* FIFA នឹងបន្ថែមប្រាក់ ២.៦ពាន់លានផោនទៀត ទៅលើគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅជុំវិញពិភពលោក
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

៣ស្ថាប័នរួមគ្នាបង្កើតប្រវត្តិសាស្ដ្រ ដើម្បីលើកស្ទួយគុនខ្មែរ ទៅកាន់ពិភពលោក

15-10-2026 16:30

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់អន្ដរជាតិ «ភិមានអាកាស Kun Khmer - Fight Clubbing» ឆ្នាំ២០២៦ នឹងមកដល់នាថ្ងៃទី១៨ ខែតុលាចុងសប្ដាហ៍នេះ ដោយមានកីឡាករឆ្នើមៗរបស់កម្ពុជា ៧រូប ត្រូវជួបតតាំងជាមួយកីឡាករល្បីៗមកពី ៧ប្រទេសផ្សេងៗ នៅបរិវេនព្រះលានជល់ដំរី នៃក្រុងអង្គរធំ ខេត្តសៀមរាប។

នេះគឺជាការចាប់ផ្ដើម នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នធំៗចំនួន៣ គឺមានស្ថានីទូរទស្សន៍ ថោន របស់កម្ពុជា ជាមួយស្ថាប័ន Fight Clubbing របស់ប្រទេសអ៉ីតាលី និងបណ្តាញផ្សព្វផ្សាយកីឡាដ៏ល្បី DAZN របស់អង់គ្លេស ដែលទើបចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរៀបចំមហាព្រឹត្តិការណ៍អន្ដរជាតិខាងលើ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងមានកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក ថមមី គីម ទីប្រឹក្សាទូរទស្សន៍ថោន និងជាប្រធានស្ថាប័ន IPCC នៅកម្ពុជា បានគូសបញ្ជាក់ថា នេះគឺជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីជាតិមាតុភូមិ ដើម្បីគុនខ្មែរ និងដើម្បីវិស័យទេសចរណ៍ ក្នុងការចាប់ដៃជាមួយស្ថាប័នអន្ដរជាតិរៀបចំព្រឹត្តិការណ៍ «ភិមានអាកាស Kun Khmer - Fight Clubbing» ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ដ្ររៀបចំរបស់សង្វៀនថោន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក។

លោកថា «យើងមិនមែនធ្វើសម្រាប់តែប្រដាល់មួយមុខនោះទេ តែ យើងបង្កើតកម្មវិធីប្រដាល់មួយឲ្យមានសក្ដានុពលក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជារបស់យើង ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យ ដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់យើង ការផ្សព្វផ្សាយទេសចរណ៍ ក្នុងតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងៗ ទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា»។

ជាមួយគ្នាលោក Andrea Carletti នាយកគ្រប់គ្រងស្ថាប័ន Fight Clubbing និងតំណាង DAZN សុទ្ធតែបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការស្វាគមន៍ដ៏កក់ក្ដៅនៅកម្ពុជា ហើយស្ថាប័នអន្ដរជាតិទាំងពីរ បានបង្ហាញការប្ដេជ្ញាយ៉ាងមុតមាំក្នុងការរួមគ្នាបង្កើតប្រវត្តិសាស្ដ្រថ្មីដើម្បីគុនខ្មែរ។ លោក Andrea Carletti សង្កត់ធ្ងន់ថា «អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងចាប់ផ្ដើមភាពជាដៃគូរយៈពេលយូរអង្វែង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក មិត្ដភាព និងចក្ខុវិស័យរួមគ្នា គឺរួមគ្នាបង្កើតប្រវត្តិសាស្ដ្រ»។

សម្រាប់គូប្រកួតខ្លាំងប៉ះខ្លាំងក្នុងព្រឹត្តិការណ៍ «ភិមានអាកាស Kun Khmer - Fight Clubbing» ឆ្នាំ២០២៦ នាចុងសប្ដាហ៍នេះ គូមានគូដណ្ដើមខ្សែក្រវាត់ ៤គូ ក្នុងនោះមានកីឡាករ ធឿន ធារ៉ា ត្រូវជួបកីឡាករសេណេហ្គាល់ Abdoulaye Diallo ដណ្ដើមខ្សែក្រវាត់ Fight Clubbing World Championship និងកីឡាករ អេ អាំម៉ារីនភូថង ត្រូវជួបកីឡាករអ៉ីតាលី Thristan Massobrio ដណ្ដើមខ្សែក្រវាត់ Fight Clubbing World Championship។

ចំណែកកីឡាករ ម៉ឺន មេឃា ជួបកីឡាករតួកគីយ៉េ Suayb Acar ដណ្តើមខ្សែក្រវាត់ IPCC World Championship Kickboxing និងកីឡាករ សោម វិច្ឆ័យ ជួបកីឡាករអ៉ីរ៉ង់ Ali Zarinfar ដណ្តើមខ្សែក្រវាត់ IPCC World Championship Kickboxing។ រីឯ ៣គូទៀត គឺជាការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រួមមានកីឡាករ ពេជ្រ សម្បត្តិ ត្រូវជួបកីឡាករទុយនេស៊ី Ragheb Dkhili, កីឡាករ ឈឿង ល្វៃ ជួបកីឡាករអាល់ហ្សេរី Bahri Ayoub និងកីឡាករ ផានិត គុនខ្មែរ ជួបកីឡាករអ៊ីតាលី Pasquale Rubino។

គួរដឹងថា សម្រាប់កីឡាករ ធឿន ធារ៉ា និង អេ អាំម៉ារីនភូថង ប្រសិនបើឈ្នះខ្សែក្រវាត់ នឹងទទួលបានកុងត្រា ៣ប្រកួតដោយស្វ័យប្រវត្តិជាមួយស្ថាប័ន Fight Clubbing ក្នុងព្រឹត្តិការណ៍បន្ដបន្ទាប់ជុំវិញពិភពលោក ខណៈខ្សែក្រវាត់ IPCC World Championship Kickboxing ប្រសិនបើឈ្នះដោយកីឡាករបរទេស ពួកគេក៏នឹងទទួលបានសិទ្ធពិសេសចូលរួមការប្រកួតលើសង្វៀនថោនផងដែរ៕