* ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាមនុស្សខ្លះចងចាំសុបិនបាន ខណៈអ្នកខ្លះភ្លេចភ្លាមៗក្រោយពេលភ្ញាក់?
* Google ព្រមានហានិភ័យវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ក្រោយរកឃើញចន្លោះប្រហោងសុវត្ថិភាពថ្មី
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងមហាសេដ្ឋីអាមេរិក ផ្តល់លុយរាប់រយលានដុល្លារ ចូលគម្រោងសាងសង់សាលពិធីសេតវិមាន របស់លោក ត្រាំ
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងមហាសេដ្ឋីអាមេរិក ផ្តល់លុយរាប់រយលានដុល្លារ ចូលគម្រោងសាងសង់សាលពិធីសេតវិមាន របស់លោក ត្រាំ

16-10-2026 10:06

(វ៉ាស៊ីនតោន)៖ យោងតាមរបាយការណ៍របស់សារព័ត៌មាន Washington Post បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ និងមហាសេដ្ឋីអាមេរិកជាច្រើនរូប បានព្រមព្រៀងផ្តល់ប្រាក់ឧបត្ថម្ភជាច្រើនលានដុល្លារ សម្រាប់គម្រោងសាងសង់សាលពិធី (Ballroom) ដ៏ធំសម្បើមនៅសេតវិមានរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបច្ចុប្បន្នទទួលបានថវិកាបរិច្ចាគពីផ្នែកឯកជនសរុបកើនឡើងដល់ ៣៣៣លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ក្រុមហ៊ុន Nvidia និង Apple បានសន្យាបរិច្ចាគថវិកាចំនួន ២៥លានដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន។ បន្ថែមពីនេះ គ្រួសារត្រកូល Adelson (អ្នកគាំទ្រហិរញ្ញវត្ថុរបស់បក្សសាធារណរដ្ឋ) និងមហាសេដ្ឋី Charles Ergen (ប្រធាន Dish Network) ក៏បានចូលរួមចំនួន ២៥លានដុល្លាររៀងៗខ្លួនផងដែរ។ ដោយឡែក ក្រុមហ៊ុនម៉ៅការការពារជាតិ និងបច្ចេកវិទ្យារបស់រដ្ឋាភិបាល រួមមាន Lockheed Martin, Microsoft និង Palantir បានបរិច្ចាគថវិកាចំនួន ១០លានដុល្លារក្នុងមួយក្រុមហ៊ុន។ របាយការណ៍បានគូសបញ្ជាក់ថា ថវិការៃអង្គាសបានជាងពាក់កណ្តាល គឺបានមកពីក្រុមហ៊ុន ឬថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានកិច្ចសន្យាអាជីវកម្មផ្ទាល់ជាមួយរដ្ឋាភិបាលសហព័ន្ធ នៅក្នុងអាណត្តិទីពីររបស់លោក ត្រាំ។ កត្តានេះបានធ្វើឱ្យក្រុមអ្នកច្បាប់ និងអង្គការឃ្លាំមើល សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី «ភាពស្មោះត្រង់ និងតម្លាភាព» ដោយពួកគេបារម្ភថា ការបរិច្ចាគសម្ងាត់នេះអាចជាទម្រង់នៃការទិញឥទ្ធិពល ឬទិញបុព្វសិទ្ធិពីរដ្ឋបាលលោក ត្រាំ។

សេតវិមាន បានបដិសេធមិនបញ្ចេញបញ្ជីឈ្មោះអ្នកបរិច្ចាគជាសាធារណៈឡើយ ដោយតំណាងសេតវិមានបានអះអាងថា ការរៃអង្គាសប្រាក់ពីឯកជននេះ គឺជាការជួយសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋអាមេរិកាំងដែលបង់ពន្ធ មិនឱ្យមករ៉ាប់រងការចំណាយលើការកែលម្អសេតវិមាននោះឡើយ។ ចំណែកក្រុមហ៊ុន Nvidia បានបញ្ជាក់ថា ការបរិច្ចាគនេះធ្វើឡើង ដើម្បីគាំទ្រប្រទេសជាតិ និងមិនពាក់ព័ន្ធនឹងផលប្រយោជន៍អាជីវកម្មឡើយ។

គួរជម្រាបថា សាលពិធីថ្មីនេះមានទំហំរហូតដល់ ៩០,០០០ ហ្វីតការ៉េ (ប្រមាណ ៨,៣៦០ ម៉ែត្រការ៉េ) និងអាចផ្ទុកភ្ញៀវបាន ១,០០០ នាក់។ ក្រៅពីប្រើប្រាស់សម្រាប់កម្មវិធីផ្លូវការ រដ្ឋបាលលោក ត្រាំ បានលើកឡើងថា អាគារនេះរួមបញ្ចូលនូវ ជម្រកការពារគ្រាប់បែក, មូលដ្ឋានវេជ្ជសាស្ត្រ, និងប្រព័ន្ធសន្តិសុខការពារប្រឆាំងដ្រូន និងមីស៊ីល ដែលចាំបាច់បំផុតសម្រាប់សន្តិសុខជាតិ៕