Amazon បញ្ចេញឧបករណ៍ AI ថ្មី អាចស្តាប់ការសន្ទនា និងរំលឹកកិច្ចការប្រចាំថ្ងៃ
16-10-2026 16:33
(បរទេស)៖ ក្រុមហ៊ុន Amazon បានបញ្ចេញឧបករណ៍បច្ចេកវិទ្យាប្រើបញ្ញាសិប្បនិម្មិត (AI) ពាក់តាមខ្លួនថ្មីចំនួន ២ ប្រភេទ ក្រោមម៉ាក Bee ដែលអាចស្តាប់ និងកត់ត្រាព័ត៌មានប្រចាំថ្ងៃ ដើម្បីជួយរំលឹកអំពីកាលវិភាគ កិច្ចការត្រូវធ្វើ និងការសន្ទនាសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ឧបករណ៍ទាំងពីរនេះមានឈ្មោះថា Frontier ជាខ្សែដៃតម្លៃ ៧៥ដុល្លារ និង Eclipse ដែលមានរាងដូចថ្មសាកចល័ត អាចភ្ជាប់ជាមួយទូរសព្ទស្មាតហ្វូន តម្លៃ ១០០ដុល្លារ។ លោក Panos Panay ប្រធានផ្នែកឧបករណ៍របស់ Amazon បានថ្លែងថា៖ «ពួកវាស្តាប់អ្វីៗដែលកើតឡើងពេញមួយថ្ងៃរបស់អ្នក»។ លោកបញ្ជាក់ថា ឧបករណ៍ទាំងនេះអាចរំលឹកអ្នកប្រើប្រាស់អំពីការសន្ទនាកន្លងមក កិច្ចការដែលត្រូវធ្វើ និងអ្វីដែលពួកគេបានសន្យាជាមួយអ្នកដទៃ។
ពាក់ព័ន្ធនឹងភាពឯកជន Amazon អះអាងថា អ្នកប្រើប្រាស់អាចជ្រើសរើសពេលបើកឧបករណ៍ និងលុបព័ត៌មានសង្ខេប ឬការសន្ទនាមុនៗបាន។ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួនមិនរក្សាទុកសំឡេងដែលបានថតទេ ប៉ុន្តែទិន្នន័យត្រូវបានរក្សាទុករយៈពេល ១៤ថ្ងៃ ហើយអ្នកប្រើប្រាស់អាចពន្យាររយៈពេលនេះតាមរយៈការជាវសេវាតម្លៃ ១២ដុល្លារក្នុងមួយខែ។
គួរជម្រាបថា ការបញ្ចេញផលិតផលនេះធ្វើឱ្យ Amazon ចូលរួមប្រកួតប្រជែងក្នុងទីផ្សារឧបករណ៍ AI ពាក់តាមខ្លួន ដែលមាន Meta និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្សេងទៀត។ ទោះជាយ៉ាងណា Amazon ធ្លាប់រងការរិះគន់ពាក់ព័ន្ធនឹងភាពឯកជនរបស់អ្នកប្រើប្រាស់ជំនួយការសំឡេង Alexa កាលពីឆ្នាំ២០១៩ ហើយកំពុងប្រឈមនឹងបណ្តឹងសកម្មភាពជាក្រុមពាក់ព័ន្ធនឹងបញ្ហានេះផងដែរ៕










