ពលរដ្ឋកម្ពុជាប្រមាណ ៤,៦ លាននាក់ ទទួលបានទឹកប្រាក់ឧបត្ថម្ភជុំទី២ ពីរាជរដ្ឋាភិបាលតាមរយៈធនាគារ «វីង»
16-10-2026 17:26
(ភ្នំពេញ)៖ ស្របពេលដែលតម្លៃប្រេង និងឧស្ម័នឥន្ធនៈកំពុងកើនឡើង ដែលបង្កជាសម្ពាធហិរញ្ញវត្ថុ ដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីជួយសម្រាលដល់បញ្ហាប្រឈមនេះ គ្រួសារងាយរងគ្រោះ អាចបើកប្រាក់ឧបត្ថម្ភបានយ៉ាងងាយស្រួល នៅតាមបណ្តាញភ្នាក់ងារ វីង ជាង ១២.០០០ ទីតាំង ភ្នាក់ងារ វីងម៉ាស្ទ័រ ជាង ២០០ កន្លែង និងសាខាធនាគារ វីង ជិត ៣០ សាខា នៅទូទាំងប្រទេស។ ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈប្រមាណជា ៤,៦ លាននាក់ នឹងទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ ដោយធនាគារ វីង ជាដៃគូផ្តល់សេវាបើកប្រាក់ឧបត្ថម្ភតែមួយគត់ របស់មូលនិធិជាតិជំនួយសង្គម សម្រាប់កម្មវិធីនេះ។
ស្របពេលដែលការកើនឡើងតម្លៃប្រេង និងឧស្ម័នឥន្ធនៈកំពុងបន្ត បង្កជាសម្ពាធបន្ថែមលើការចំណាយក្នុងគ្រួសារ ការផ្តល់ជូនជំនួយហិរញ្ញវត្ថុដល់ដៃ ប្រជាពលរដ្ឋរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសម្រាលបន្ទុកជីវភាព និងស្ថានភាពលំបាកដែលបណ្តាលមកពី ការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ តាមរយៈការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គំនិតផ្តួចផ្តើមពីរាជរដ្ឋាភិបាលនេះ នឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារ គោលដៅនៅទូទាំងប្រទេស ដើម្បីជួយពួកគេក្នុងការទប់ទល់នឹងការចំណាយខ្ពស់ លើការរស់នៅនាពេលបច្ចុប្បន្ន។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា «នៅពីក្រោយការផ្តល់ប្រាក់ឧបត្ថម្ភនីមួយៗ គឺមានគ្រួសារដែលត្រូវការជំនួយ ដើម្បីសម្រាលការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ យើងទទួលស្គាល់ពីសារៈសំខាន់ នៃការផ្តល់ជំនួយនេះ ហើយប្រាកដថា ដំណើរការបើកប្រាក់ឧបត្ថម្ភក្នុងកម្មវិធីនេះ ធ្វើឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងងាយស្រួលបំផុតសម្រាប់ពលរដ្ឋដែលខ្វះខាតបំផុត។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងមូលនិធិជាតិជំនួយសង្គម ដែលបានផ្តល់ទំនុកចិត្តដល់ធនាគារ វីង ហើយយើងនៅតែប្តេជ្ញាចិត្ត យ៉ាងពេញទំហឹងក្នុងការធានាថា គ្រួសារទាំងអស់ក្នុងកម្មវិធីនេះនឹងទទួលបាន ប្រាក់ឧបត្ថម្ភយ៉ាងរលូន និងងាយស្រួល មិនថាពួកគេស្ថិតនៅទីណាក៏ដោយ»។
នាពេលកន្លងមក កម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ទទួលបានលទ្ធផលផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។ ជាក់ស្តែងទឹកប្រាក់ជាង ៩០% នៃជុំទី១ ដែលបានបើកជូនគ្រួសារគោលដៅចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមក ត្រូវបានដកយកទៅប្រើប្រាស់ដោយជោគជ័យ។ ភាពជោគជ័យនេះសបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ពីសារៈសំខាន់ នៃការចូលរួមរបស់ធនាគារ វីង ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ភាពងាយស្រួលក្នុងការទទួលបានជំនួយ តាមរយៈបណ្តាញភ្នាក់ងារ វីង ទូទាំងប្រទេស។
ក្នុងនាមជាធនាគារខ្មែរ ១០០% ដែលមានបទពិសោធយ៉ាងទូលំទូលាយ ក្នុងការផ្តល់សេវាកម្មទូទាត់ និងប្រមូលប្រាក់ជូនរាជរដ្ឋាភិបាល ធនាគារ វីង បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់កម្មវិធីជំនួយសាធារណៈ ជាមួយសហគមន៍នៅទូទាំងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ មានចំនួន ៤ ជុំ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែកញ្ញា ថ្ងៃទី១៦ ខែតុលា ថ្ងៃទី១៦ ខែវិច្ឆិកា និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
តាមរយៈកម្មវិធីនេះ គ្រួសារដែលស្ថិតក្នុងគម្រោងនឹងទទួលបាន ជំនួយហិរញ្ញវត្ថុផ្អែកលើទីតាំង និងទំហំគ្រួសារនីមួយៗ៖
* នៅរាជធានីភ្នំពេញ៖ ទទួលបាន ៦០.០០០ រៀល ក្នុងមួយគ្រួសារ បូកបន្ថែម ៥.០០០ រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ។
* នៅតំបន់ទីប្រជុំជនផ្សេងទៀត៖ ទទួលបាន ៤៨.០០០ រៀល ក្នុងមួយគ្រួសារ បូកបន្ថែម ៥.០០០ រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ។
* នៅតំបន់ជនបទ៖ ទទួលបាន ៤០.០០០ រៀល ក្នុងមួយគ្រួសារ បូកបន្ថែម ៥.០០០ រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ។
អ្នកទទួលផលក្រោម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ អាចដកប្រាក់ឧបត្ថម្ភជុំទី២ បានចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះតទៅ ដោយគ្រាន់តែភ្ជាប់បណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នៅតាមទីតាំងផ្តល់សេវារបស់ធនាគារ វីង ដែលនៅជិតបំផុតនៅទូទាំងប្រទេស។
ធនាគារ វីង សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលទទួលផលប្រយោជន៍ពីកម្មវិធីនេះទាំងអស់ ឱ្យពិនិត្យព័ត៌មានអំពីការទទួលជំនួយរបស់ខ្លួន និងទៅទទួលប្រាក់ឧបត្ថម្ភនៅទីតាំងផ្តល់សេវាកម្ម ដែលនៅក្បែរកន្លែងរស់នៅរបស់ពួកគេ។
ប្រជាពលរដ្ឋទទួលផលក្រោមកម្មវិធីនេះទាំងអស់ អាចស្វែងរកទីតាំងផ្តល់សេវាដែលនៅជិតបំផុតតាមរយៈ Locator | Wingbank Cambodia ឬទាក់ទងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩ សម្រាប់ព័ត៌មានបន្ថែម និងការគាំទ្រផ្សេងៗ៕




