* ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាមនុស្សខ្លះចងចាំសុបិនបាន ខណៈអ្នកខ្លះភ្លេចភ្លាមៗក្រោយពេលភ្ញាក់?
* Google ព្រមានហានិភ័យវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ក្រោយរកឃើញចន្លោះប្រហោងសុវត្ថិភាពថ្មី
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងមហាសេដ្ឋីអាមេរិក ផ្តល់លុយរាប់រយលានដុល្លារ ចូលគម្រោងសាងសង់សាលពិធីសេតវិមាន របស់លោក ត្រាំ
* Fresh AI បើកឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» (Create Content) ដោយឥតគិតថ្លៃ ! គ្រាន់តែទម្លាក់ខ្លឹមសារ ឬសេចក្តីប្រកាសឲ្យ Fresh AI ចូលក្នុងមុខងារ Create Content នឹងជួយសរសេរអត្ថបទជូនអ្នកភ្លាម !

ក្រុមប្រទេស G7 ព្រមព្រៀងគ្នារៀបចំផែនការធំមួយ ដើម្បីទប់ទល់នឹងការវាយប្រហារសាយប័រដោយ AI

16-10-2026 14:41

(បរទេស)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បានព្រមព្រៀងគ្នារៀបចំផេនការ ដើម្បីការពារ និងឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyber attacks) ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈដែលអ្នករៀបចំគោលនយោបាយសកលលោក កំពុងខិតខំបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងហានិភ័យសន្តិសុខសាយប័រដែលកំពុងកើនឡើង។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីដើមសប្តាហ៍នេះថា ទំនុកចិត្តលើវិស័យហិរញ្ញវត្ថុអាចនឹងត្រូវរង្គោះរង្គើ ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលជំនួយដោយ AI លើសេវាសំខាន់ៗនៃគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកស្រី Katayama បានបញ្ជាក់ថា «អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បានពិភាក្សាលើគំនិត នៃការរៀបចំសមយុទ្ធលើតុស្តីពីបច្ចេកវិទ្យា AI ជំនាន់ថ្មី ហើយគំនិតនេះត្រូវបានអនុម័តផ្លូវការនៅក្នុងកម្រិតរដ្ឋមន្ត្រី»។ លោកស្រីបានថ្លែងអត្ថាធិប្បាយបែបនេះ បន្ទាប់ពីបានចូលរួមប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃក្រុមប្រទេស G7 ដែលបានរៀបចំឡើងនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF ក្នុងទីក្រុងបាងកក ប្រទេសថៃ។

មន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនម្នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានឱ្យដឹងថា ផែនការនេះនឹងរួមបញ្ចូលទាំងការធ្វើតេស្តធសាកល្បង ដែលរៀបចំឡើងដោយអាជ្ញាធរហិរញ្ញវត្ថុ G7 ដើម្បីតេស្តមើលថា តើពួកគេអាចឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ីនធឺណិតដែលដឹកនាំដោយ AI បានកម្រិតណា។ មន្ត្រីដដែលបានបន្ថែមថា លទ្ធផលទទួលបានពីការធ្វើតេស្តនេះ នឹងត្រូវយកទៅវាយតម្លៃលើប្រសិទ្ធភាពនៃពិធីសារ ដែលមានស្រាប់ និងប្រើប្រាស់ដើម្បីកែលម្អសៀវភៅណែនាំប្រតិបត្តិការឱ្យកាន់តែប្រសើរក្នុងការទប់ទល់នឹងឧប្បត្តិហេតុបែបនេះ។ លើសពីនេះ ការធ្វើតេស្តដោយក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល G7 ក៏អាចនឹងរាប់បញ្ចូលទាំងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនផងដែរ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃសមយុទ្ធនីមួយៗ។ បច្ចុប្បន្ន ស្ថាប័នគ្រប់គ្រងវិស័យធនាគារនៅទូទាំងពិភពលោក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ហានិភ័យ AI ដែលកំពុងកើនឡើង ដោយអ្នកជំនាញខ្លះបានចង្អុលបង្ហាញពីសក្តានុពលនៃការវាយប្រហារលើធនាគារ ឬសកម្មភាពខុសច្បាប់ដែលអាចបំផ្លាញស្ថិរភាពហិរញ្ញវត្ថុពិភពលោក។

គួរជម្រាបថា ក្នុងចំណោមស្ថាប័នទាំងនោះ ធនាគារកណ្តាលអង់គ្លេស កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារនានា លើជម្រើសនៃការស្តារប្រព័ន្ធឡើងវិញ ពីការវាយប្រហារសាយប័រធ្ងន់ធ្ងរ (Deep cyber-recovery options)។ អនុទេសាភិបាលធនាគារកណ្តាលអង់គ្លេស បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថាប័នហិរញ្ញវត្ថុមិនអាចគិតថារបាំងការពាររបស់ខ្លួនមានសុវត្ថិភាព ដាច់ខាតពីការវាយប្រហារដោយ AI ទៀតនោះឡើយ៕