ប៊ូសស្រ្តង រៀបចំមហាព្រឹត្តិការណ៍ «ភិមានអាកាស Boostrong គុនខ្មែរ Fight Clubbing» ផ្សព្វផ្សាយគុនខ្មែរ និងទេសចរណ៍ទៅកាន់ ២០០ប្រទេស
15-10-2026 15:41
(សៀមរាប)៖ ក្រុមហ៊ុន ប៊ូសស្រ្តង បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកកេរ្តិ៍ឈ្មោះក្បាច់គុនខ្មែរ និងសម្រស់តំបន់ទេសចរណ៍កម្ពុជា ទៅផ្សព្វផ្សាយឱ្យល្បីល្បាញរីកសុះសាយដល់ទៅជាង ២០០ប្រទេសជុំវិញពិភពលោក ជាពិសេសបង្ហាញទៅកាន់បណ្តាប្រទេសជិតខាង ដើម្បីឱ្យស្គាល់ពីប្រភពដើមនៃក្បាច់គុនខ្មែរពិតប្រាកដ។
ដើម្បីសម្រេចបំណងនេះ ប៊ូសស្រ្តង នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយមានឈ្មោះថា «ភិមានអាកាស Boostrong គុនខ្មែរ Fight Clubbing» នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ លើទឹកដីអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងសហការជាមួយទូរទស្សន៍ Town ដោយមានការប្រកួតរវាងកំពូលកីឡាករគុនខ្មែរខ្លាំងៗ និងកីឡាករបរទេស ដើម្បីចូលរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនខ្មែរលើទឹកដីដ៏អច្ឆរិយៈនេះ ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។
មិនត្រឹមតែផ្តោតលើការលើកតម្កើងក្បាច់គុនខ្មែរប៉ុណ្ណោះទេ ប៊ូសស្រ្តង ក៏នឹងឆ្លៀតឱកាសផ្សព្វផ្សាយទាំងគុនខ្មែរ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតរបស់កម្ពុជា ទៅកាន់ប្រទេសនានាជាង ២០០ប្រទេសជុំវិញពិភពលោក តាមរយៈកម្មវិធី «ភិមានអាកាស Boostrong គុនខ្មែរ» នេះផងដែរ។ នេះជាការបង្ហាញពីក្តីស្រឡាញ់ និងការគាំទ្ររបស់ ប៊ូសស្រ្តង ចំពោះប្រជាជនខ្មែរ និងវប្បធម៌ជាតិ។





