Google ព្រមានហានិភ័យវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ក្រោយរកឃើញចន្លោះប្រហោងសុវត្ថិភាពថ្មី
16-10-2026 11:05
(បរទេស)៖ ក្រុមហ៊ុន Google បានព្រមានថា អង្គការនានាគួរត្រៀមខ្លួនសម្រាប់ «ការកេងប្រវ័ញ្ចទ្រង់ទ្រាយធំដែលអាចកើតមាន» បន្ទាប់ពីរកឃើញចន្លោះប្រហោងសុវត្ថិភាពថ្មីមួយនៅក្នុងឧបករណ៍ជំនួយពីចម្ងាយរបស់ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតអាមេរិក BeyondTrust។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
យោងតាម Google Threat Intelligence Group និងក្រុមហ៊ុន Mandiant ការកេងប្រវ័ញ្ចចន្លោះប្រហោងនេះអាចឱ្យអ្នកវាយប្រហារចូលប្រើព័ត៌មានសម្ងាត់ បង្ហោះឯកសារដោយគ្មានការអនុញ្ញាត និងគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រដែលរងផលប៉ះពាល់។ Google បានឱ្យដឹងថា ក្រុម hackers មួយឈ្មោះ Armory Castle ដែលសង្ស័យថាមានទំនាក់ទំនងជាមួយចិន បានកេងប្រវ័ញ្ចចន្លោះប្រហោងនេះតាំងពីខែសីហា មុនពេលវាត្រូវបានបង្ហាញជាសាធារណៈ។
ចន្លោះប្រហោងនេះប៉ះពាល់ដល់កម្មវិធី BeyondTrust Remote Support ដែលស្ថាប័ននានាប្រើប្រាស់ដើម្បីឱ្យក្រុមបច្ចេកវិទ្យាព័ត៌មានវិទ្យាអាចចូលប្រើ និងដោះស្រាយបញ្ហាកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗពីចម្ងាយ។ Google ព្រមានថា បន្ទាប់ពីចន្លោះប្រហោងនេះត្រូវបានបង្ហាញជាសាធារណៈ ក្រុម Armory Castle និងក្រុម hackers ផ្សេងទៀតអាចព្យាយាមកេងប្រវ័ញ្ចវាក្នុងទ្រង់ទ្រាយធំ។
គូសបញ្ជាក់ថា Google បានជំរុញឱ្យអង្គការនានាចាត់វិធានការជាបន្ទាន់ ដោយដំឡើងបំណះសុវត្ថិភាព ឬអនុវត្តវិធានការការពារផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារ និងការពារប្រព័ន្ធរបស់ខ្លួន៕










