ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
15-10-2026 14:11
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមានសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ, បាត់ដំបងយូណៃធីត, ខេត្តកោះកុង និងសមាគមបាល់ទាត់ខេត្តព្រះសីហនុ។
មុនដឹកដៃគ្នាឡើងវគ្គ ៤ក្រុមចុងក្រោយសម្រាប់ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ទាំង ២ជើង ដោយលទ្ធផល ១៥-៣ ក្រោយបន្ដយកឈ្នះ ៩-១ ក្រៅដីក្នុងជំនួបជើងទី២ កាលពីម្សិលមិញ ស្របពេលក្រុមបាត់ដំបងយូណៃធីត បានយកឈ្នះក្រុមភូមិបាលស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង ទាំង ៧ជើងដូចគ្នា ដោយលទ្ធផល ៩-២ ក្រោយបន្ដយកឈ្នះក្រៅដី ៧-១ ដ្បិតជើងទី១ ឈ្នះត្រឹម ២-១ ប៉ុណ្ណោះនៅទឹកដីរបស់ខ្លួន។
ដោយឡែកក្រុមបាល់ទាត់ខេត្តកោះកុង បានប្រកួតស្មើក្រុមភ្ញៀវខេត្តបន្ទាយមានជ័យ ១-១ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន តែលទ្ធផលនេះបានធ្វើឲ្យខេត្តកោះកុងធានាបានកៅអីវគ្គបន្ដ បន្ទាប់ពីជើងទី១ ពួកគេបានយកឈ្នះក្រៅដី ២-១។ រីឯសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលបានធ្លាក់ត្រឹមវគ្គ ៨ក្រុមគួរឲ្យស្ដាយ បន្ទាប់ពីយកឈ្នះខេត្តព្រះសីហនុ ៤-២ កាលពីជើងទី១ តែត្រូវបានព្រះសីហនុវាយបកឈ្នះវិញ ៣-១ នៅជើងទី២ ដែលនាំឲ្យការប្រកួតឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយខេត្តព្រះសីហនុ បានយកឈ្នះខេត្តកណ្ដាល ៥-៣ ឡើងទៅវគ្គបន្ដតែម្ដង។
សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រោងធ្វើការប្រកួត ២ជើងដូចគ្នា នាថ្ងៃទី២១ និងថ្ងៃទី២៨ ខែតុលាខាងមុខ ដោយក្រុមបាល់ទាត់បាត់ដំបងយូណៃធីត ត្រូវជួបខេត្តកោះកុង និងសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រូវជួបខេត្តព្រះសីហនុ ហើយក្រុមឈ្នះ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនាដើមខែវិច្ឆិកា ដើម្បីកំណត់បេក្ខភាពក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០២៦/២៧ តែម្ដង៕












