* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ការបង្កើតកំណត់ត្រាថ្មីលើទឹកដីអាមេរិករបស់ សាលី អ៊ូមើត ធ្វើឲ្យម្ចាស់ជើងឯក ១០សម័យ Jean Bruno មានការអៀនខ្មាស់

18-10-2026 14:27

(ភ្នំពេញ)៖ ការបង្កើតកំណត់ត្រាដ៏អស្ចារ្យរបស់វីរកីឡាករ សាលី អ៊ូមើត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ នៅសហរដ្ឋអាមេរិក បានបង្កការភ្ញាក់ផ្អើលជាខ្លាំង សូម្បីកីឡាករជើងខ្លាំងបារាំង Jean Bruno Pastorello ដែលជាម្ចាស់ជើងឯក ១០សម័យក៏មានការអៀនខ្មាស់ រហូតមិនចូលរួមពិធីបំពាក់មេដាយផងដែរ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាករម៉ូតូទឹកឆ្នើមរបស់កម្ពុជា ក្នុងលើវិញ្ញាសា Pro Am Runabout Endurance កាលពីថ្មីៗ។

នេះបើតាកមារបញ្ជាក់របស់ អ៊ូមើត បន្ទាប់ពីលោកបានដឹកនាំក្រុមម៉ូតូទឹកជម្រើសជាតិកម្ពូជា ត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ជាមួយមេដាយសរុបចំនួន ៩គ្រឿង (មាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ២) ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា រួមជាមួយតំណាងក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ សាច់ញាតិ និងអ្នកគាំទ្រជាច្រើន នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ការដណ្ដើមបានមេដាយដ៏ច្រើន ដ្បិតកម្ពុជាមានត្រឹមកីឡាករ ៦រូបចូលរួម ពិសេសមេដាយមាស ដែលឈ្នះលើវិញ្ញាសាខ្ពស់ៗ បានធ្វើឲ្យ សាលី អ៊ូមើត ដែលជាប្រធានក្រុមមានមោទនភាព ហើយថា សមិទ្ធផលទាំងអស់នេះ លេចជារូបរាងបាន អាស្រ័យប្រទេសជាតិមានសុខសន្ដិភាព ហើយលោកក៏បានថ្លែងអំណរគុណ និងដឹងគុណជាពិសេសចំពោះស្ថាបនិកសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ដ្រី ហើយបន្ដដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

អនុប្រធានទី១ របស់សហព័ន្ធដដែលបន្ដថា មុនការប្រកួតវិញ្ញាសាដ៏ធំ ២ថ្ងៃ ខ្លួនបានរងរបួសជើង ដោយសារធ្លាក់ពីលើម៉ូតូ កំឡុងការប្រកួតវិញ្ញាសា Pro Sport GP ដែលខ្លួនស្ទើរបោះបង់ការប្រកួត តែដោយសារជាបេសកកម្មតំណាងជាតិ ខ្លួនបានព្យាយាមលេបថ្នាំ ហើយស្ថានភាពរបួសល្អប្រសើរ អ៊ូមើត ក៏សម្រេចចូលរួមប្រកួត Pro Am Runabout Endurance ទាំងមានការរារាំងពីប្រធានក្លិប និងគ្រូបង្វឹក ដ្បិតជាវិញ្ញាសាធំជាងគេប្រចាំព្រឹត្តិការណ៍ ដែលខ្លួនប៉ង់ចង់ប្រកួតលើទឹកដីមហាអំណាច រហូតសម្រេចបានសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល។

អ៊ូមើត បន្ដថា វិញ្ញាសា Pro Am Runabout Endurance នេះ មានកីឡាករល្បីៗជុំវិញពិភពលោកចូលរួម ហើយមិនធ្លាប់មានកីឡាករអាស៊ីណាម្នាក់ឈ្នះមេដាយមាសលើវិញ្ញាសានេះឡើយ តែកំណត់ត្រានេះ ត្រូវបានខ្លួនបំបែក ហើយកាន់តែភ្ញាក់ផ្អើល គឺការវ៉ាឈ្នះកីឡាករបារាំង Jean Bruno ដែលគ្រងជើងឯក ១០ឆ្នាំជាប់គ្នា មិនធ្លាប់មានកីឡាករណាផ្ដួល។ ជ័យជម្នះដ៏អស្ចារ្យនេះ មិនត្រឹមបង្កការចាប់អារម្មណ៍ដល់កីឡាករចូលរួមនោះទេ សូម្បីម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបច្រើនសម័យ Jean Bruno ក៏មានការខ្មាស់អៀន រហូតមិនបានចូលរួមពិធីបំពាក់មេដាយក្រោយចប់ការប្រកួតទៀតផង។

វីរកីឡាករ សាលី អ៊ូមើត សង្កត់ធ្ងន់ថា «ឆ្នាំនេះខ្ញុំបានវ៉ាទៅលើកីឡាករ Jean Bruno គឺខ្ញុំបានបំបែកកំណត់ត្រាយកលេខ១ ទាំង ២ជុំ ធ្វើឲ្យគាត់មានការអៀនខ្មាស់ ហើយគាត់មិនបានចូលរួមពិធីបំពាក់មេដាយទេ គាត់បានដកខ្លួនចេញ។ នេះពិតជាមិនធម្មតាទេ ហើយនេះគឺជាសមត្ថភាពដែលយើងអាចបបង្ហាញលើឆាកអន្ដរជាតិ ក៏ដូចជាពិភពលោកឃើញថា ប្រទេសកម្ពុជាតូចមែនតែបេះដូងធំ ហើយក៏មានកីឡាករមានមានសក្ដានុពល និងមានសមត្ថភាពខ្លាំងផងដែរ»។

ក្នុងឱកាសនោះដែរ លោក ណុះ ស្លេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមម៉ូតូទឹកកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់វីរកីឡាករ សាលី អ៊ូមើត ដែលបានលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ តាមរយៈការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិមាតុភូមិ ជាក់ស្ដែងព្រឹត្តិការណ៍ Jet Ski World Series 2026 ជុំទី២ ប្រចាំទ្វីបអាមេរិក នៅសហរដ្ឋអាមេរិក ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយរហូតដល់ ៩គ្រឿង ហើយលោកសង្ឃឹមថាអនាគតក្រុមម៉ូតូទឹកកម្ពុជា នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្រោមកិច្ចខិតខំរបស់សហព័ន្ធ កីឡាករ និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។

សូមរំឮកថា Jet Ski World Series គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជាពានដ៏ធំប្រចាំ ៣ទ្វីប ដោយបែងចែកការប្រកួតជា ២ជុំ។ សម្រាប់ឆ្នាំនេះ ជុំទី១ ប្រចាំទ្វីបអឺរ៉ុប បានប្រកួតនៅប្រទេសប៊ុលហ្គារី កាលពីខែកក្កដា ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយមាស ៥ និងប្រាក់ ២ មុនការប្រកួតជុំទី២ នៅអាមេរិក ដែលទើបបញ្ចប់កាលពីដើមសប្ដាហ៍កន្លងទៅ កម្ពុជាឈ្នះមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ២ សរុប ៩គ្រឿង ខណៈជុំទី៣ ដែលជាការប្រកួតប្រចាំទ្វីបអាស៊ី គ្រោងធ្វើនៅប្រទេសថៃ នាដើមឆ្នាំ២០២៧ ហើយក្រុមម៉ូតូទឹកកម្ពុជា ក៏កំពុងពិនិត្យលទ្ធភាព និងស្នើសុំគោលការណ៍ដើម្បីចូលរួមផងដែរ៕