវត្ថិភាពនៃបច្ចេកវិទ្យានេះ។

យោងតាមសារព័ត៌មាន Reuters និងឯកសារតុលាការដែលបានទម្លាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមអគ្គព្រះរាជអាជ្ញារដ្ឋ បានចោទប្រកាន់ OpenAI ថាបានរចនា ChatGPT ឱ្យមានលក្ខណៈអូសទាញ បង្កឱ្យមានការញៀន និងបង្កើតទំនាក់ទំនងផ្លូវចិត្តមិនប្រក្រតីជាមួយកុមារ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ChatGPT ធ្លាប់បានផ្តល់ចម្លើយដែលជំរុញ ឬណែនាំកុមារឱ្យធ្វើការបំផ្លាញខ្លួនឯង ការប្រព្រឹត្តអំពើហិង្សា និងការផ្តល់ប្រឹក្សាវេជ្ជសាស្ត្រប្រកបដោយគ្រោះថ្នាក់។

អគ្គព្រះរាជអាជ្ញារដ្ឋ Iowa លោកស្រី Brenna Bird បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា៖ «OpenAI កំពុងធ្វើឱ្យប៉ះពាល់ដល់កុមារ ហើយពួកគេបានកុហកសាធារណជនអំពីវិធានការសុវត្ថិភាពដែលពួកគេអះអាងថាមាន»។

តាមរយៈពាក្យបណ្តឹងនេះ បណ្តារដ្ឋទាំង ៨ កំពុងទាមទារឱ្យតុលាការដាក់ទោសទណ្ឌជាប្រាក់ពិន័យរាប់ពាន់ដុល្លារក្នុងមួយករណីរំលោភបំពាន ព្រមទាំងស្វែងរកដីកាបង្គាប់ឱ្យ OpenAI៖
- ផ្អាក ឬកម្រិតការសាកល្បងម៉ូឌែល AI កម្រិតខ្ពស់ ដោយគ្មានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។
- លុបទិន្នន័យអ្នកប្រើប្រាស់ ដែលប្រមូលបានពីអនីតិជនដោយខុសច្បាប់។
- បង្កើតប្រព័ន្ធផ្ទៀងផ្ទាត់អាយុ និងកម្រិតមុខងារដែលមានភាពទាក់ទាញខ្លាំងពេកលើកុមារ។

ចំណាត់ការផ្លូវច្បាប់រួមគ្នានេះ ត្រូវបានគេមើលឃើញថាជាសម្ពាធផ្លូវច្បាប់ដ៏ធំបំផុតមួយមិនធ្លាប់មានប្រឆាំងនឹងក្រុមហ៊ុនបង្កើត AI លើបញ្ហាសុវត្ថិភាពកុមារ បន្ទាប់ពីរដ្ឋ Florida ធ្លាប់បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះកាលពីពាក់កណ្តាលឆ្នាំ២០២៦ កន្លងទៅ៕