* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba
* ឥណ្ឌា ក្លាយជាប្រទេសចុងក្រោយគេ រាយការណ៍ពីសកម្មភាពមិនប្រក្រតីរបស់ AI Agent

ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

17-10-2026 20:19

(ភ្នំពេញ)៖ កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូនិម្មិតជើងឯកអាស៊ីអាគ្នេយ៍ Southeatasia Virtual Taekwondo Choi Yongsok VTKD International Cup 2026 រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦ នៅសាលាអន្ដរជាតិ AISPP រាជធានីភ្នំពេញ។

ការប្រកួតតេក្វាន់ដូនិម្មិតនេះ គឺជាការប្រកួតកីឡាបែបឌីជីថល ដោយកីឡាករត្រូវប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យា ដែលចៀសវាងនូវការប៉ះទង្គិចរាងកាយផ្ទាល់។ ព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកចំនួន ៩៦នាក់ មកពី ៥ប្រទេសចូលរួម គឺមានសិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដែលត្រូវប្រកួតលើ ១២វិញ្ញាសា និងបែងចែកជា ៤កម្រិតអាយុ ចាប់ពីកម្រិតក្រោមអាយុ ១៤ឆ្នាំ រហូតអាយុ ៣៥ឆ្នាំឡើង។

ថ្លែងក្នុងពិធីបើកការប្រកួតលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍តេក្វាន់ដូនិម្មិតថ្នាក់តំបន់នេះ ដោយចាត់ទុកជាបទពិសោធន៍ និងជាការតេស្ដមួយដ៏ល្អ សម្រាប់កម្ពុជា ក៏ដូចជាសហព័ន្ធ ក្នុងការត្រៀមចូលរួមប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២៧ ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិចំនួន២ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ផងដែរ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីព្រឹត្តិការណ៍ខាងលើ ត្រូវបានរៀបចំតាមស្ដង់ដារអន្ដរជាតិ ដោយមានការចូលរួមពីក្រុមជំនាញការបរទេស ដែលអាចចែករំលែកនូវបទពិសោធន៍ល្អៗដល់មន្ដ្រីបច្ចេកទេសរបស់សហព័ន្ធបានរៀនសូត្រពីការរៀបចំ ពិសេសគឺការជួយពង្រឹងសមត្ថភាព និងជំរុញគោលដៅរបស់កីឡាករ-កីឡាការិនីកម្ពុជា ។ ដូច្នេះការប្រកួតនេះ ក៏ជាការធ្វើតេស្ដមួយ ដើម្បីបានមើលឃើញពីចំណុចខ្លាំង និងចំណុចខ្សោយ ហើយងាយស្រួលសម្រាប់សហព័ន្ធ ក៏ដូចជាគ្រូ ក្នុងការពិនិត្យពិចារណាក្នុងការដុសខាតសមត្ថភាពពួកគេឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់នាថ្ងៃអនាគត។

ទន្ទឹមជាមួយគ្នាលោក ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ បានលើកឡើងថា នេះជាការបោះជំហានថ្មីមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូកម្ពុជា ស្របតាមភាពរីកចម្រើននៃសម័យឌីជីថល និងឆ្លើយតបកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើនការប្រកួតប្រជែង និងឆ្ពោះទៅរកភាពជោគជ័យថ្មីៗ ក្នុងការប្រកួតលើឆាកអន្ដរជាតិ បន្ថែមលើអ្វីដែលសហព័ន្ធធ្លាប់សម្រេចបាននាពេលកន្លងមក ដូចជាការឈ្នះមេដាយកីឡាអាស៊ី និងការជាប់វគ្គជម្រុះកីឡាអូឡាំពិកជាដើម។

យោងតាមគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍ដែលកម្ពុជាបានរៀបចំធ្វើម្ចាស់ផ្ទះនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ Southeatasia Virtual Taekwondo Series 2026 ដែលផ្ដួចផ្ដើមរៀបចំដោយសិង្ហបុរី។ កម្ពុជា គឺជាប្រទេសម្ចាស់ផ្ទះទី៣ បន្ទាប់ពីម៉ាឡេស៊ី និងថៃ មុនបន្ដរៀបចំការប្រកួតនៅឥណ្ឌូនេស៊ី នាខែវិច្ឆិកា ហើយកីឡាករ-កីឡាការិនីជ័យលាភីតាមប្រទេសនីមួយៗ នឹងទទួលបានសិទ្ធចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសសិង្ហបុរី នាដើមខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕