* FIFA នឹងបន្ថែមប្រាក់ ២.៦ពាន់លានផោនទៀត ទៅលើគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅជុំវិញពិភពលោក
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

ByteDance ជិតសម្រេចកិច្ចព្រមព្រៀងទិញបន្ទះឈីប AI ពីក្រុមហ៊ុន MediaTek សម្រាប់មជ្ឈមណ្ឌលទិន្នន័យ

15-10-2026 14:20

(តៃប៉ិ)៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម TikTok កំពុងស្ថិតក្នុងកិច្ចចរចាកម្រិតជិតស្និទ្ធ ដើម្បីទិញបន្ទះឈីប AI ប្រភេទ Custom ASIC ពីក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ MediaTek សម្រាប់យកទៅប្រើប្រាស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ (Data Center Operations) របស់ខ្លួន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg News។

ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ ByteDance នឹងក្លាយជាអតិថិជនធំបំផុតទីពីររបស់ MediaTek លើផ្នែកបន្ទះឈីប Custom AI បន្ទាប់ពីក្រុមហ៊ុន Alphabet (Google)។ កិច្ចសហការនេះ នឹងជួយឱ្យក្រុមហ៊ុន MediaTek ពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនហួសពីទីផ្សារបន្ទះឈីបស្មាតហ្វូន ទៅកាន់ទីផ្សារ AI Data Center ដែលកំពុងមានការប្រកួតប្រជែងយ៉ាងក្តៅគគុកជាមួយក្រុមហ៊ុន Broadcom, Qualcomm និង Nvidia។

ការបោះជំហានស្វែងរកដៃគូផ្គត់ផ្គង់ថ្មីនេះ កើតឡើងក្នុងបរិបទដែល ByteDance បានរៀបចំថវិកាចំណាយលើហេដ្ឋារចនាសម្ព័ន្ធ AI (Capex) ក្នុងទំហំរហូតដល់ ១៦០ ទៅ ២០០ពាន់លានយ័ន (ប្រមាណ ២២ ទៅ ២៨ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២៦ ដោយក្នុងនោះពាក់កណ្តាលនៃថវិកាត្រូវតម្កល់ទុកសម្រាប់ទិញបន្ទះឈីបប្រកបដោយថាមពលគណនាខ្ពស់។ តាមរយៈកិច្ចសហការជាមួយ MediaTek ក្រុមហ៊ុន ByteDance មានគោលបំណងពង្រឹងភាពធន់នៃការផ្គត់ផ្គង់ Hardware និងកាត់បន្ថយហានិភ័យលើការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាក្នុងតំបន់។

ទោះជាយ៉ាងណា តំណាងក្រុមហ៊ុន ByteDance និង MediaTek មិនទាន់ចេញមុខបញ្ជាក់ ឬផ្តល់ការអត្ថាធិប្បាយផ្លូវការណាមួយជុំវិញព័ត៌មានលម្អិតនៃបរិមាណ និងតម្លៃនៃកិច្ចព្រមព្រៀងនេះនៅឡើយទេ៕